រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ស្រវឹងធ្លាក់ភ្នែក បានបើករថយន្ត តូយ៉ូតាព្រូស ទៅបុកតូប លក់គុយទាវ ហើយជ្រុលទៅបុក ម៉ូតូពីរគ្រឿង ពីក្រោយ បន្តបន្ទាប់គ្នា ពេញទំហឹង បណ្តាលឱ្យ ម៉ូតូមួយគ្រឿង កៀបជាប់ ពីក្រោមរថយន្ត បើកអូសទៅមុខ របួសធ្ងន់២នាក់ ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលា ម៉ោង១២ និង៣០នាទី រំលងអាធ្រាត្រ ឈាចូលថ្ងៃទី ២២ សីហា ២០១៤ តាមបណ្តោយ ផ្លូវកម្ពុជាក្រោម ខាងលិច វិទ្យាល័យសន្ធម៉ុក ប្រហែល១០០ម៉ែត្រ ស្ថិតនៅក្នុង សង្កាត់ទឹកល្អក់មួយ ខណ្ឌទួលគោក។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេល កើតហេតុ គេឃើញ រថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-0353 បើកដោយ យុវជនស្រវឹង ធ្លាក់ភ្នែកម្នាក់ តាមផ្លូវកម្ពុជាក្រោម យ៉ាងលឿន ក្នុងទិសដៅ ពីកើតទៅលិច ខណៈមកដល់ ចំណុចកើតហេតុ ក៏បានរេចង្កូតទៅ បុកតូបលក់គុយទាវ ហើយជ្រុលទៅបុក ម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ 1Q-8311 បើកដោយបុរសម្នាក់ និងជ្រុលទៅបុក ម៉ូតូស្តេបពណ៌ខ្មៅ មួយគ្រឿង អត់មានស្លាកលេខ បើកដោយបុរសម្នាក់ ពីក្រោយពេញទំហឹង បណ្តាយឱ្យ ម៉ូតូស្តេបមួយគ្រឿង កៀបជាប់ ពីក្រោមរថយន្ត អួសទៅ ជាមួយរថយន្ត បែកផ្កាភ្លើងពេញផ្លូវ របួសធ្ងន់ពីរនាក់ ។ អ្នកបើករថយន្ត បានរីយ៉ែទម្លាក់ ម៉ូតូស្តេបចេញ ពីរថយន្ត ហើយបានបើក គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋ ស្ទាក់ចាប់បាននៅ ចំណុចផ្សារ ហេង លី ដោយសាររថយន្ត បែកកង់។

ក្រោយពេលឃាត់រថយន្ត បានហើយនោះ ប្រជាពលរដ្ឋបាន ស្វាគមន៍យុវជន បើករថយន្ត បង្កខាងលើ ម្នាក់មួយដៃ ម្នាក់មួយជើង របួសបែកមុខ បែកមាត់ ហើយសមត្ថកិច្ច បានយករថយន្ត និងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាន ខណ្ឌទួលគោក រងចាំដោះស្រាយ តាមនិតិវិធីច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]