បាងកក៖ មេដឹកនាំយោធាថៃ លោក ប្រាយុធ ចាន-អូចា ដែលធ្វើរដ្ឋប្រហារ កាន់កាប់ទីក្រុងបាងកក កាលពីខែ ឧសភា ទម្លាក់លោកស្រី យិនឡាក់ ស៊ីណាវ៉ាត្រា ចេញពីតំណែង បានក្លាយជា នាយករដ្ឋមន្ត្រីថៃ ជាស្ថាពរហើយ បន្ទាប់ពីមានការបោះឆ្នោត ពីសភានីតិបញ្ញត្តិជាតិ (National Legislative Assembly)  កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ។

បើតាមសារព័ត៌មាន ញូវយ៉កថាម បានអោយដឹងថា សមាជិកសភានីតិបញ្ញាត្តិជាតិ របស់ប្រទេសថៃ ត្រូវបានជ្រើសតាំង ដោយក្រុមប្រឹក្សាយោធា កាលពីខែមុន ដែលចំនួនជាងពាក់កណ្តាល គឺជាបេក្ខភាព ដែលបម្រើការនៅក្នុងវិស័យយោធា។ លើសពីនេះទៅទៀតនោះ ក្នុងរបៀបវីរៈប្រជុំ កាលពីម្សិលមិញនេះ គឺមានតែឧត្តមសេនីយ៍ លោក ប្រាយុធ  តែមួយគត់ ដែលឈរឈ្មោះបោះឆ្នោត ជានាយករដ្ឋមន្ត្រី។

ក្រុមយោធាថៃ បានកាន់កាប់អំណាចទាំងស្រុង នៅថ្ងៃទី ២២ ខែឩសភា បន្ទាប់ពីរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាលស្របច្បាប់ របស់អ្នកស្រី យិនឡាក់ ស៊ីណាវ៉ាត្រា ដែលគ្រប់គ្រងប្រទេស បានរយៈពេល ៦ ខែ ក្នុងគោលបំណង រំលាយគណបក្ស ដែលបង្កើតឡើងដោយ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ កន្លងទៅនោះ។

ក្នុងរយៈពេលកាន់កាប់អំណាច យោធាថៃ បានរឹតបន្តឹងការអនុវត្តច្បាប់ ដោយការដកហូតអាវុធ ការចាប់ខ្លួនឧក្រិដ្ឋជន ដែលជាប់សង្ស័យ និងការបិទ អាជីវកម្មខុសច្បាប់ ផ្សេងៗជាដើម ដែលជាហេតុ បណ្តាលអោយពលករខ្មែរខុសច្បាប់ នៅប្រទេសថៃជាច្រើន ត្រូវបញ្ជូន មកកាន់មាតុប្រទេសវិញ។

គួរបញ្ជាក់ផងដែរថា លោកប្រាយុធ បានក្លាយទៅជានាយករដ្ឋមន្ត្រីទី ២៩ នៃព្រះរាជាណាចក្រថៃ និងជាបេក្ខភាពទី ១៧ ដែលកាន់កាប់ វិស័យយោធា៕




តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ CNN, NYT

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]