ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ០៤នាក់ ក្នុងចំណោម០៥នាក់ បានត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធ នឹងករណីកាច់សោម៉ូតូ អ្នកដទៃ ជិះទៅបាត់ កាលពីយប់ ថ្ងៃទី២១ សីហា នៅហាងខារ៉ាអូខេមួយ ស្ថិតក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ នៅពេលឃាត់ខ្លួន បក្ខពួកទាំង០៤នាក់ បានភ្លាមម៉ូតូនោះ ក៏ត្រូវបានគេប្រទះឃើញចោរយក ទៅប្លុងចោល នៅជិតផ្សារពង្រ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងឯណោះ។

លោកវរសេនីយ៍ទោ ម៉ូ លីដា ប្រធានការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ឲ្យដឹងថា ជនសង្ស័យ ទាំង០៤នាក់ ដែលជាប់ពាក់ព័ន្ធ នឹងករណីលួចម៉ូតូនេះ មានឈ្មោះ១-រី ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ២-ឈ្មោះប៉ោយ ឆ ភេទប្រុស អាយុ២៤ឆ្នាំ ទាំងពីរនាក់នេះ មានទីលំនៅភូមិត្រាចក្រោល ឃុំបឹងខ្នារ ៣-ឈ្មោះសុខា វ៉ាន់ដេត ភេទប្រុស អាយុ២៤ឆ្នាំ និង៤-ឈ្មោះវ៉ែន ធីភេទប្រុសអាយុ៣៧ឆ្នាំ ទាំងពីរនាក់នេះ រស់នៅភូមិដើមរកាឃុំខ្នារទទឹងស្រុកបាកាន។ ចំណែកអ្នកកាច់សោម៉ូតូផ្ទាល់ ឈ្មោះអៀក សីហា ភេទប្រុស អាយុ២៥ឆ្នាំ ដែលរស់នៅភូមិ ដើមរកាដែរនោះ បានរត់គេចខ្លួនបាត់់។ ម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅស៊េរី២០១៤ គ្មានស្លាកលេខ ជាកម្មសិទ្ធិ របស់ឈ្មោះសូ បណ្ដូល ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិមេទឹក ឃុំមេទឹក ស្រុកបាកាន។

ទាក់ទិននឹងករណីនេះលោកម៉ូ លីដា បានបញ្ជាក់ប្រាប់ថា កាលពីយប់ថ្ងៃទី២០ សីហា ជនសង្ស័យ ទាំង០៤នាក់ បានផឹកស៊ីជាមួយ ម្ចាស់ផ្ទះ ឈ្មោះអៀក សីហា រហូតដល់ម៉ោង ២៣យប់ទើបឈប់។ ពេលបញ្ចប់នៅទីនោះ ពួកគេទាំង០៥នាក់ (រួមទាំងម្ចាស់ផ្ទះផង) បាននាំគ្នា ទៅច្រៀង ខារ៉ាអូខេ យីហោម្លប់ដូងពីរ នៅក្នុងឃុំបឹងខ្នារនោះដែរ។ ខណៈពេលដែលកំពុងច្រៀងនោះ ឈ្មោះអៀក សីហា បានចេញមកក្រៅ លួចកាច់ សោម៉ូតូភ្ញៀវ ដែលកំពុងច្រៀងខារ៉ាអូខេ នៅបន្ទប់ជាប់គ្នានោះ យកទៅបាត់។ លុះវេលាម៉ោង០១និង៤០នាទី ឆ្លងចូលថ្ងៃទី២១ សីហា ម្ចាស់ម៉ូតូ ច្រៀងចប់ចេញមក មិនឃើញម៉ូតូរបស់ខ្លួន ក៏សួរទៅម្ចាស់ហាង ទើបគាត់ប្រាប់ថា ឃើញមនុស្សប្រុសម្នាក់ ក្នុងចំណោម០៥នាក់ ដែលច្រៀង នៅបន្ទប់ ជាប់គ្នានោះ ជិះទៅបាត់ ប្រហែលកន្លះម៉ោងហើយ។ ពេលនោះមានការឆោឡោក៏ទៅប្ដឹង នគរបាលប៉ុស្តិ៏ ឲ្យជួយអន្តរាគមន៍ ទើបនៅថ្ងៃទី២៣ សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនគូរកនទាំង០៤នាក់នេះតែម្ដង។

ជាមួយគ្នានេះយើងបានទំនាក់ទំនងជាមួយសមត្ថកិច្ច ខេត្តជិតខាងឲ្យជួយសហការគ្នា ក្នុងការ ស្វែងរកចោរ  និងម៉ូតូទាំងនោះ ស្រាប់តែឃើញ ប្លុងម៉ូតូចោលនៅម្ដុំផ្សារពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក៏យកមកប្រគល់ឲ្យ សមត្ថកិច្ចខេត្តពោធិ៍សាត់វិញ។ សមត្ថកិច្ចកំពុងតាមរក ឈ្មោះអៀក សីហា ដែលរត់គេចខ្លួននោះ ដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោស តាមច្បាប់។ ចំណែកម៉ូតូបាន ប្រគល់ឲ្យទៅឈ្មោះសូ បណ្ដូល ដែលជាម្ចាស់ដើមវិញ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]