ភ្នំពេញ៖ សមត្ថកិច្ចមន្ទីរ ប្រឆាំងបទល្មើស គ្រឿងញៀន ក្រសួងមហាផ្ទៃ បានបើកការស្រាវ ជ្រាវឃាត់ខ្លួន បានជនជាតិចិនម្នាក់ នឹងខ្មែរម្នាក់ នៅក្នុងផ្ទះសំណាក់ ឡេស៊ីហ្វីស ផ្ទះលេខ ២៥ ផ្លូវលេខ ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ហើយនាំខ្លួនពួកគេ ទៅឆែកឆេរ ផ្ទះមួយកន្លែង ក្នុងក្រុមទី ៦ភូមិត្រពាំងក្រសាំង សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវជនសង្ស័យម្នាក់ទៀត ដែលកំពុងពួន សម្ងំលាក់ខ្លួនបាន ដកកាំភ្លើងមិនស្គាល់ ម៉ាកបាញ់២គ្រាប់ ស្រោចមកលើសមត្ថកិច្ច ហើយប្លោះរបងគេចខ្លួន បាត់ស្រមោលភ្លាមៗ ដែលបង្កអោយ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២១និង៥០នាទី យប់ថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០១៤ ។

ក្នុងប្រតិបត្តិការណ៍ខាងលើនេះ ដឹកនាំដោយ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក សៀក សុខ នឹង លោកឧត្តម សេនីយ៍ត្រី សុខ ជួរ នាយរងមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ ទទួលបន្ទុកផែនស្រាវជ្រាវ នឹងមន្ត្រីក្រោមឱវាទ ជាច្រើននាក់ទៀត។

សមត្ថកិច្ចបញ្ជាក់ ថាជនសង្ស័យ ២នាក់ដែលឃាត់ខ្លួន ខាងលើនេះទី ១ឈ្មោះ រ៉ក ភក្តី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ទី២ឈ្មោះ តាន ហុក ភេទប្រុសអាយុ ៤០ឆ្នាំ ជនជាតិចិន ហើយទាំង ២ បានឃាត់ខ្លួន នៅផ្ទះសំណាក់ ឡេស៊ីហ្វីស ផ្ទះលេខ ២៥ ផ្លូវលេខ ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ហើយឆែកឆេរ រកឃើញគ្រឿងញៀន មួយចំនួនធំ ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយឃាត់ខ្លួនជន សង្ស័យ២នាក់ បានហើយនោះ កម្លាំងសមត្ថកិច្ចបានបន្តការ សាកសួរទើប ជនសង្ស័យឆ្លើយ សារភាពថា មេក្លោងរបស់ខ្លួន កំពុងពួនសម្ងំលាក់ខ្លួន ផ្ទះមួយកន្លែង ក្នុងក្រុមទី ៦ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ដូច្នេះសមត្ថកិច្ច បាននាំខ្លួនពួកគេ អោយទៅចង្អុល បង្ហាញត្រង់ចំណុចនោះ ប៉ុន្តែពេលកម្លាំង សមត្ថកិច្ចចុះឡោម ព័ន្ធទីតាំងខាងលើ ស្រាប់តែជនសង្ស័យ ដែលកំពុងលាក់ ខ្លួនបានដក កាំភ្លើងបាញ់ចំនួន ២គ្រាប់សំដៅមក លើសមត្ថកិច្ច តែមិនមានរងរបួសទេ ហើយសមត្ថកិច្ចក៏ មិនបានបាញ់តដៃ ជាមួយជនសង្ស័យដែរ ។ ដោយជនសង្ស័យ មិនបើកទ្វារអោយ កម្លាំងសមត្ថកិច្ច ក្រសួងមហាផ្ទៃ បានសម្រេច ដកកម្លាំងចេញពីទីតាំង កើតហតុនឹងនាំខ្លួន ជនសង្ស័យ២នាក់ ដែលឃាត់ខ្លួនយក ទៅឃុំខ្លួនបណ្តោះអាសន្ន នៅមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ រង់ចាំសាកសួរបញ្ជូនទៅ សាលាដំបូង រាជធានីភ្នំពេញ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]