ភ្នំពេញ៖ កម្លាំងនគរបាល មូលដ្ឋានប៉ុស្តិ៍ ផ្សារថ្មីទី២ ខណ្ឌដូនពេញ បានចេញបង្ក្រាប និងចាប់ខ្លួន ចោរឆក់កាបូបម្នាក់ បានសម្រេច នៅក្បែរផ្សារ អូរឫស្សី ខណ្ឌ៧មករា ក្រោយពីជន សង្ស័យ២នាក់ ជិះម៉ូតូស្កុបពី មួយគ្រឿង ធ្វើសកម្មភាព នៅក្បែរផ្សារធំថ្មី នៅវេលា ម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤នេះ ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង កើតហេតុខាងលើ ជនសង្ស័យ ពីរនាក់ ជិះម៉ូតូស្កុបពី មួយគ្រឿង បានធ្វើសកម្មភាព ឆក់កាបូបពីនារី ម្នាក់ជាជនបរទេស នៅក្បែរផ្សារធំថ្មី រួចជិះគេចខ្លួន ទៅដល់ក្បែរ ផ្សារអូរឫស្សី ក៏ត្រូវកម្លាំងនគរបាល ចាប់បាននៅ ទីនោះតែម្តង ប៉ុន្តែជនសង្ស័យ ម្នាក់ទៀត បានរត់គេចខ្លួន ។ ក្រោយចាប់ ខ្លួនជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅ កាន់ប៉ុស្តិ៍ផ្សារថ្មីទី២ ដើម្បីចាត់ការបន្តទៀត ។

មន្ត្រីនគរបាលព្រហ្មទណ្ឌ ខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យដែល ត្រូវចាប់ខ្លួននោះ ឈ្មោះ សឹម បញ្ញា អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ម្តុំវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រីឯបក្ខពួក ម្នាក់ទៀត ឈ្មោះ ចាន់ ពិសិដ្ឋ អាយុ ១៧ឆ្នាំ ទីលំនៅមិន ពិតប្រាកដ បាននឹងកំពុងរត់គេចខ្លួន ។

សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ បទល្មើសនានា ដែលតែងតែកើតឡើង នៅតាមមូលដ្ឋាន ស្នងនគរបាល រាជធានីភ្នំពេញ និងស្នងការរងទទួល ផែនព្រហ្មទណ្ឌ លោក ជួន ណារិន្ទ បានបញ្ជាទៅ អធិការនគរបាលទាំង ១២ខណ្ឌ ឲ្យកម្លាំង នគរបាលតាម បណ្តាប៉ុស្តិ៍ចុះ ល្បាតជាប្រចាំ ដើម្បីជួយអន្តរាគមន៍ ទាន់ពេលវេលា នៅពេលមានបទល្មើស ទាំងនេះ កើតឡើង ។ ជាក់ស្តែងនគរបាល មូលដ្ឋានរបស់ខណ្ឌ ដូនពេញ ពេលកំពុងចុះល្បាត ហើយទទួលព័ត៌មាននេះភ្លាមៗ ក៏ចុះទៅជួយអន្តរាគមន៍ រហូតចាប់ខ្លួនបាន មុខសញ្ញាតែម្តងទៅ ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានយកទៅសួរនាំ និងឃុំខ្លួនជា បណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ។ ដោយឡែកទ្រព្យសម្បត្តិ ដែលដកហូតបាន ត្រូវសមត្ថកិច្ចប្រគល់ ទៅឲ្យជនរងគ្រោះវិញ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]