ខេត្តរតនគិរី ៖ ក្រុមឈ្មួញរកស៊ី ឈើប្រណីត បានធ្វើការរិះគន់ ដល់មន្រ្តីគយ នៅក្នុងខេត្ត រតនគិរីថាបាន កៀបសង្កត់ ដល់ពួកគេ ដោយមន្រ្តីគយ បានយកលុយ ពីការដឹក ឈើប្រណីត ចេញទៅលក់ នៅក្នុង ប្រទេសវៀតណាម ក្នុងមួយរថយន្ត សាំយ៉ុង យកពី២០ ទៅ៣០មឺុនរៀល ។ ក្រុមឈ្មួញទាំងនោះ បាននិយាយ ដូចៗគ្នាថា របររកស៊ី ឈើប្រណីត សពថ្ងៃនេះ មិនស៊ូវបាន ចំណេញទេ ព្រោះរកស៊ី គឺបង់ឱ្យតែគយ និងសមត្ថកិច្ច អស់បាត់ហើយ។

គួរបញ្ជាក់ថា រដ្ឋបាលព្រៃឈើ បានបើក ភ្លើងខៀវ ឱ្យក្រុមឈ្មួញ រកស៊ី ឈើប្រណីត ខុសច្បាប់ ដឹកតាមម៉ូតូ ដូចកណ្តៀ យកមកលក់ ឱ្យមេធំៗនៅក្នុង ក្រុងបានលុង លើកដាក់រថយន្ត សាំយ៉ុងទម្លាក់បាត ដឹកចេញទៅលក់ ឱ្យប្រទេសវៀតណាម តាមច្រកអន្តរជាតិ អូរយ៉ាដាវ សព្វថ្ងៃនេះ យ៉ាងហោចណាស់ ក៏មានម៉ូតូពី ១០ទៅ២០គ្រឿង ដឹកឈើប្រណីត ខុសច្បាប់ យកមកលក់ ឱ្យឈ្មួញធំៗ ៤ទៅ៥នាក់ នៅខាងក្រោយបន្ទាយទាហ៊ាន សឹករងខេត្ត  ស្ថិតនៅក្នុង ភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ។

ឈើប្រណីតទាំងអស់ ខាងលើនេះ ក្រុមឈ្មួញបាន ទិញពីម៉ូតូ មួយដុំតម្លៃ ១០០ដុល្លារ ដែលមានទំហំ១០ គុណនិង៤០ ប្រវែង១.២ម៉ែត្រ យកទៅលក់ នៅប្រទេស វៀតណាម មួយដុំបានតម្លៃ ២៥០ ដុល្លារ។ បច្ចុប្បន្ននេះ ក្រុមឈ្មួញ ឆ្លាតខ្លាំងណាស់ បានទម្លាក់ បាតរថយន្ត សាំយ៉ុង ដាក់ឈើប្រណីត បាន២៧ដុំ ក្នុងមួយរថយន្តសាំយ៉ុង ហើយក្រុមឈ្មួញ ចំនួន៤ទៅ៥នាក់ ខាងលើពេល អ្នកសារព័ត៌មាន ថតយករូបភាព បាននិយាយថា <<ថតអីថតទៅ ពួកគេបានបង់លុយ ជូនមេព្រៃ រួចរាល់ហើយ >> ក្នុងនោះផងដែរ ក្រុមឈ្មួញទាំងនេះ បានទូរស័ព្ទ ប្រាប់កងកម្លាំង ប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ ឱ្យបានដឹងផងដែរ។

ប្រជាពលរដ្ឋ ដែលរកស្របច្បាប់ បានធ្វើការរិះគន់ មន្រ្តីជំនាញ រដ្ឋបាលព្រៃឈើ ក្រុងបានលុង យ៉ាងខ្លាំង ដោយប្រជាពលរដ្ឋ បានលើកឡើងថា មិនគួរណា រដ្ឋបាលព្រៃឈើ បើកដៃឱ្យម៉ូតូ ដឹកឈើប្រណីត ខុសច្បាប់ទាំងថ្ងៃ បែបនេះសោះ ។ ដោយប្រជាពលរដ្ឋ ឃើញក្រុមឈ្មួញ ទាំងនោះ ដឹកឈើប្រណីត យកទៅផ្ទុកនៅ ខាងក្រោយបន្ទាយ ទាហ៊ានសឹករងខេត្ត ដោយឈ្មួញ បានបង់លុយ ប្រចាំខែជូនសមត្ថកិច្ច និងមន្រ្តីជំនាញ រដ្ឋបាលព្រៃឈើ គ្រប់ជាន់ថ្នាក់ អស់ហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]