ភ្នំពេញ៖ បុរសកម្មករម្នាក់ បានសម្រេចចិត្ត ចង-ក បញ្ចប់ជីវិតរបស់ ខ្លួនចោលប្រពន្ធ និងកូនតូចៗ២នាក់ ដោយសារតែ ខឹងប្រពន្ធ និងកូនហូបបាយមុន ហើយមិនរៀប បាយឲ្យខ្លួន ពេលមកដល់ផ្ទះ ។

សពជនរងគ្រោះត្រូវប្រពន្ធ ប្រទះឃើញចង-ក នៅក្នុងបន្ទប់ជួល របស់ខ្លួន លេខ៤១ ស្ថិតនៅក្រុម២ ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង ៦និង៥នាទី ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ ខណៈដែលស្ត្រី ជាប្រពន្ធរៀបចំ ខ្លួនទៅធ្វើការ ។

មន្ត្រីនគរបាល មូលដ្ឋានបាន និយាយថា ជនរងគ្រោះឈ្មោះ សុត សំបូរ អាយុ ២៩ឆ្នាំ ជាកម្មកររោង ចក្រកាត់ដេរ រីឯស្ត្រីជា ប្រពន្ធឈ្មោះ ស៊ុំ វណ្ណា កម្មការិនីកាត់ដេរ និងមានកូន តូចស្រីប្រុស ២នាក់ ។ បើតាមមន្ត្រីនគរបាល មុនពេលកើតហេតុ កាលពីល្ងាច ថ្ងៃទី២២ ខែសីហា ដោយសារតែប្តី រវល់ចេញទៅក្រៅ ប្រពន្ធ និងកូនទាំងពីរ ក៏រៀប ចំហូបបាយមុន រួចមក ប្តីក៏ត្រឡប់មកវិញ ហើយសួរប្រពន្ធថា ហូបបាយហើយឬនៅ ។

ក្រោយពីប្រពន្ធប្រាប់ថា ហូបរួចនោះ បុរសជាប្តីខឹងថា មិនចាំហូបបាយជុំគ្នា ក៏ឈ្លោះប្រកែក ពេលនោះបងស្រីរបស់ ប្រពន្ធបានឲ្យទៅ ដេកផ្ទះជាមួយ ខ្លាចប្តីវាយ ។ លុះព្រឹកឡើង ពេលត្រឡប់មកផ្ទះ ដើម្បីរៀបចំខ្លួនទៅ ធ្វើការក៏ឃើញ ប្តីចង-កនៅក្នុងផ្ទះ ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ នគរបាលជំនាញ និងនគរបាលមូលដ្ឋាន បានចុះទៅពិនិត្យ សពជនរងគ្រោះ ហើយអះអាងថា ជនរងគ្រោះពិតជា ស្លាប់ដោយសារការ ចង-កមែន ។ ក្រោយពិនិត្យសព រួចមកសមត្ថកិច្ច បានប្រគល់ទៅឲ្យក្រុម គ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]