ភ្នំពេញៈ ថ្ងៃខួបកំណើតគម្រប់២២ឆ្នាំ របស់តារាទឹកភ្នែក លី ច័ន្ទសីហា កាលពីរាត្រី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤នេះ គេសង្កេតឃើញ វត្តមានអ្នកសិល្បៈ ទាំងប្រុសស្រី មានឈ្មោះល្បី ជាច្រើនដួង ចូលរួមក្នុង ពិធីជប់លៀងនោះ យ៉ាងច្រើនកុះករ លើសពីការរំពឹងទុក ។ នៅក្នុងនោះ ត្រូវបានឪពុករបស់ សីហា បង្ហើបឲ្យដឹងថា ចំនួនភ្ញៀវ ចូលរួមក្នុងពិធី កាលពីយប់មិញ មានចំនួនច្រើន ធ្វើឲ្យម្ចាស់កម្មវិធី រំភើបចិត្តយ៉ាងខ្លាំង ។

ជារៀងរាល់ឆ្នាំ គេសង្កេតឃើញថា តារាសម្តែង មានទេពកោសល្យ ក្នុងការសម្តែងរឿង កំសត់ទឹកភ្នែក លី ច័ន្ទសីហា មិនសូវខ្វាយខ្វល់ ក្នុងការចាយទុន រៀបចំពិធីខួបកំណើត ជប់លៀងធំដុំឡើយ។ តែដោយឡែកឆ្នាំនេះ នាងគិតថា ជាឆ្នាំនាំសំណាង និងជាឆ្នាំ ដែលកម្រមាន ក៏សម្រេចចិត្ត បោះទុនរៀបចំធំ ជាងរាល់ឆ្នាំ នៅក្នុងបុរីព្រែកឯង ដែលជាផ្ទះ លំហែកាយ របស់នាង និងគ្រួសារ ហើយពិធីនេះ បានរៀបចំឡើង យ៉ាងល្អប្រណិត មានការរចនា ជាមួយផ្កា យ៉ាងស្រស់បំព្រង ជាមួយទីធ្លា យ៉ាងធំទូលាយ ។

ជាមួយគ្នានោះ ក្រោយពីរៀបចំ ពិធីជប់លៀងរួច នៅថ្ងៃទី២៥ ខែសីហា នេះ លោក លី សុខជន បានរំលេច សារអរគុណ ទៅដល់ភ្ញៀវ ដែលបានចូលរួម ក្នុងពិធីកាលពីយប់ មិញនេះថា "ខ្ញុំបាទ និងកូនស្រី លី ច័ន្ទសីហា សូមថ្លែងអំណរគុណ ចំពោះភ្ញៀវ កិត្តិយស ទាំងអស់ ដែលបានផ្ដល់ កិត្តិយសដល់ ក្រុមគ្រួសារយើងខ្ញុំ ដែលអញ្ចើញចូលរួម កម្មវិធីយប់មិញ យ៉ាងច្រើនកុះករ ហួសពីការស្មាន ឯកឧត្តម លោក ជំទាវ លោកលោកស្រី អ្នកនាង កញ្ញា អ្នកនិពន្ធ អ្នកដឹកនាំរឿង តារាភាពយន្ដ តារាចម្រៀង អ្នកកំប្លែង អាជីវករ -ល- ហើយក៏សូមជូនពរ គ្រប់ៗគ្នា ដែលបានចូលរួម"។

បើតាម លី ច័ន្ទសីហា បានបង្ហើបប្រាប់ឲ្យដឹងមុន ថ្ងៃខួបកំណើតថា "ក្នុងថ្ងៃខួបកំណើតនេះ ខ្ញុំបានត្រៀមចាយ ទុន២ពាន់ដុល្លារ ហើយអញ្ជើញភ្ញៀវ ត្រឹមតែ២០តុ ដើម្បីជួបជុំជាមួយ មិត្តភក្តិ ទាំងអ្នកសិល្បៈ និងក្រៅសិល្បៈ ។ មូលហេតុដែលខ្ញុំត្រៀម ចំណាយតែ២ពាន់ ដុល្លារនេះ ដោយសារតែ ការរៀបចំ ក្នុងពិធីភាគច្រើន គឺមានការជួយ ជ្រោមជ្រែង ពីក្រុមគ្រួសារ សាច់ញាតិ និងអ្នកដែលស្គាល់ខ្ញុំ ដូច្នេះការចំណាយ ក្នុងការរៀបចំពិធី គឺមិនសូវអស់ ច្រើនប៉ុន្មានទេ" ៕










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]