ខេត្តព្រះសីហនុ ៖ សំណង់ហ៊ុមព័ទ្ធ យកដីឆ្នេរសមុទ្រ និងសំណង់លំនៅដ្ឋាន នៅលើដីឆ្នេរសមុទ្រ មួយកន្លែង ផ្សេងទៀត ដែលមានទីតាំង ស្ថិតនៅជិត រោងចក្រប្រេងកាត ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កំពុងតែដំណើរការ សាងសង់ រំលោភយក ដីឆ្នេរសមុទ្រ ធ្វើជាកម្មសិទ្ធ ផ្ទាល់ខ្លួន ។ បើតាមប្រភព ដែលនិយាយ ក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា សំណង់របង ហ៊ុមព័ទ្ធយក ដីឆ្នេរនោះ ជារបស់មន្ត្រីធំម្នាក់ គ្រប់គ្រងនៅឃ្លាំង ស្តុកប្រេងរបស់ ក្រុមហ៊ុនមួយ ដោយឡែកសំណង់ លំនៅដ្ឋាន នៅលើដីឆ្នេរសមុទ្រ មួយកន្លែង ផ្សេងទៀតនោះ មានម្ចាស់ឈ្មោះ ឡេង ម៊ូសុង មានតួនាទី ជាអនុប្រធាន ក្រុមសន្តិសុខ នៃក្រុមហ៊ុន ប្រេងជាមួយគ្នានោះ ។

លោក ហាក់ វីយា ទទួលបន្ទុក ការងារសំណង់ នៅការិយាល័យ រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ស្រុកស្ទឹងហាវ បានបញ្ជាក់ ឱ្យដឹងតាមទូរស័ព្ទ នៅរសៀល ថ្ងៃទី២៨ សីហា ២០១៤ ថា សំណង់ទាំង ២កន្លែងខាងលើ ពុំមានច្បាប់ អនុញ្ញាតឡើយ ដោយហេតុថា គេអាងខ្លួន គេជាមន្ត្រីធំៗ ហើយលោក ក៍ទើបទទួលបាន ព័ត៌មានផ្ដល់ឱ្យ ពីអ្នកសារព័ត៌មាន ។ លោកថា សំណុំរឿងនេះ លោកនឹងធ្វើ របាយការណ៍ ជូនទៅមន្ទីរ រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ ដើម្បីមាន វិធានការបន្តទៀត ។ ចំណែកលោក ឆាយ សុគន្ធដា អភិបាលរង ស្រុកស្ទឹងហាវ បានឱ្យដឹង នារសៀល ថ្ងៃទី២៨ សីហា ២០១៤ ថា លោកបានធ្វើការ ហាមឃាត់ម្ដង រួចមកហើយ ម្ចាស់សំណង់ បានផ្អាក ការសាងសង់ ប៉ុន្តែស្រាប់តែ ពេលនេះ លេចឮរឿងនេះ ឡើងវិញ លោកនឹងចាត់ ឱ្យមន្ត្រីជំនាញ ចុះទៅត្រួតពិនិត្យ ឫក៏ផ្អាកសកម្មភាព ក្នុងករណី មិនអនុវត្ត តាមការណែនាំ របស់អាជ្ញាធរ យើងនឹងចាត់ការបន្ត ទៅតាមនីតិវិធីច្បាប់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]