ភ្នំពេញ៖ កម្លាំងនគរបាល ការិយាល័យ កណ្តាលយុត្តិធម៌ រាជធានីភ្នំពេញ សហការជាមួយ កម្លាំងនគរបាល ខណ្ឌចំការមន និងខណ្ឌទួលគោក បានបើកការស្រាវជ្រាវ តាមជំនាញរបស់ខ្លួន រហូតទៅដល់ការឃាត់ ខ្លួនជនសង្ស័យ២នាក់ ម្នាក់លួចកាបូបលុយ នៅក្នុងផ្សារអូឡាំពិក និងម្នាក់ទៀតលួចកាច់ ចង្កៀងម៉ូតូ តាមសាលារៀន ក្នុងរាជធានីភ្នំពេញ។

មន្ត្រីនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤នេះ កម្លាំងនគរបាល បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលតែងធ្វើ សកម្មភាព លួចកាច់ចង្កៀងម៉ូតូ របស់សិស្សសាលា នៅតាមសាលាជាច្រើន ក្នុងរាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានបន្តថា ក្រោយពីទទួលបានព័ត៌មាន និងពាក្យបណ្តឹង ជាបន្តបន្ទាប់ របស់ជនរងគ្រោះ អំពីបទល្មើសនេះរួចមក នគរបាលការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាល តាមបណ្តាលខណ្ឌ ធ្វើការស្រាវជ្រាវ រហូតដល់ចាប់ខ្លួនមុខសញ្ញានេះ នៅ ពេលដែលធ្វើសកម្មភាពនៅក្នុងទឹកដីខណ្ឌទួលគោក។

ដោយឡែក នៅវេលាម៉ោង៤ និង៣០នាទី កម្លាំងនគរបាល ក៏បានឃាត់ខ្លួនស្ត្រីម្នាក់ ពីបទលួចកាបូបលុយ នៅក្នុងផ្សារអូឡាំពិកផងដែរ។

ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ ត្រូវបានបញ្ជូនទៅសួរនាំ និងខ្លួនជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]