រាជធានីភ្នំពេញ ៖ ប្រធាននាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានមានប្រសាសន៍ថា មកទល់នឹង រសៀលថ្ងៃទី២០ សីហា រោគសញ្ញា សង្ស័យថា មានឆ្លងជំងឺ អេបូឡា នៅកម្ពុជានោះ មិនទាន់មាន នៅឡើយទេ ខណៈជំងឺនេះ មានការសង្ស័យ មួយករណី កើតមាននៅ ប្រទេសភូមា និង ពីរករណី នៅក្នុងប្រទេស វៀតណាម ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ យ៉ាងខ្លាំង ចំពោះជំងឺប្រភេទថ្មី នេះ និងបានបន្ត តាមដាន ការវិវត្ត ទាំងនៅអាហ្វ្រិក ខាងលិច ក៏ដូចជា ក្នុងតំបន់ ពិសេសប្រទេសជិតខាង កម្ពុជា ដូចជា ថៃ វៀតណាម ឡាវ និងប្រទេសភូមា ជាដើម ។

លោកប្រធាននាយកដ្ឋាន បន្តថា ក្នុងការទប់ស្កាត់ជំងឺនេះ ក្រសួងសុខាភិបាល បានដាក់ប្រព័ន្ធ និងមន្ទីរពិសោធន៍ តាមដានអ្នកដំណើរ ឆ្លងកាត់ នៅតាមព្រំដែន ជាពិសេស អ្នកដំណើរ ដែលមកពី ប្រទេសដែលផ្ទុះជំងឺអេបូឡា ។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល បាននិងកំពុង ប្រើប្រាស់យន្តការ ដែលមានស្រាប់ ដែលក្រសួង ធ្លាប់បានចាត់វិធានការ ក្នុងការទប់ស្កាត់ ជំងឺផ្តាសាយបក្សី និងជំងឺឆ្លង ដទៃផ្សេងទៀត នាពេលកន្លងមក ។

បើតាមលោក វេជ្ជបណ្ឌិត លី សូវ៉ាន់ រោគសញ្ញាសង្ស័យ ជំងឺអេបូឡា មានដូចជា គ្រុនក្តៅភ្លាមៗ លើសពី៣៨អង្សា ឈឺក្បាល ក្អួត រាក ឈឺសាច់ដុំ និងមានកន្ទួល លើស្បែក ប៉ុន្តែរោគសញ្ញា ទាំងនេះ ក៏ត្រូវសិក្សា ពីប្រវត្តិជនសង្ស័យ ធ្លាប់អញ្ជើញមក ពីប្រទេស ដែលផ្ទុះជំងឺអេបូឡា ឬធ្លាប់ប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺ ប្រភេទថ្មីនេះ ។

គួរបញ្ជាក់ថា មកដល់ពេលនេះ ជំងឺអេបូឡា បានសម្លាប់មនុស្ស ១២២៩នាក់ហើយ នៅអាហ្វ្រិកខាងលិច ជាពិសេស ប្រទេស លីបេរីយ៉ា ហ្គីណេ និងប្រទេស សៀរ៉ាឡេអូន ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]