ភ្នំពេញ៖ មនុស្សប្រុសស្រី ៣នាក់ បានរងរបួសធ្ងន់ធ្ងរ រួមទាំងម៉ូតូកង់បី និងរថយន្ត មួយគ្រឿងទៀត ក៏រងការ ខូចខាតយ៉ាងដំណំ ដោយសារតែ រថយន្តបង្កម៉ាកវីហ្គោ បើកក្នុង ល្បឿនយ៉ាងលឿនស្លេវ ទៅបុកនឹងម៉ូតូកង់បី ហើយម៉ូតូកង់បីក៏ជ្រុល ទៅបុករថយន្តម៉ាកព្រូស ដែលចតស្ងៀមនៅលើ ចិញ្ចើមថ្នល់មុខផ្ទះ ចំណែករថយន្តបង្ក បានបើករត់គេចខ្លួនបាត់ ស្រមោល ។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយនេះ កើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅលើ កំណាត់ផ្លូវព្រះមុនីវង្ស មុខហាង ការ៉េម ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

សាក្សីឃើញហេតុការណ៍ នៅកន្លែងកើតហេតុ បាននិយាយថា រថយន្តបង្ក ម៉ាកវីហ្គោ ពណ៌ស្ករ
បើកយ៉ាងលឿនស្លេវ ក្នុងទិសដៅពីជើងទៅត្បូង ស្របទិសគ្នា នឹងម៉ូតូកង់បី ពោលគឺម៉ូតូកង់បីនៅពីមុខ រថយន្តបង្ក ខណ:មកដល់មុខ ហាងការ៉េម ក៏ជ្រុលបុកម៉ូតូ កង់បីពីក្រោយពេញល្បឿន បណ្តាលឲ្យម៉ូតូកង់បី ស្ទុះទៅ បុកផ្ទុបនឹងរថយន្តព្រូស ដែលម្ចាស់ចតស្ងៀមនៅលើ ចិញ្ចើមថ្នល់មុខផ្ទះ បណ្តាលឲ្យរថយន្តខ្ទេចមួយ ចំហៀង ចំណែករ៉ឺម៉កម៉ូតូកង់ បី បាក់បែកតួម៉ូតូ ដោយឡែកអ្នកជិះនៅលើ រ៉ឺម៉កម៉ូតូកង់បីចំនួន ៣នាក់ រងរបួស ធ្ងន់ធ្ងរ រីឯអ្នកបើក ម៉ូតូកង់បី រងរបួសស្រាល ។

សាក្សីបន្តថា ចំពោះរថយន្ត បង្កម៉ាកវីហ្គោ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2T-2228 បានបន្ថែមល្បឿន ទៅមុខ ទៀត បើករត់គេច បាត់ស្រមោល ។

អ្នកបើករ៉ឺម៉កម៉ូតូកង់បី ឈ្មោះ ជា រិទ្ឋី អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ ។ ចំណែកអ្នក ជិះនៅលើរ៉ឺម៉កម៉ូតូកង់បី ទាំង៣នាក់ ក្នុងនោះស្រី្ត២នាក់ បុរសម្នាក់ មិនត្រូវបាន ស្គាល់ អត្តសញ្ញាណទេ ដោយហេតុថា ភ្លាមៗជនរងគ្រោះ ត្រូវបានដឹក បញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យផងដែរ ។

ក្រោយកើតហេតុ នគរបាល ចរាចរខណ្ឌចំការមន បានចុះ មកពិនិត្យវាស់វែង និងយករថយន្តរងគ្រោះ ព្រមទាំង រ៉ឺម៉កម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ និងបានឲ្យអ្នកបើក ម៉ូតូកង់បី ដាក់ពាក្យបណ្តឹង សម្រាប់ សមត្ថកិច្ច ងាយស្រួសស្រាវជ្រាវរករថយន្តបង្ក តាមអត្តសញ្ញាណ ដែលប្រជាពលរដ្ឋ បានចាំស្លាកលេខ និង ភិនភាគ ដើម្បីឲ្យម្ចាស់ រថយន្តបង្ក ចូលខ្លួនមកដោះ ស្រាយ តាមផ្លូវច្បា់ប់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]