ក្រុមបិសាចក្រហម Manchester United សម្រេចក្នុងការនាំយក ខ្សែបម្រើស្លាប កីឡាករ Angel Di Maria ពីក្រុម Real Madrid ក្នុងទំហំទឹកប្រាក់មហាសាល រហូតដល់ទៅ ៥៩.៧ លានផោន កុងត្រា ៥ ឆ្នាំ បានបំបែកកំណត់ត្រាចាស់ ដែលក្រុមតោខៀវ Chelsea ចំណាយ ៥០ លានផោន ទិញយកខ្សែប្រយុទ្ធ អេស៉្បាញ Torres ពីហង្សក្រហម កាលពីឆ្នាំ ២០១១ កន្លងទៅនោះ។


ខ្សែបម្រើស្លាប វ័យ ២៦ ឆ្នាំរូបនេះ ត្រូវប្រសិទ្ធនាមថាជា កីឡាករកំពូល របស់ពិភពលោក ដោយគ្រូបង្វឹក បិសាចក្រហម លោក Luis Van Gaal បន្ទាប់ពីធ្វើតេស្តសុខភាពរួច កាលពីថ្ងៃអង្គារ៍ កន្លងទៅ ដោយសង្ឃឹមថា នឹងអាចបង្ហាញខ្លួនជាផ្លូវការ ក្នុងជំនួបជាមួយនឹងក្រុម Burnley នាថ្ងៃសៅរ៍សប្តាហ៍នេះ។

Angel Di Maria គឺជាកីឡាករថ្លៃជាងគេបង្អស់ លំដាប់លេខរៀងទី ៦ នៅលើពិភពលោក ខណៈតំណែងកីឡាករ ថ្លៃជាងគេទាំង ៥ សុទ្ធសឹងតែនៅក្លឹប របស់ប្រទេសអេស៉្បាញ ដូចជា យក្ស-ស Real Madrid និង អ្នកមានបុណ្យ Barcelona។


ចាប់តាំងពីរដូវកាលដោះដូរកីឡាករ នារដូវកាលមុន មកទល់ពេលនេះ ក្រុមបិសាចក្រហម Manchester United បានចំណាយទឹកប្រាក់អស់ ១៣១.៧ លានផោនរួចមកហើយ ដោយរដូវកាល ដោះដូរកីឡាករ ឆ្នាំនេះ Man UTD ទិញបានកីឡាករដូចជា ខ្សែការពារស្លាប Luke Shaw ២៧ លានផោន ពីក្រុម Southampton, ខ្សែបម្រើ Ander Herrera ២៩ លានផោន ពីក្រុម At. Bilbao និងខ្សែការពារ Marcos Roj ១៦ លានផោន ពីក្រុម Sporting Lisbon សរុបតម្លៃរបស់កីឡាករទាំងបី គឺ ៧២ លានផោន។

គួរបញ្ជាក់ផងដែរថា Angel Di Maria ត្រូវបាន Real Madrid ទិញពីក្រុម Benfica ក្នុងតម្លៃខ្លួន ៣៦ លានផោន នាឆ្នាំ ២០១០ ដោយជួយឲ្យ Real Madrid ឈ្នះពានក្របខ័ណ្ឌលីកអេស៉្បាញ La Liga នៅឆ្នាំ ២០១២ និងពានរង្វាន់កំពូលរបស់ទ្វីបអឺរ៉ុប UEFA Champions League រដូវកាលមុន។


ប្រភព៖ ប៊ីប៊ីស៊ី

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]