បន្ទាប់ពីប្រមាញ់ខ្សែប្រយុទ្ធឆ្នើមៗ លំដាប់ពិភពលោក អស់រយៈពេល ជាយូរណាស់មកហើយនោះ ឥឡូវនេះលោក Brenden Rodger គ្រូបង្វឹក Liverpool សម្រេចក្នុងការនាំយកខ្សែប្រយុទ្ធ អាយុ ២៤ ឆ្នាំ សញ្ជាតិអ៊ីតាលី មកកាន់កីឡាដ្ឋាន Anfield ក្នុងតម្លៃ ១៦ លានផោន ជាស្ថាពរហើយ ដោយនៅសល់តែលក្ខខ័ណ្ឌផ្ទាល់ខ្លួន រវាងខ្សែប្រយុទ្ធនេះ ជាមួយនឹងក្លឹបថ្មីតែប៉ុណ្ណោះ។

បើតាមសារព័ត៌មានបានឲ្យដឹងថា ខ្សែប្រយុទ្ធរូបនេះ នឹងចូលរួមពិនិត្យសុខភាព នៅមុនពេលចុងសប្តាហ៍ ខណៈហង្សក្រហម Liverpool ត្រូវធ្វើដំណើរទៅកាន់កីឡាដ្ឋាន Etihad ដោយប៉ះជាមួយនឹងក្រុម Man CITY ដែលជាក្រុមចាស់ របស់ Balotelli ផងដែរ។

ចូលរួមជាមួយនឹង Man CITY នាខែ សីហា ឆ្នាំ ២០១០ ក្នុងតម្លៃខ្លួន ២៤ លានផោន ខ្សែប្រយុទ្ធ Balotelli បង្ហាញខ្លួនអោយក្រុមនេះ ចំនួន ៨០ ដង ក្នុងរយៈពេល ៣ រដូវកាល (២០១០-២០១៣) និងរកគ្រាប់បាល់បាន ៣០ គ្រាប់ នៅមុនពេលផ្ទេរទៅកាន់ AC Milan ដោយមួយរដូវកាលជាមួយនឹង ក្រុមអ៊ីតាលីមួយនេះ Balotelli រកគ្រាប់បាល់បាន ៣០ គ្រាប់ ក្នុងចំនួនវត្តមានទាំង ៥៤ ប្រកួត។

កាលពីរដូវកាលមុន AC Milan បញ្ចប់ទៅដោយឈរ នៅលំដាប់លេខរៀងទី ៨ ដែលមិនអាចឲ្យក្រុមនេះ លេងក្នុងពានរង្វាន់ Champions League បាន ហើយការមកដល់ Liverpool នេះ Balotelli អាចលេងក្នុងក្របខ័ណ្ឌកំពូល របស់អឺរ៉ុបនេះបាន ដោយសារតែហង្សក្រហម បញ្ចប់ទៅដោយ ឈរនៅលេខរៀងលេខ ២ កាលពីរដូវកាលមុន។


                      Balotelli ជាមួយនឹងមិត្តរួមក្រុម AC Milan 

គួរបញ្ជាក់ផងដែរថា Liverpool បានលក់ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្កាយ Luis Suarez របស់ខ្លួន ទៅឲ្យ Barcelona ក្នុងតម្លៃទឹកប្រាក់ ៧៥ លានផោន និងនាំចូលខ្សែប្រយុទ្ធថ្មីៗ ដូចជា ខ្សែប្រយុទ្ធ Rickie Lambert ពីក្រុម Southampton តម្លៃ ៤ លានផោន និងខ្សែប្រយុទ្ធវ័យក្មេង សញ្ជាតិបែលហ្សិច Divock Origi ក្នុងតម្លៃ ១០ លានផោន ប៉ុន្តែឲ្យខ្ចីជើងទៅក្រុមចាស់ Lille មួយរដូវកាល ខណៈអនាគតខ្សែប្រយុទ្ធ Borini នៅស្រពិចស្រពិល បន្ទាប់ពីមានការប្រមាញ់ ពីក្រុមឆ្មាខ្មៅ Sunderland រួចមក។


                  ខ្សែប្រយុទ្ធ Luis Suarez កាលនៅលេងអោយ Liverpool
 

ប្រភព៖ បរទេស

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]