ខេត្តសៀមរាប ៖ នារីម្នាក់ បន្ទាប់ពីគ្រូពេទ្យ ប្រើក្មួយស្រី ដែលគ្មានជំនាញ ឱ្យចាក់ថ្នាំ ព្យាបាលជំងឺ រមាស់ក្បាល បានតែ២០ថ្ងៃ ក៏បណ្តាលឱ្យ កាន់តែធ្ងន់ធ្ងរឡើង រហូតដល់ស្លាប់។ ហេតុការណ៍នេះ កើតឡើង កាលពីថ្ងៃទី៥ សីហា ប៉ុន្តែជនរងគ្រោះ ទើបតែស្លាប់ នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៥ សីហា បន្ទាប់ពីក្រុមគ្រួសារ ដឹកទៅព្យាបាលបន្តទៀត នៅមន្ទីរពេទ្យបង្អែក ខេត្ត ។

នារីរងគ្រោះ ដែលស្លាប់ ឈ្មោះ ភេ សុភាព អាយុ២៣ឆ្នាំ រស់នៅភូមិ រលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ចំណែកអ្នកគ្រូពេទ្យ វ័យក្មេង គ្មានសញ្ញាបត្រ ឈ្មោះធារ៉ា អាយុ២៤ឆ្នាំ។

អ្នកគ្រូពេទ្យរូបនេះ ត្រូវបានគ្រូពេទ្យ ឈ្មោះ ហុង ម៉េងថៃ នៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ប្រើឱ្យទៅចាក់ថ្នាំ អ្នកជំងឺ ក៏បណ្តាលឱ្យ ស្លាប់នោះ ។

ឪពុកជនរងគ្រោះ ឈ្មោះ ភេ គ្រី អាយុ៥១ឆ្នាំ និងភរិយា ឈ្មោះ មុី អៃ អាយុ៤៨ឆ្នាំ រៀបរាប់ថា កាលពីថ្ងៃទី៥ សីហា កូនស្រីរបស់គាត់ ឈឺក្បាល ហើយបានទៅរក គ្រូពេទ្យឈ្មោះ ហុង ម៉េងថៃ ឱ្យព្យាបាល ប៉ុន្តែគ្រូពេទ្យរូបនោះ បានប្រើក្មួយស្រី របស់គាត់ ឈ្មោះធារ៉ា ដែលគ្មាន ឯកទេស មកចាក់ថ្នាំឱ្យ ។

បន្ទាប់ពីចាក់ថ្នាំ ២ម្ជុលរួច ជំងឺកូនស្រីរបស់គាត់ កាន់តែមានអាការ មិនស្រួល ដូចជាស្ពឹកដៃជើង រយៈពេល៣ថ្ងៃ គាត់ក៏រត់ទៅរក គ្រូពេទ្យនោះ មើលសាជាថ្មី ប៉ុន្តែត្រូវគ្រូពេទ្យ ស្តីបន្ទោសឱ្យថា គេចាក់គ្រប់គ្នា មិនកើតស្អី អីតែម្នាក់ឯង រួចហើយគ្រូពេទ្យនោះ ក៏ហៅឈ្មោះ យ៉ង់ ឱ្យយកថ្នាំមកបន្សាប ។

ក្រុមគ្រួសារជនរងគ្រោះ បន្តថា បន្ទាប់មក ដោយសារតែ កូនគាត់មិនស្រួល ក៏ប្តឹងទៅសមត្ថកិច្ច និងបញ្ជូនកូន ទៅព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្ត និងនៅឯ រាជធានីភ្នំពេញ ទៀត។ ដោយសារតែ ការព្យាបាល អស់ប្រាក់ហើយនោះ ក្រុមគ្រួសារ ក៏បានដឹកកូនស្រី មកផ្ទះវិញ ហើយកូនរបស់គាត់ បានស្លាប់ នៅព្រឹកថ្ងៃទី២៥ សីហា ។

ឪពុកម្តាយ ជនរងគ្រោះ បញ្ជាក់ទៀតថា ពួកគាត់ បានដាក់ពាក្យប្តឹង ទៅសមត្ថកិច្ច នគរបាលស្រុក ប្រាសាទបាគង ដើម្បីឱ្យ គ្រូពេទ្យឈ្មោះ ហុង ម៉េងថៃ ដែលប្រើក្មួយស្រី គ្មានសញ្ញាបត្រ ឱ្យចេញមុខ ទទួលខុសត្រូវ និងសងជំងឺចិត្ត ដល់ក្រុមគ្រួសារគាត់ ។

ចំណែកគ្រូពេទ្យ ដែលបានឱ្យក្មួយស្រី របស់ខ្លួនចាក់ថ្នាំ អ្នកជំងឺនោះ ឱ្យដឹងថា លោកទទួលស្គាល់ថា លោកពិតជា បានបញ្ជាឱ្យ អ្នកគ្រូពេទ្យ ឈ្មោះធារ៉ា ចាក់ថ្នាំ ឱ្យជនរងគ្រោះមែន ។ ក្មួយស្រីរបស់លោក មិនមានសញ្ញាបត្រនោះទេ តែក៏មិនមែន តែគ្លីនិកលោកទេ គឺគ្លីនិកផ្សេង ក៏ប្រើពេទ្យ អត់មានសញ្ញាបត្រ ដូចគ្នា ។

ទោះជាយ៉ាងណា ក្រុមគ្រួសារ ជនរងគ្រោះ បានអំពាវនាវ ដល់ប្រធានមន្ទីរ សុខាភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ សូមចុះត្រួតពិនិត្យ និងចាត់វិធានការ លើលោកគ្រូពេទ្យ ឈ្មោះ ហុង ម៉េងថៃ ដែលប្រើក្មួយស្រី គ្មានជំនាញចាក់ថ្នាំ ដល់អ្នកជំងឺ បណ្តាលឱ្យស្លាប់ និងជួយដោះស្រាយ ជំងឺចិត្ត ដល់ក្រុមគ្រួសារ ជនរងគ្រោះ ។

ទាក់ទិននឹងករណី ខាងលើនេះដែរ ភ្នាក់ងារ កោះសន្តិភាព មិនអាចសុំការបំភ្លឺ ពីលោកគ្រួស សារ៉ាត់ ប្រធានមន្ទីរ សុខាភិបាលខេត្ត បានទេ នៅរសៀលថ្ងៃទី២៦ សីហា ៕

អ្នកជំងឺដែលស្លាប់ដោយគ្រូពេទ្យអត់ជំនាញចាក់ថ្នាំ

លោកវេជ្ជបណ្ឌិតដែលប្រើក្មួយគ្មានជំនាញចាក់ថ្នាំឱ្យគេ

ស្លាកយីហោគ្លីនិកឯកជន

ទិដ្ឋភាពគ្លីនិកឯកជន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]