ភ្នំពេញ ៖ នគរបាល ព្រហ្មទណ្ឌកម្រិត ស្រាល និងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅ រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤នេះ បានបញ្ជូនជនសង្ស័យ ពីរនាក់ ទៅ កាន់តុលាការ ដើម្បីធ្វើការសួរនាំនិងចាត់ការបន្ដតាម ផ្លូវ ច្បាប់ ដែលជនសង្ស័យម្នាក់ ពាក់ព័ន្ធនិង ការសម្លាប់ ប្លន់យក ម៉ូតូពីបុគ្គលិករដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ នៅចំណុចក្រុមទី៦ ភូមិ ៣ ផ្លូវកែងចិន្ដា សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ និងជនសង្ស័យម្នាក់ ពាក់ព័ន្ធ ទៅនឹងការព្រួតវាយ និងបាញ់ យុវជន ម្នាក់ នៅក្រុម ទី៥ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនសង្ស័យទាំងពីរនាក់ ដែលប្រព្រឹត្ដបទ ល្មើសផ្សេងគ្នា ត្រូវបានកម្លាំងនគរបាលការិ យាល័យកណ្ដាល យុត្ដិធម៌ រាជធានីភ្នំពេញ ក្រោម ការ បញ្ជាផ្ទាល់ពី សំណាក់ស្នងការ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការ រង លោកឧត្ដមសេនីយ៍ ជួន  ណារិន្ទ បើក ការ ស្រាវជ្រាវ តាមជំនាញរបស់ខ្លួនយ៉ាងយក ចិត្ដទុកដាក រហូតដល់តាមចាប់ពួកគេទាំងពីរនាក់ ជាបន្ដបន្ទាប់ កាលពីប៉ុន្មានថ្ងៃមុននេះ ។

មន្ដ្រីនគរបាលការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល រាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យដែល ត្រូវបានឃាត់ខ្លួនខាងលើ នេះ ឈ្មោះ ស៊ុន រីនី អាយុ២២ឆ្នាំ រស់នៅផ្ទះ លេខ១១០E0ផ្លូវវិហារចាម ភូមិ២ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលជន សង្ស័យ រូបនេះ បានធ្វើសកម្មភាពវាយប្លន់ ជនរងគ្រោះបាន សម្រេចនៅវេលាម៉ោង១០ យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤។

ក្នុងករណីនេះ បានបណ្ដាលឱ្យជនរងគ្រោះ ឈ្មោះរស់ ចាន់ទ្រា អាយុ៣១ឆ្នាំ ជាមន្ដ្រីរដ្ឋាករទឹក ស្វយ័ត រាជធានី ភ្នំពេញ ស្លាប់នៅ កន្លែងកើត ហេតុ លុះព្រឹកឡើងថ្ងៃទី១៩ ខែសីហា ទើបមានការភ្ញាក់ផ្អើល នៅពេលប្រជាពលរដ្ឋ ប្រទះឃើញសព ។

នាយការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល លោកប៊ុន សត្យា បានឱ្យដឹងថា ក្រោយពី បញ្ចប់ការសួរ នាំរួចមក នៅរសៀលថ្ងៃ ដដែលនេះ នគរបាលរបស់លោកបានបញ្ជូន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ។

ចំពោះប្រតិបត្ដិការ តាមចាប់ខ្លួន ជនសង្ស័យ រូបនេះ ត្រូវបាន លោក ប៊ុន សត្យា លើកឡើង បន្ថែមថា បានចូលរួមកាត់បន្ថយ បទល្មើស ជាច្រើន នៅក្នុងភូមិ ព្រោះតែជា មុខសញ្ញា មិនមែន វាយប្លន់ម៉ូតូ មន្ដ្រីរដ្ឋាករទឹកនោះទេ ប៉ុន្ដែជាមុខសញ្ញា លួចគាស់ផ្ទះ និងលួចទូរស័ព្ទ ច្រើនករណីផ្សេងទៀត ធ្វើឱ្យប្រជាពលរដ្ឋ នៅទីនោះមានការភ័យខ្លាច ។

នាយការិយាល័យ រូបនេះ បានបន្ដថា ក្រោយពីការចាប់ខ្លួនភ្លាម មានប្រជាពលរដ្ឋ ៧៦នាក់ បានដាក់ពាក្យ បណ្ដឹងមកកាន់ នគរបាល របស់ លោក ចំពោះករណីប្រព្រឹត្ដ ដែលបង្កឡើង ដោយជនសង្ស័យនេះ ។ បើតាម លោក ប៊ុន សត្យា ប្រជាពលរដ្ឋ សប្បាយចិត្ដ យ៉ាងខ្លាំង នៅពេលដែល សមត្ថកិច្ចបានបង្ក្រាប និងចាប់ខ្លួនមុខ សញ្ញាមួយនេះ ហើយកម្លាំងសមត្ថ កិច្ចបាន នឹងកំពុងធ្វើការស្រាវជ្រាវ តាមចាប់ បក្ខពួកដែលនៅសេសសល់។

ដោយឡែក ករណីព្រួតបាញ់និងវាយនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីព្រឹកទាបភ្លឺ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ ត្រូវបាន កម្លាំង នគរបាល ការិយាល័យ ព្រហ្មទណ្ឌរាជធានីភ្នំពេញ បានធ្វើការ ស្រាវជ្រាវ រហូតឈានទៅដល់ការ ចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះយុន វណ្ណៈ អាយុ៣៥ឆ្នាំ ។

សូមបញ្ជាក់ថា ក្នុងករណីនេះ ជនសង្ស័យ នឹងអាចមានបក្ខពួកផ្សេងទៀត បានបាញ់ និងព្រួតវាយ យុវជនម្នាក់ ឈ្មោះកង សុជាតិ អាយុ២៤ ឆ្នាំ មុខរបរមិន ពិតប្រាកដ បណ្ដាលឱ្យស្លាប់ ភ្លាមៗនៅកន្លែង កើតហេតុ ដែលករណីនេះ សមត្ថកិច្ចសន្និដ្ឋានជារឿងគំនុំ ។ ជនរងគ្រោះកង សុជាតិ ក៏ត្រូវបាន សមត្ថកិច្ចអះអាងថា ជាមុខសញ្ញាប្រព្រឹត្ដបទល្មើសយ៉ាងសកម្ម នៅក្នុងភូមិសាស្ដ្រ សង្កាត់ស្ទឹងមានជ័យ ហើយរូបគេ ទើបនឹងចេញ ពីពន្ធនាគារ បានត្រឹម រយៈពីរខែប៉ុណ្ណោះ។


ជនសង្ស័យវាយសម្លាប់មន្រ្តីរដ្ឋាករទឹក នៅសង្កាត់ជ្រោយចង្វារ


ជនសង្ស័យជាប់ពាក់ព័ន្ធ ការបាញ់ និងព្រួតវាយ ជនរងគ្រោះនៅសង្កាត់ស្ទឹងមានជ័យ




ជនរងគ្រោះដែលជាមន្រ្តីរដ្ឋាករទឹក





ជនរងគ្រោះត្រូវគេបាញ់ និងវាយ នៅសង្កាត់ស្ទឹងមានជ័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]