ចិន៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Shilin អាយុ២៨ឆ្នាំ រស់នៅ ទីក្រុង Jinan ខេត្ត Shandong ភាគខាងជើង ប្រទេសចិន បានជិះសេះ ទៅធ្វើការជា រៀងរាល់ថ្ងៃ ព្រោះតែមិនចង់ បំពុលបរិស្ថាន ដោយការជិះរថយន្ត។

ជាមួយគ្នានេះដែរ លោក Shilin បានឲ្យដឹងថា មូលហេតុដែលគាត់ ប្រើសត្វសេះ ជាយាន្តជំនិះនេះ គឺដោយសារតែ ការធ្វើដំណើរនៅតាមផ្លូវ ចង្អៀត និងមានការ កកស្ទះពេក ណាមួយផ្សែង ដែលចេញពី យាន្តយន្តទាំងនោះ បានបំពុលបរិស្ថាន យ៉ាងធ្ងន់ធ្ងរផងដែរ។ ហើយការជិះសេះ ទៅធ្វើការអាច ធ្វើឲ្យគាត់អាចធ្វើដំណើរ តាមផ្លូវដែលមាន ដើមឈើពណ៌បៃតង និងអាចស្រូបយក ខ្យល់អាកាសបរិសុទ្ធ ជារៀងរាល់ថ្ងៃ ថែមទៀតផង។

តាមពិតទៅលោក Shilin ក៏មានរថយន្ត មួយគ្រឿងដែរ ប៉ុន្តែគាត់ចូលចិត្តជិះ នៅលើខ្នងសេះជាង ដោយចំណាយពេល តែ១០នាទីប៉ុណ្ណោះ ដើម្បីធ្វើដំណើរនៅលើ ខ្នងសេះពីផ្ទះ ទៅកន្លែងធ្វើការ។ លោក Shilin ក៏បាននិយាយទៀតថា គាត់បាននិយាយទៅកាន់ សត្វសេះរបស់គាត់ ជារៀងរាល់ថ្ងៃ ហើយបានចាត់ទុកវា ជាផ្នែកមួយនៃ គ្រួសាររបស់គាត់ផងដែរ។

យ៉ាងណាមិញ លោក Shilin បានចំណាយប្រាក់ ជាង ១,៦០០ដុល្លារ ទៅលើសេះ ម៉ុងហ្គោលី មួយក្បាលនោះ ហើយគាត់ក៏បាន បណ្តុះបណ្តាលវា ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានការគាំទ្រ ពីក្រុមគ្រួសារ។ គាត់ក៏បានទិញ កូនសេះអាមេរិក តូចមួយសម្រាប់ កូនស្រីអាយុ៤ឆ្នាំ ព្រោះតែនាង ស្រលាញ់ និងចូលចិត្តសេះ ខ្លាំងណាស់៕






ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]