អេស្ប៉ាញ៖ ស្ត្រីម្នាក់ត្រូវបាន ប៉ូលីសចាប់ខ្លួន ខណៈពេលដែល នាងបានលាក់ កូកាអ៊ីន ដែលមានតម្លៃ រហូតដល់ទៅ ១២០,០០០ ដុល្លារ នៅក្នុងសុដន់ ក្លែងក្លាយ របស់នាង ដើម្បីនាំយក ចូលទៅក្នុង ប្រទេសអេស្ប៉ាញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីជនជាតិ វេណេស៊ុយអេឡាម្នាក់ អាយុ៤៣ឆ្នាំ បានប្រើប្រាស់ ថង់ប្លាស្ទិកចំនួន២ ដែលក្នុងនោះ មានផ្ទុកនូវ កូកាអ៊ីនដល់ទៅ ១.៧គីឡូក្រាម ដោយវះដាក់ចូលទៅ ក្នុងសុដន់ ដើម្បីគេចពីគយ នៅឯអាកាសយានដ្ឋាន នៅក្នុងរដ្ឋធានី របស់អេស្ប៉ាញ។ នៅពេលដែល នាងមកដល់ កន្លែងគយនៅក្នុង អាកាសយានដ្ឋាន ម៉ាឌ្រីដ នាងត្រូវបាន គេសង្ស័យ ព្រោះតែនាងមាន សភាពភ័យខ្លាច បន្ទាប់មក គេក៏ឆែកមើល ឥវ៉ាន់របស់នាង ប៉ុន្តែគេមិនបាន រកឃើញអ្វី ដែលគួរឲ្យ សង្ស័យនោះទេ។

ទោះបីជាគ្មានអ្វី គួរឲ្យសង្ស័យ នៅក្នុងវ៉ាលីស របស់នាងក៏ដោយ ក៏ក្រុមគយនៅទីនោះ បានបញ្ជារឲ្យ ឆែកមើលពេញ ខ្លួនប្រាណរបស់នាង ថែមទៀត ទើបគេរកឃើញថា មានភាពមិនប្រក្រតី នៅក្នុងសុដន់ទាំងគូ របស់នាង។ ដោយសារតែ ការភ័យខ្លាច ទើបនាង បានសារភាព ប្រាប់ប៉ូលីសថា នាងបានលាក់ កូកាអ៊ីន ដោយវះដាក់ចូល ទៅក្នុងសុដន់។

ជាមួយគ្នានេះដែរ គេក៏បានបញ្ជូននាង ទៅកាន់មន្ទីរពេទ្យ ដើម្បីវះកាត់ យកថង់កូកាអ៊ីន ទាំង២នោះ ចេញពីក្នុង សុដន់របស់នាង ដែលមានទំងន់ ១.៧គីឡូក្រាម និងមានតម្លៃប្រហែល ១២០,០០០ដុល្លារ។ ប៉ុន្តែគេ មិនបានឲ្យដឹងថា ពួកគេនឹង ដាក់ទោស ស្ត្រីខាងលើនេះ យ៉ាងណានោះទេ។

យ៉ាងណាមិញ ករណីនាំគ្រឿងញៀន ចូលទៅកាន់ ប្រទេសអេស្ប៉ាញ បានកើតឡើង ជាញឹកញាប់ និងតាមរយៈ រូបភាពជាច្រើន ប៉ុន្តែវានៅតែ មិនអាចគេចផុត ពីភ្នែករបស់ មន្ត្រីគយដែល ត្រួតពិនិត្យ នៅក្នុងអាកាសយានដ្ឋាន បានឡើយ។ ដោយចាប់តាំងពី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ រហូតមកដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤នេះ មន្ត្រីគយ បានធ្វើការរឹបអូស បានកូកាអ៊ីន ៤៩៣គីឡូក្រាម ដែលគិតជាប្រាក់ ប្រមាណជាង ៣៣លានដុល្លារ៕


ប្រភព៖ ដេលីម៉េល

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]