ភ្នំពេញ៖ ចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បត៍ ទី ២១ ខែសីហា ឆ្នាំ២០១៤ បានប្រកាសសាលក្រម ផ្តន្ទាទោស ស្ត្រីជាប់ចោទ ចំនួន៣នាក់ ដែលជាមេអណ្តើក ជួញដូរនារី ក្រមុំព្រហ្មច្ចារី ដោយសម្រេច ដាក់គុកពួកគេ ម្នាក់ៗ រយៈពេល ៥ឆ្នាំ និងបង្គាប់សងជម្ងឺ ចិត្តម្នាក់ៗ ចំនួន២លានរៀល ទៅនារីរង គ្រោះចំនួន៣នាក់ ជាប់ពាក់ព័ន្ធនឹង ករណីនាំក្មេងស្រីក្រមុំ ព្រហ្មចារីចំនួន៣នាក់ យកទៅបង្ខាំងទុក សម្រាប់បម្រើផ្លូវភេទ ជាមួយបុរសអ្នកមាន ឬពួកតាៗ នៅតាមផ្ទះសំណាក់ ឬ សណ្ឋាគារ ប្រព្រឹត្តកាលពី កំឡុង ឆ្នាំ២០១៣។

លោក សួស សំអាត ចៅក្រមនៃ សាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ ទាំង៣នាក់នេះ មានឈ្មោះ ទី ១-ឈ្មោះ ចាន់ស្រីលក្ខ័ ហៅ លី ភេទស្រី អាយុ ២៥ ឆ្នាំ ទី២-ឈ្មោះ សឿន តី ហៅសឿនស្រីពៅ ភេទ ស្រី អាយុ ២៤ ឆ្នាំ អ្នកទាំងពីរនេះ មានមុខរបរ ស្រ្តី បម្រើផ្លូវភេទ មាន អាស័យដ្ឋាន ស្នាក់នៅ ក្នុងបន្ទប់ផ្ទះជួល ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី៣-ឈ្មោះ គឹម ឡៃសៀក ភេទស្រី អាយុ១៨ឆ្នាំ ហៅតេកកក់ មានមុខរបរ រត់តុ មានទីលំនៅ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនជាប់ចោទ ទាំង៣នាក់នេះ ត្រូវបានចោទប្រកាន់ពី តំណាងអយ្យកា ពីបទ «សញ្ចារកម្ម និង អំពើអួសទាញ ពេស្យាចារកុមារ» តាមមាត្រា ២៦ និង៣៥ នៃ ច្បាប់ស្តីពីការ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើ អាជីវកម្មផ្លូវភេទ និងត្រូវបាន ចាប់ឃាត់ខ្លួន ជាបន្តបន្ទាប់ ដោយ កម្លាំងនគរបាល ការិយាល័យប្រឆាំង ការជួញដូរមនុស្ស តាមពាក្យបណ្តឹងពី ក្រុមគ្រួសាររបស់ ក្មេងស្រីរងគ្រោះ នៅក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ និង នៅក្នុងបន្ទប់ផ្ទះជួល មួយកន្លែង ស្ថិតនៅក្នុង ភូមិ តាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌមានជ័យ កាលពីថ្ងៃ ទី ១៩ និង ២០ ខែធ្នូ ឆ្នាំ ២០១៤៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]