ក្មេងស្រីវ័យ១៥ឆ្នាំម្នាក់ មានឈ្មោះថា Ann Makosinski បានបង្កើតពិល ដ៏អស្ចារ្យមួយ ដោយមិនចាំបាច់ ប្រើប្រាស់ថ្មពិលឡើយ គឺគ្រាន់តែប្រើកំដៅ នៃដៃមនុស្ស ក៏អាចភ្លឺបានដែរ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នាង Ann Makosinski គឺជាក្មេងជំទង់ម្នាក់ ដែលបានចូលរួម ជាមួយនឹង គម្រោងវិទ្យាសាស្រ្តមួយ ជាមួយនឹង ក្រុមអ្នកវិទ្យាសាស្រ្ត នៅក្នុងទីក្រុង Victoria ប្រទេស Canada កាលពីឆ្នាំមុន ដោយនាងបានបង្កើត នូវពិល ដ៏អស្ចារ្យមួយ ដែលថាមពលរបស់វា កើតចេញពីកំដៅ នៃដៃរបស់មនុស្ស។

ប្រភពដដែល បានបន្តទៀតថា នាង Makosinski ត្រូវបានជំរុញ ដោយមិត្តភក្តិម្នាក់ នៅក្នុងប្រទេស ហ្វីលីពីន ដែលរស់នៅ ដោយគ្មាន អគ្គិសនីប្រើប្រាស់។ មិត្តភក្កិរបស់នាង បានប្រាប់នាងថា គេមិនអាចធ្វើលំហាត់ ឬបញ្ចប់កិច្ចការផ្ទះ បានឡើយ ដោយសារតែបញ្ហា គ្មានអគ្គិសនី ប្រើប្រាស់នេះ ហើយអាចឈានដល់ ការទទួលលទ្ធផល មិនល្អថែមទៀតផង។

នាង Makosinski បានចាប់ផ្តើម ធ្វើការពិសោធន៏ ជាមួយនឹងក្បឿង ដែលវាអាចផលិតនូវ អគ្គិសនី នៅពេលដែលមាន សីតុណ្ហភាពក្តៅ និងត្រជាក់ ប៉ះគ្នា ក្នុងពេលតែមួយ។ នាងបាននិយាយថា នាងធ្លាប់បានលឺ គេពិពណ៌នា អំពីពិល ដែលប្រើប្រាស់ភ្លើង ១០០វ៉ាត់ ទើបបំផុសគំនិតនាង ឲ្យប្រើប្រាស់ កំដៅនៃរាងកាយមនុស្ស ធ្វើជាប្រភព នៃថាមពលតែម្តង។

នាងបន្ថែមទៀតថា «យើងមានថាមពលជាច្រើន ដែលភាយចេញ ពីខ្លួនប្រាណយើង ហើយវាត្រូវបាន បាត់បង់ទាំងស្រុង ប្រសិនបើយើង មិនប្រើប្រាស់វា»។

គួរបញ្ជាក់ផងដែរថា ពិល ដែលប្រើប្រាស់ថាមពល ចេញពីកំដៅ នៃដៃរបស់មនុស្សនេះ បានជួយឲ្យនាង Makosinski ទទួលបានជ័យលាភី លេខ២ នៅក្នុងការប្រកួត ទទួលបានរង្វាន់ អាហារូបករណ៏ ចំនួន ២៥,០០០ដុល្លារទៀតផង៕

នាង Ann Makosinski មានវ័យ១៥ឆ្នាំ



ពិល ដែលប្រើប្រាស់ថាមពល ដែលបានពីកំដៅ នៃដៃរបស់មនុស្ស

ប្រភព ៖ asiantown.net

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]