ភ្នំពេញ៖ មួយរយៈពេល ចុងក្រោយនេះ គេសង្កេតឃើញថា ទាំងអ្នកសិល្បៈ ក្រៅរង្វង់សិល្បៈ និងអ្នក នយោបាយជាច្រើន កំពុងតែពេញនិយម លេងល្បែងកម្សាន្ត “Ice bucket Challenge” ដើម្បីស្វែងរក ការរៃអង្គាសប្រាក់ ដើម្បីជួយទៅដល់ មន្ទីពេទ្យគន្ធបុប្ផា ហើយនៅ ក្នុងនោះក៏មានអ្នក ហៅឈ្មោះតារា ចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មថោន អ្នកនាង មាស សុខសោភា ឲ្យបន្តលេងល្បែង នេះផងដែរ ក្នុងបំណងចង់ ឲ្យនាងចូល រួមលេងកម្សាន្ត និង ស្វែងរកប្រាក់ជួយ ដល់មន្ទីរពេទ្យ ខាងលើនេះ តែតារាស្រីរូបនេះ បែរជាបដិសេធ មិនលេង ល្បែងកម្សាន្តនេះឡើយ ព្រោះតែនាងមិន ចង់ខ្ជះខ្ជាយទឹក តាមរយៈ ការលេងបែប នោះឡើយ ។

បើតាមសារមួយដែល តារាចម្រៀងស្រីល្បីឈ្មោះ មានទឹកដមសំឡេង ក្រអួនក្រអៅ កញ្ញា មាស សុខសោភា បានបង្ហោះនៅ លើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាង ដោយសរសេរ ជាភាសាខ្មែរថា “ សូមអរគុណ ដល់អ្នកគ្រប់គ្នា បានចូលរួមធ្វើ “Ice bucket Challenge” ព្រមទាំងបានស្នើឱ្យ នាងខ្ញុំអនុវត្តបន្ត នាងខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ បងប្អូនដែល បានចូលរួមក្នុង សកម្មភាពដ៏ មានអត្ថន័យនេះ។ ដោយឡែកក្នុងពេល ជាមួយគ្នានេះ នាងខ្ញុំបានទទួល ដំណឹងពីព្រះតេជគុណ ដែលទទួលមើល ថែកូនឈើ ទាំង ១០,០០០ដើម របស់ មាស សុខសោភា ថាអណ្តូងមាន សភាពរីងស្ងួតដោយ កត្តាអាកាសធាតុ ។ យើងបានព្យាយាមយ៉ាង ស្វិតស្វាញពេញ មួយសហ្តហ៍ ដើម្បីធ្វើដំណើរទៅយក ទឹកពីទន្លេ មកស្រោចស្រព សង្គ្រោះជីវិត កូនឈើទាំងនោះ ហើយចំណាយ ក្នុងការធ្វើដំណើរម្តងៗ រហូត ដល់ទៅ ១០,៥០០រៀល” ។

ដោយសារតែមូល ហេតុខាងលើនេះ ទើបធ្វើឲ្យតារាចម្រៀង រូបស្រស់ម្នាក់នេះ សម្រេចចិត្ត បដិសេធមិនចូល លេងល្បែង “Ice bucket Challenge” នេះឡើយដោយ នាងបាននិយាយ ថា “នាងខ្ញុំផ្ទាល់សូមសម្តែង នូវសេចក្តីគោរព ដល់ព្រះតេជគុណ ដែលបានប្រឹង ប្រែងអស់ពី កម្លាំងកាយចិត្ត ក្នុងការងារ ជួយសហគមន៍ ភ្នំឱរាល់ និងថែរក្សាកូន ឈើទាំងនោះ។ អាស្រ័យហេតុនេះហើយ នាងខ្ញុំនិងមានអារម្មណ៍ ខុសឆ្គងក្នុង ការខ្ជះខ្ជាយទឹក ដូច្នេះនាងខ្ញុំ សង្ឃឹមថា អ្នករាល់គ្នានឹងមាន ការអធ្យាស្រ័យ។ នាងខ្ញុំនឹង បរិចា្ចគប្រាក់ជូនទៅ ដល់មន្ទីពេទ្យ គន្ធបុប្ផាតែម្តង ដោយមិនលេងនោះទេ”។

នេះជាលើកទីមួយ ហើយសម្រាប់អ្នកសិល្បៈ ដែលត្រូវបានគេហៅឈ្មោះ បន្តឲ្យចូលរួមលេង “Ice bucket Challenge” អ្នកនាង មាស សុខសោភា ដែលបានឆ្លើយ បដិសេធមិនលេង ដោយសុខចិត្ត ចុះចាញ់តែម្តង ក្រោមហេតុផលថា នាងមិនចង់ខ្ជះខ្ជាយ ទឹកទាំងដែល នៅតាម បណ្តាខេត្ត ដាច់ស្រយាល មួយចំនួនកំពុងតែ មានការលំបាកខ្វះ ទឹកប្រើប្រាស់ ហេតុដូចនេះ នាងចង់ចូលរួម បរិច្ចាគប្រាក់ ទៅជួយមន្ទីពេទ្យគន្ធបុប្ផា ហើយនាងក៏ចង់ ចូលរួមចំណែកសន្សំ សំចៃទឹកផងដែរ ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា