តៃវ៉ាន់៖ កាលពីពេលថ្មីៗនេះ មានអ្នកទោស ដែលទើបនឹងត្រូវ ដោះលែងម្នាក់ បានធ្វើសកម្មភាព សងសឹកទៅលើបុរសម្នាក់ តែអ្វីដែល មិននឹកស្មាននោះ រូបគេបានបាញ់ច្រឡំមនុស្ស បណ្តាលឲ្យ ស្លាប់បុរសរងគ្រោះម្នាក់ ទាំងគាត់ មិនដឹងអ្វីទាល់តែសោះ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសតៃវ៉ាន់ម្នាក់ មាននាមត្រកូល Wang ជាជនល្មើស ក្នុងអំពើឃាតកម្មមួយ ក្នុងលក្ខណៈ ជាការសងសឹក ហើយក៏ជាគម្រោងការណ៍ រៀបចំទុកមុន អស់ជាង ២០ឆ្នាំមកហើយដែរ។ យ៉ាងណាមិញ ការសងសឹក របស់ជនល្មើស មិនបានសំរេចនោះទេ ព្រោះតែ បាញ់ច្រឡំមនុស្ស ហើយមូលហេតុ ក៏បណ្តាល មកពី ច្រឡំអាស័យដ្ឋានផ្ទះ ព្រោះថា ខណៈពេល នៅក្នុងគុក រូបគេ មិនបានដឹងទាល់តែសោះ ថាមានការរៀបចំឡើងវិញ នូវអាស័យដ្ឋានផ្ទះថ្មី នៅក្នុងតំបន់ដែល បុរសឈ្មោះ Chen ជាមុខសញ្ញា ដែលខ្លួន ចង់សម្លាប់នោះ រស់នៅ។

គួរបញ្ជាក់ដែរថា Wang ចងកំហឹងទៅលើ បុរសឈ្មោះ Chen នោះ ក៏ព្រោះតែ យល់ថា រូបគេជាអ្នកបំផ្លាញសុភមង្គល ក្រុមគ្រួសារ របស់ខ្លួន។ Wang បានលែងលះប្រពន្ធ និង ធ្លាប់បានវាយ Chen ឡើងទ្រោមខ្លួន ម្តងរួចមកហើយ មុនពេលជាប់គុក ព្រោះតែបាន រកឃើញថា ប្រពន្ធរបស់ខ្លួន មានទំនាក់ទំនង ស្នេហា ជាមួយនឹងប្រុសថ្មី ដែលជា លោក Chen និង ជាមនុស្ស ដែល Wang ចង់សម្លាប់ ដើម្បីសងសឹកនេះ។

ក្នុងនោះផងដែរ Wang បានដឹងថាខ្លួនឯង សម្លាប់ខុសមនុស្ស ក្រោយពេលត្រូវបាន ប៉ូលីសចាប់ខ្លួន ហើយក៏កំពុងត្រូវបាន បញ្ជូនខ្លួន យកទៅកាត់ទោស នៅតុលាការ ផងដែរ៕

តើប្រិយមិត្ត យល់យ៉ាងណា ចំពោះករណីនេះ?

ប្រភព៖ tomonews

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]