កណ្តាល៖ រថយន្តហ៊ីយ៉ានដាយ ពីរគ្រឿងបើកបរ ច្រាសទិសគ្នា បុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យកម្មករ កម្មការិនីជិះ លើរថយន្តរង របួសធ្ងន់ស្រាល ៣៩នាក់ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៦និង៤៨នាទី ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រលេខ ៣៣និង៣៤ ភូមិក្រាំងឈើនៀង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាក ហ៊ីយ៉ានដាយ ពណ៌ខៀវពាក់លេខ ភ្នំពេញ 3A-2492 បើកបរដោយឈ្មោះ វ៉ាត សុភ័ស ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅស្រុកបាទី ខេត្តតាកែវ ជារថយន្តដឹកកម្មករ កម្មការិនី ចំណែក រថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ានដាយ ពណ៌សរពាក់លេខ ភ្នំពេញ 3C-0336 បើកបរដោយឈ្មោះ ណាន់ សុភា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅឃុំ អន្លុងរមៀត ស្រុកកណ្តាលស្ទឺង ខេត្តកណ្តាល ជារថយន្តដឹកឥវ៉ាន់ អ្នកបើកបរពុំ មានរងរបួសនោះទេ ។

នគរបាលបានបន្តថា មុនពេលកើតហេតុ រថយន្តដឹកម្មករ កម្មការិនីទៅកាន់ រោងចក្រក្នុងទិសដៅ ពីត្បូងទៅជើង ដោយសារតែបើកបរ លឿនពេក លុះដល់ចំណុច កើតហេតុ ស្រាប់តែជ្រុលចង្កូត ទៅបុកជាមួយរថយន្ត ដឹកឥវ៉ាន់យ៉ាង ពេញទំហឹង បណ្តាលឲ្យកម្មករ កម្មការិនីនៅ លើរថយន្តនោះ រងរបួស ៣៩នាក់ក្នុងនោះ ធ្ងន់ធ្ងរម្នាក់ ចំណែកឯអ្នកបើកបរ រថយន្តទាំងពីរគ្រឿង គ្រាន់តែរងរបួស បន្តិចបន្តួចប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ ត្រូវបាននគរបាល ស្រុកកណ្តាលស្ទឹង ចុះទៅអន្តរាគមន៍ និងបានហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះទាំងអស់ យកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ អាយុជីវិតជាបន្ទាន់ ចំណែកវត្ថុតាង ទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុកជា បណ្តោះអាសន្ន ដើម្បីចាំដោះស្រាយ គ្នាជាក្រោយ ។

នគរបាលបានបន្ថែមថា អ្នករងរបួសទាំងអស់ មានមួយចំនួន ត្រូវបានក្រុមគ្រួសារដឹក តាមរយៈម៉ូតូយកកាន់ លំនៅដ្ឋានផងដែរ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]