រាជធានីភ្នំពេញ ៖ សំណុំរឿង បង្ខាំងមនុស្ស ខុសច្បាប់ ការធ្វើទារុណកម្ម និងរំលោភសេពសន្ថវៈ ដែលជារឿងរ៉ាវ គួរឱ្យភ្ញាក់ផ្អើលមួយ កាលពីខែកក្កដា ក្នុងភូមិគ្រឹះ អតីតថៅកែ ខ្លឹមចន្ទន៍ក្រស្នា ពេលនេះ កំពុងត្រូវបានតុលាការ អនុវត្តតាមនីតិវិធី ខណៈដែល ក្រុមជនជាប់ចោទ មើមៗគេចខ្លួន បាត់អស់ ឯអ្នកបើករថយន្ត និងស្ត្រីចុងភៅ ត្រូវបានចាប់ខ្លួន ទៅវិញ និងក្រោយមក ស្ត្រីចុងភៅ ក៏បានដោះលែង ដោយជាប់ឃុំ តែអ្នកបើកបររថយន្ត ដ៏ល្ហេមល្ហាមតែម្នាក់ ។

មកទល់ពេលនេះ ឪពុកម្ដាយជនរងគ្រោះ ក្នុងថ្ងៃទី២០ សីហា បានចូលមកកាន់ សាលាដំបូង រាជធានីភ្នំពេញ បន្ទាប់ពីជនរងគ្រោះ ជាស្ត្រីវ័យក្មេង អាយុ១៨ឆ្នាំ និងប្អូនប្រុសរបស់នាង អាយុ១២ឆ្នាំ ដែលជាជនរងគ្រោះ នៃសំណុំរឿងនេះ បានចូលបំភ្លឺ តុលាការ ដើម្បី ដាក់បន្ទុក លើម្ចាស់ភូមិគ្រឹះ ដែលជាអ្នកមានទ្រព្យ ស្ដុកស្ដម្ភ ។

មេធាវីអង្គការមួួយ ដែលការពារក្ដី ឱ្យជនរងគ្រោះ បាននិយាយថា ឪពុកម្ដាយជនរងគ្រោះ បើទោះបី បានបង្ហាញខ្លួន នៅតុលាការក្ដី ចៅក្រមនៅមិនទាន់ បានសាកសួរនៅឡើយទេ ។ មេធាវី ការពារជនរងគ្រោះ និយាយទៀតថា មានតែមនុស្ស ចំនួន៤នាក់ នៃសមាជិក របស់ជនរងគ្រោះ ត្រូវបានសាកសួរ ចាប់តាំងពីថ្ងៃទី១៨មក២០ សីហា ។ តាមគម្រោង ចៅក្រមសើុបអង្កេត នឹងកោះហៅ លោក ប៊ែវ ខួច អាយុ៤៨ឆ្នាំ និងអ្នកស្រីតេង ភាព អាយុ៤៨ឆ្នាំ ជាឪពុកម្ដាយ របស់ជនរងគ្រោះ ចូលទៅបំភ្លឺ ទាក់ទងនឹង សំណុំរឿងខាងលើ ក្នុងនាមជា អ្នកអាណាព្យាបាល ជនរងគ្រោះ ។

ទោះបីជាមិនទាន់ បានសាកសួរក៏ដោយ លោក ប៊ែវ ខួច និងអ្នកស្រីតេង ភាព ត្រូវបានមន្ត្រីអង្គការ ដែលគាំពារ នាំទៅតុលាការ កាលពីថ្ងៃទី២០ សីហា ក្នុងនាមជា អ្នកអាណាព្យាបាល ជនរងគ្រោះ ដែលត្រូវឆ្លើយតប នឹងតម្រូវការ របស់លោក ស្វាយ តុញ ជាចៅក្រម សើុបអង្កេត ក្នុងសំណុំរឿងនេះ ។

ឪពុកជនរងគ្រោះ បាននិយាយ ប្រាប់កោះសន្ដិភាពថា ជាលើកទី១ សម្រាប់ជីវិតគ្រួសារ រងគ្រោះដូចគាត់ ដែលមានកូន ចំនួន១១នាក់ (ស្រី៧នាក់ ប្រុស៤នាក់) មកកាន់តុលាការ បែបនេះ ។ លោក ប៊ែវ ខួច បាននិយាយថា ខ្ញុំមិនបានយល់ព្រម ឱ្យកូនៗខ្ញុំ មករស់នៅជាមួយ ម្ចាស់ភូមិគ្រឹះ នេះទេ តែគាត់បាន លួចបបួលកូនៗខ្ញុំ ស្ងាត់ៗ ពេលដែលខ្ញុំ មិននៅផ្ទះ ។

រឿងនេះក្រុមគ្រួសារ បានដាក់ពាក្យប្ដឹង តាមរយៈអង្គការ សិទ្ធិមនុស្ស ឱ្យជួយរកយុត្តិធម៌ ដោយមិនត្រូវឱ្យ អ្នកមានទ្រព្យសម្បត្តិ ធ្វើបាបជនរងគ្រោះ ដទៃ ដូចកូនរបស់គាត់ ទៀតទេ ។ បើទោះបីជា ទើបតែបានជាសះស្បើយ ពីជំងឺទឹកនោមផ្អែម លើសឈាម ក្ដី ឪពុកជនរងគ្រោះ បានលើកឡើងថា ខ្ញុំមិននឹកស្មានថា គ្រួសារអ្នកមានមួយនេះ បានធ្វើទារុណកម្ម មកលើកូនគាត់ បែបនេះសោះ ។

ជនរងគ្រោះ បាននិយាយ នៅខាងក្រៅតុលាការថា កាលពីជិត១០ឆ្នាំមុន គឺក្នុងឆ្នាំ២០០៤-២០០៥ ពេលនោះ គាត់មានកូន៩នាក់ទេ និងមានទីកន្លែង កំណើត នៅស្រុកកំពង់ត្រាច ខេត្តកំពត ហើយបានផ្លាស់ទីលំនៅ ទៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងឆ្នាំ ២០០៥-២០០៦ ដោយសារកូនស្រីបង របស់គាត់ បានផ្ដល់ ដីចម្ការ និងដីសង់លំនៅឋាន មួួយកន្លែង ឱ្យមកពួកគាត់ បន្ទាប់ពីកូនស្រី រូបនេះ បានរៀបការប្ដី នៅសៀមរាប ។

លោក ប៊ែវ ខួច បាននិយាយទៀតថា ក្នុងមុខរបរជាកសិករ បន្ទាប់មកក្នុងឆ្នាំ២០០៦ គ្រួសារគាត់ បានស្គាល់ស្ត្រី ជនជាតិម៉ាឡេសីុម្នាក់ ដែលរកសីុ មុខរបរ ទិញលក់ និងដាំខ្លឹមចន្ទន៍ក្រស្នា នៅខេត្តសៀមរាប និងខេត្តកែប ។ ស្ត្រីម៉ាឡេសីុ នៅពេលនោះ បានជួលគ្រួសារគាត់ ឱ្យទៅដាំខ្លឹមចន្ទន៍ នៅខេត្តកែប ក្នុងឆ្នាំ ២០០៥-២០០៦ ។ នៅទីនោះហើយ ដែលក្រុមគ្រួសារលោក សឿង ហឿង បានស្គាល់ពួកគាត់ តាមរយៈស្ត្រី ម៉ាឡេសីុ ដែលបានមករកសីុ ខ្លឹមចន្ទន៍ក្រស្នាជាមួយ ។

លោក ប៊ែវ ខួច បានហៅ លោកសឿង ហឿង ថាឧកញ៉ា តែមិនច្បាស់ថា ជាឧកញ៉ា ឬ បែបណានោះទេ ។ អ្នកស្រីតេង ភាព អាយុ៤៨ឆ្នាំ ជាម្ដាយ បាននិយាយថា នៅពេលនោះ លោកឧកញ៉ា សឿង ហឿង និងប្រពន្ធឈ្មោះ តាំង សីុមរ៉ុង មានដីមួយកន្លែង នៅជិតចម្ការ របស់ស្ត្រី ជនជាតិម៉ាឡេសីុ ដែលក្រុម គ្រួសារគាត់ ស្នាក់នៅទីនោះដែរ ក្នុងមុខរបរជាកម្មករ និងដាំខ្លឹមចន្ទន៍ក្រស្នា ឱ្យក្រុមហ៊ុនម៉ាឡេសីុ នៅទីនោះផង ។

បន្ទាប់ពីបានឃើញ គ្រួសាររបស់គាត់ មានកូនច្រើន លោកឧកញ៉ាសឿង ហឿង និងប្រពន្ធ បានសុំកូនស្រីៗគាត់ ២នាក់ ឈ្មោះប៉ែន វិត និងឈ្មោះប៉ែន សុភី មកនៅជាមួយគាត់ នៅភ្នំពេញ ។ នៅពេលនោះ កូនៗស្រីពីរនាក់នេះ មានអាយុទើបតែ ៨ទៅ១០ឆ្នាំប៉ុណ្ណោះ ។

ស្ត្រីជាម្ដាយ បាននិយាយទៀតថា ពេលនោះ ប្ដីប្រពន្ធ អ្នកមាននេះ បានព្យាយាមម្ដងហើយ ម្ដងទៀត ក្នុងការ សុំកូនស្រីៗ របស់គាត់ ទាំងពីរនាក់ នេះរហូត នៅពេលមួយនោះ គាត់មិននៅផ្ទះ កូនស្រីទាំងពីរ ក៏បានមកតាម ប្ដីប្រពន្ធអ្នកមាន ស្ដុកស្ដម្ភនេះ ដែលពេលនោះ គាត់បានប្រាប់ថា ប្ដីប្រពន្ធនេះ ធ្លាប់បានផ្ដល់លុយ ប្រមាណ៥០០ដុល្លារ មកឱ្យគ្រួសារ របស់គាត់ យកមក ព្យាបាលប្ដីគាត់ ដែលធ្លាក់ខ្លួនឈឺធ្ងន់ គ្មានលុយព្យាបាលជំងឺ ។

ក្រោយមកកូនស្រី ឈ្មោះ ប៉ែន វិត ត្រូវបានគេបំបែក ពីប្អូនស្រីឈ្មោះ ប៉ែន សុភី (ជនរងគ្រោះ) ។ ដោយសារ មិនចេះរស់នៅ ប៉ែន វិត បានព្យាយាម សុំត្រឡប់មកផ្ទះ នៅកែបវិញ តែប្ដីប្រពន្ធអ្នកមាន ជាម្ចាស់ភូមិគ្រឹះ មិនអនុញ្ញាតទេ ។ អ្នកស្រីតេង ភាព អះអាងថា ប្ដីប្រពន្ធ អ្នកមាននេះ បានលួងលោម ឱ្យកូនស្រីឈ្មោះ ប៉ែន វិត ដែលពេលនោះ មានអាយុ១០ឆាំ្ន ទៅលួងលោម ប្អូនប្រុស២នាក់ មកនៅជាមួយទៀត ទើបគេអនុញ្ញាត ឱ្យនាង វិលត្រឡប់ ទៅផ្ទះវិញ ។

នៅពេលនោះ កូនស្រីឈ្មោះ ប៉ែន វិត ក៏បានមក លួចនាំប្អូនប្រុស ២នាក់ ឈ្មោះប៉ែន កា (ជនរងគ្រោះ) និងឈ្មោះប៉ែន កាង មកនៅជាមួយ ផ្ទះឧកញ៉ា នេះមែន ។  តែអកុសល បើទោះបីរស់នៅ ក្នុងភូមិគ្រឹះ ដំបូលតែមួយក្ដី ក៏បងប្អូន របស់ពួកគេ មិនត្រូវបានអនុញ្ញាត ឱ្យជួបគ្នា ញឹកញាប់ដែរ ។


មកដល់ព្រឹកថ្ងៃទី២០ សីហា ក្មេងស្រីឈ្មោះ ប៉ែន សុភី អាយុ១៨ឆ្នាំ និងក្មេងប្រុស ឈ្មោះ ប៉ែន កា ដែលជាជនរងគ្រោះ ឈ្មោះប៉ែន កាង ភេទប្រុស អាយុ១៣ឆ្នាំ និងឈ្មោះប៉ែន ធុច ភេទស្រី អាយុ២២ឆ្នាំ (ជាសាក្សី) បានចូលបំភ្លឺ តុលាការ ជាបន្តបន្ទាប់ រួចរាល់ហើយ ។

ការចូលបំភ្លឺនេះ បានធ្វើឡើង តាមដីកាកោះ របស់ចៅក្រមស៊ើបអង្កេត លោក ស្វាយ តុញ ដើម្បីឆ្លើយបញ្ជាក់ ក្នុងគោលបំណង ដាក់បន្ទុកបន្ថែម លើក្រុមគ្រួសារ ជនជាប់ចោទ និងអ្នកបម្រើ ពីរនាក់់ ។ ពេលតុលាការ សាកសួរ ជនរងគ្រោះ បានទាមទារ សំណងជំងឺចិត្ត ២ម៉ឺនដុល្លារ អាមេរិក និងទាមទារ ឲ្យតុលាការ កាត់ទោសជនល្មើស តាមច្បាប់ ។

មានព័ត៌មានថា នៅពេលនេះ ក្រុមគ្រួសារជាប់ចោទ មួយនេះ បានគេចខ្លួន បាត់ទៅហើយ ដែលខ្លះថា ទៅក្រៅប្រទេស ។ មេធាវី ជនរងគ្រោះ បាននិយាយថា តុលាការ បានចោទសួរ ឈ្មោះប៉ែន សុភី អាយុ១៨ឆ្នាំ កាលពីថ្ងៃទី១៨ សីហា និងប្អូនប្រុស របស់នាង ឈ្មោះប៉ែន កា អាយុ១២ឆ្នាំ ចូលឆ្លើយ កាលពីថ្ងៃទី១៩ សីហា ។ ក្នុងដំណើររឿងនេះ ជនរងគ្រោះ បានប្រាប់តុលាការ ពីសកម្មភាព ទាំងឡាយ របស់ម្ចាស់ភូមិគ្រឹះ លេខ១៩ ដែលបានបង្ខាំង ធ្វើទារុណកម្ម និងរំលោភនាង ។

ពីរនាក់បងប្អូន ត្រូវបានសមត្ថកិច្ច រំដោះចេញ កាលពីថ្ងៃទី២៩ កក្កដា កន្លងមក ។

ស្រី្តវ័យក្មេង អាយុ១៨ឆ្នាំ បានរៀបរាប់ថា លោកចៅក្រម បានសួរនាងថា តើជនជាប់ចោទណាខ្លះ ដែលបានធ្វើទារុណកម្ម និងបានរំលោភនាង ? ជនរងគ្រោះ បានប្រាប់ចៅក្រមថា មានមនុស្សចំនួន៦នាក់ ដែលបានធ្វើ ទារុណកម្ម មកលើរូបនាង បង្ខាំងនាង តែមានម្នាក់ ក្នុងចំណោមនេះ គឺឈ្មោះ សឿង រតនា ភេទប្រុស អាយុជិត៣០ឆ្នាំ ជាកូន បានរំលោភនាង រហូតមានផ្ទៃពោះ និងបានបង្ខំនាង ឲ្យយកកូនចេញ ទៀតផង ។ ក្រៅពីនេះ ម្ចាស់ផ្ទះប្រុស ឈ្មោះសឿង ហឿង អាយុជាង៦០ឆ្នាំ និងប្រពន្ធឈ្មោះ តាំង ស៊ីមរ៉ុង អាយុជាង៦០ឆ្នាំ ឈ្មោះយឹម ប៊ុនធឿន ភេទប្រុស (អង្គរក្ស) សឿង រដ្ឋា ភេទប្រុស (កូនម្ចាស់ផ្ទះ) និងស្ត្រីចាស់ម្នាក់ (ចុងភៅ) តែងបានវាយ ធ្វើបាបនាង និងប្អូនប្រុស ពេលពួកគេ ស្ថិតនៅក្នុង ភូមិគ្រឹះនោះ ។

មេធាវីជនរងគ្រោះ បានលើកឡើងថា ពេលនេះ មានតែឈ្មោះ យឹម ប៊ុនធឿន ម្នាក់ប៉ុណ្ណោះ ត្រូវបានចោទប្រកាន់ និងឃុំខ្លួន ជាបណ្ដោះអាសន្ន រីឯមនុស្សផ្សេងទៀត មិនបានចាប់ខ្លួន ឬកោះហៅ មកសាកសួរទេ ឬក៏ដោះលែងទេដឹង ។

តាមនីតិវិធី តុលាការសាកសួរ ជនជាប់ចោទ ជាមុន បន្ទាប់ពីតុលាការ ទទួលសំណុំរឿងនេះ ពីប៉ូលិស ដើម្បីដាក់បន្ទុក ឬលើកលែង ការចោទ បើតុលាការ រកឃើញ ឬរកមិនឃើញកំហុកទេ នីតិវីធីបន្ទាប់ ត្រូវកោះហៅ ជនជាប់ចោទ និងអ្នកដែល ពាក់ព័ន្ធទាំងឡាយ ចូលមកតុលាការ ដើម្បីឆ្លើយបំភ្លឺ ឬដោះបន្ទុក ។

ព្រះអាជ្ញារង លោក មាស ចាន់ពិសិដ្ឋ បានថ្លែង ប្រាប់អ្នកកាសែតថា លោកមិនបានដឹងថា តុលាការ ដោះលែងជនជាប់ចោទ ឬទម្លាក់ ការចោទប្រកាន់ មនុស្ស៥នាក់ផ្សេង ក្រៅពីឈ្មោះ យឹម ប៊ុនធឿន ដែលកំពុងឃុំខ្លួន នៅពន្ធនាគារ ព្រៃសឡើយ ។ ព្រោះខាងអយ្យការ បានចោទ និងបានបញ្ជូន ទៅចៅក្រម ស៊ើបសួររួចហើយ ។ ជនរងគ្រោះបារម្ភថា តុលាការ អាចនឹងដោះលែង ជនជាប់ចោទ ដែលមិនទាន់ បានចាប់ខ្លួន ទាំងនោះ ព្រោះរហូតដល់ពេលនេះ មានតែម្នាក់ ឈ្មោះ យឹម ប៊ុនធឿន ទទួលកំហុស ទាំងអស់នេះវិញ ។

គួរបញ្ជាក់ថា តាមបញ្ជីរាយនាម «ឧកញ៉ា ដែលកោះសន្ដិភាពមាន អត់មានឈ្មោះ លោក សឿង ហឿងទេ ។ មិនដឹងថា លោកសឿង ហឿង បានគោរម្យងារ ឧកញ៉ា ពីណាមកទេ សម្ងំឱ្យគេហៅ» ៕

ក្រុមគ្រួសារក្មេងប្រុស ស្រីរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]