ចិន៖ ក្មេងប្រុសជំទង់២នាក់ ដែលជាចោរលួចទា នៅក្នុងភូមិ Guangxi ត្រូវអ្នកភូមិ ដាក់ទណ្ឌកម្មឲ្យ លុតជង្គង់នៅតាមផ្លូវ ហើយពាំសត្វទា ដែលពួកគេលួច ដើម្បីឲ្យដឹងខ្លួនខុស និងកែប្រែទម្លាប់ ឈប់លួចទៀត។

យោងតាមប្រភពព័ត៌មាន របស់ Net Ease Money បានឲ្យដឹងថា នៅពេលដែលចាប់បាន ក្មេងប្រុសជំទង់ ដែលមិនត្រូវបាន គេស្គាល់ឈ្មោះ មានអាយុ ១៤ឆ្នាំ ទាំង២នាក់នេះហើយ ក្រុមអ្នកភូមិ សម្រេចចិត្ត មិនប្តឹងប៉ូលីស ហើយធ្វើការដាក់ទោស ពួកគេដោយខ្លួនឯង។ អ្នកភូមិ ដាក់ដាក់ទណ្ឌកម្ម ក្មេងទាំង២នាក់នេះ ដោយឲ្យពួកគេទាំង២នាក់ លុតជង្គង់សុំទោស នៅតាមផ្លូវសាធារណៈ រួចដាក់ឲ្យខាំពាំសត្វទា ដែលពួកគេ បានលួច។

ដោយសារតែ អ្នកភូមិខឹងខ្លាំងពេក ក៏យកសត្វទា២ក្បាល ទៅដាក់ពាក់នឹងក របស់ក្មេងទាំង២នាក់នេះ បន្ថែមទៀត ដើម្បីធ្វើឲ្យពួកគេ ខ្មាសគេ ចេះដឹងកំហុស និងកែខ្លួន ឈប់លួច តទៅទៀត។ ក្នុងនោះដែរ មានអ្នកភូមិម្នាក់ បានឲ្យដឹងថា ក្មេងប្រុសទាំង២នាក់នេះ ជាក្មេងខ្ជិល មិនធ្វើការងារអ្វីទេ គឺគិតតែពីផឹកស្រា និងជក់បារីប៉ុណ្ណោះ ហើយតែងតែលួច របស់របរអ្នកស្រុក ដើម្បីយកទៅទិញ ស្រា និងបារី។

ជាមួយគ្នានេះដែរ រូបថតដែល អ្នកភូមិធ្វើការ ដាក់ទណ្ឌកម្ម ទៅលើក្មេងប្រុស ទាំង២នាក់នេះ ត្រូវបានគេបង្ហោះចូល ទៅក្នុងបណ្តាញសង្គម របស់ចិន ដែលធ្វើឲ្យអ្នក ប្រើប្រាស់ខ្លះ បង្ហាញនូវការមិនពេញចិត្ត ចំពោះការដាក់ ទណ្ឌកម្មបែបនេះ។ អ្នកនិយមលេង អ៊ីនធើណេតទាំងនោះ ក៏បានបញ្ចេញមតិ ទៅលើរូបថតនោះថា “ការដាក់ទោសនេះ គួរតែត្រូវបានធ្វើ ទៅតាមនីតិវិធីច្បាប់ ហើយវានឹងក្លាយ ទៅជាគំរូមិនល្អ ដែលខុសនឹងច្បាប់ ដោយការធ្វើទារុណកម្ម លើរាងកាយ”។

យ៉ាងណាមិញ ក្រោយពីមាន ហេតុការណ៍ ដាក់ទណ្ឌកម្ម ចោរលួចទា ដោយខ្លួនឯងនេះ ប៉ូលីសក៏បាន រំឭកសាធារណៈជនថា បើអ្នកណា ចាប់បានចោរ គឺត្រូវតែប្រគល់ខ្លួន ពួកគេទៅឲ្យ អាជ្ញាធរ និងមិនឲ្យមាន ការដាក់ទោស លើរាងកាយ ចោរទាំងនោះ ដោយខ្លួនឯង។ អ្នកដែលបាន រួមគ្នា ដាក់ទោសជនសង្ស័យ នឹងត្រូវទទួលទោស ចំពោះមុខច្បាប់ ហើយប្រឈមមុខនឹង ការជាប់ទោសផងដែរ៕





ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]