ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បម្រើការនៅហាងខារ៉ាអូខេយីហោពន្លឺនាគទិព្វ ស្ថិតក្នុងភូមិក្បាល ស្ពាន១ សង្កាត់ ប៉ោតប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានបុរសម្នាក់ ដែលជាអតីតប្រុសស្នេហ៍ ចូលវាយធ្វើបាបដល់ ក្នុងបន្ទប់ស្នាក់នៅរបស់នាង បណ្តាលឱ្យហើម មុខនិងជាំ ដៃជើង បន្ទាប់ពីមានការ ជេរគ្នាមួយប្រាវ ហើយផ្តាច់ទូរស័ព្ទ ។ ហេតុការណ៍នេះ បានកើតទ្បើងកាល ពីវេលាម៉ោងជាង ៨យប់ ថ្ងៃទី២៦ សីហា ។

ស្ត្រីរងគ្រោះឈ្មោះ វ៉ាន់ សុភ័ណ អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅក្រុងសៀមរាប ខេត្តសៀមរាប រៀបរាប់ថា បុរសឈ្មោះ យ៉ង ពិសិដ្ឋ អាយុប្រហែល ជាង៣០ឆ្នាំ ជាអ្នកនាំពលករទៅធ្វើការ នៅប្រទេសថៃ របស់ក្រុមហ៊ុនមួយ និងមានទីលំនៅ ក្នុងក្រុងប៉ោយប៉ែត ហើយក៏ជា អតីតសង្សារ បានចូលវាយ នាងដល់ក្នុងបន្ទប់ ។ មុនមានហេតុការណ៍កើតទ្បើង បុរសជាអតីតសង្សារ បានទូរស័ព្ទជេរនាង ហើយនាងក៏ជេរវិញ ស្រាប់តែអតីត សង្សារនោះនិយាយថា នឹងមកវាយនាង ។

ក្រោយផ្តាច់ទូរស័ព្ទមួយសន្ទុះ ក៏ឃើញបុរសនោះម កដល់បន្ទប់ និងវាយនាងតែម្តង ។ នាងប្រាប់ទៀតថា ធ្លាប់រស់នៅ ជុំគ្នាជាសង្សារ ប៉ុន្តែរយៈពេលខ្លីបាន ប្រហែលជិត១០ថ្ងៃប៉ុណ្ណោះ ក៏បែកគ្នាវិញ ។ ក្រោយកើតហេតុ បុរសរូបនេះត្រូវសមត្ថកិច្ចកង រាជអាវុធហត្ថមកឃាត់ ខ្លួនយកទៅមូលដ្ឋានកង រាជអាវុធហត្ថក្រុង ប៉ោយប៉ែត ដើម្បីសួរនាំ ។

ជុំវិញបញ្ហាខាងលើ ជនឈ្មោះ យ៉ង ពិសិដ្ឋ ដែលជាប់ចោទមិនអាច សួរនាំសុំការបំភ្លឺបានទេ ព្រោះ កងរាជអាវុធហត្ថបាន នាំខ្លួនចេញទៅបាត់ តែរឿងបុរសវាយដំ ស្ត្រីភេទបែបនេះ គឹជាការអាម៉ាស់សម្រាប់ បុរសទូទៅណាស់ ។ ចំណែកស្ត្រីរងគ្រោះ ត្រូវបានសាច់ញាតិនាំ ទៅព្យាបាលនៅ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺប៉ោយប៉ែត ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត បន្ទាប់មកសាច់ញាតិក៏នាំទៅ ដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកង រាជអាវុធហត្ថក្រុង ប៉ោងប៉ែតទាំងយប់ ដើម្បីទាមទារ រកយុត្តិធម៌ ។

នៅរសៀលថ្ងៃទី២៧ សីហា នាង វ៉ាន់ សុភ័ណ ដែលជាជនរងគ្រោះបាន ប្រាប់តាមទូរស័ព្ទថា រឿងរ៉ាវ របស់នាងនិង បុរសនោះ បានដោះស្រាយ ចប់ហើយ ប៉ុន្តែពេលសួរពី សំណងថា តើទទួលបានយ៉ាងណា បែរជានាងប្រាប់ថា ជាប់រវល់ហើយ ក៏បិទទូរស័ព្ទ ។ ចំណែកឈ្មោះ យ៉ង ពិសិដ្ឋ បានប្រាប់តាមទូរស័ព្ទថា រឿងរ៉ាវខាងលើកើតទ្បើង ផ្តើមចេញពីការឈ្លោះគ្នា តិចតួចនិងវាយគ្នាទៅវិញ ទៅមកតែប៉ុណ្ណោះ ។ បុរសរូបនេះម្តងនិយាយថា ជនរងគ្រោះព្រម ទទួលសំណង ប៉ុន្តែនិយាយថា រវាងរូបគេនិងនាង ធ្លាប់រស់នៅជុំគ្នាជិត១ខែ ហើយថាក្រោយការ ដោះស្រាយបញ្ហាចប់ គឺព្រមរស់នៅជា មួយគ្នាជាប្តីប្រពន្ធវិញ ។

លោក ជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់កោះសន្តិភាព តាមទូរស័ព្ទនៅ រសៀល ថ្ងៃទី២៧ សីហា ថា បញ្ហាខាងលើលោក កំពុងឱ្យមន្ត្រីក្រោមឱវាទ សួរនាំតាមនីតិវិធី ហើយបើភាគី ទាំង២ ព្រមព្រៀងគ្នាវិញ ជាការប្រសើរ តែបើពួកគេដោះ ស្រាយគ្នាមិនត្រូវ មានតែបញ្ជូនសំណុំរឿង ទៅបញ្ជាការដ្ឋានខេត្ត ដើម្បីចាត់ការបន្ត ៕ 

ស្ត្រីដែលអតីតប្រុសស្នេហ៍វាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]