ភ្នំពេញ៖ ម្ចាស់ទីតាំង រកស៊ីវេលុយនិង ផ្ញើលុយតាមវីង មួយកន្លែង ស្ថិតនៅផ្ទះលេខ ១៧៥E តាមផ្លូវមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវបាន គេរាយការណ៍ថា មានជនសង្ស័យ៤នាក់ ជិះម៉ូតូពីរគ្រឿង ប្រដាប់ ដោយអាវុធខ្លី ចូលទៅភ្ជង់ ប្រមូលយកលុយ និងកាតទូរស័ព្ទខ្ទង់ ៧០០០ទៅ ៨០០០ដុល្លារ រួចហើយបើកម៉ូតូ គេចខ្លួនដោយសុវត្ថិភាព ប៉ុន្ដែករណីនេះ ជនរងគ្រោះមិន រងរបួសឬ គ្រោះថ្នាក់នោះឡើយ ដោយសារតែក្រុម ជនល្មើសមិនបានបាញ់ ។

យ៉ាងណាក៏ដោយ ចំពោះករណីនេះ កម្លាំងសមត្ថកិច្ច ជំនាញមិនទាន់ សន្និដ្ឋានថាជារឿង ប្លន់នៅឡើយទេ អាចជាករណីផ្សេងដោយ រង់ចាំការសួរនាំ និងស៊ើបអង្កេតបន្ដទៀត ពីព្រោះនៅម៉ោង កើតហេតុនោះ ពុំមាននរណា ម្នាក់ឃើញពីករណីនេះឡើយ ។

ការភ្ញាក់ផ្អើលថា មានជនសង្ស័យទៅ ភ្ជង់និងប្រមូលយក លុយពីកន្លែងទីតាំងផ្ញើ លុយនិងវេលុយវីង យីហោ សុភាវឌ្ឍនៈខាង លើនេះ បានបង្កឱ្យមានការ ភ្ញាក់ផ្អើលកាល ពីវេលាម៉ោងប្រមាណ ១២និង១០នាទីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ។

យោងតាមសេចក្ដី រាយការណ៍ជាជំហាន ដំបូងបានឱ្យដឹងថា មុនពេលកើតហេតុមាន ជនសង្ស័យ៤នាក់ ជិះម៉ូតូពីរគ្រឿងប្រដាប់ ដោយកាំភ្លើងខ្លីបាន ចូលទៅកន្លែង វេលុយវីងសុភាវឌ្ឍនៈ ដោយធ្វើជាទិញកាតទូរស័ព្ទ ២ ដុល្លារពីជនរងគ្រោះ ឈ្មោះ វង រ៉ាវីន អាយុ ៣២ឆ្នាំ ស្រាប់តែពេលនោះ បានដកកាំភ្លើងភ្ជង់ រួចហើយឃើញម្ដាយ រត់មកក៏ដកកាំភ្លើងភ្ជង់ ទៅម្ដាយបន្ថែម ហើយប្រមូល យកអស់លុយ និងកាតទូរស័ព្ទ ដែលដាក់តាំងលក់នៅ ក្នុងទូរតម្លៃចន្លោះពី ៧០០០ទៅ ៨០០០ដុល្លារ ។

ក្រោយកើតហេតុ និងបង្កឱ្យមានការ ភ្ញាក់ផ្អើលរួចមក ស្ដ្រីរងគ្រោះ ត្រូវបាននគរ បាលមូលដ្ឋានហៅ ទៅសួរនាំអំពី ហេតុការណ៍ មួយនេះ តើពិតជាមានជន សង្ស័យចូលទៅ ប្លន់ឬមួយយ៉ាងណា ។

ប្រជាពលរដ្ឋមួយចំនួន បានរិះគន់ចំពោះ ការពង្រឹងសន្ដិសុខ របស់នគរបាលប៉ុស្ដិ៍ បឹងសាឡាង ថាគ្មានប្រសិទ្ធភាព ហើយបទ ល្មើសជាច្រើន បានកើតឡើងជាបន្ដបន្ទាប់ ប៉ុន្ដែនាយនគរបាលប៉ុស្ដិ៍ ហាក់បីដូចជាគ្មាន ចំណាត់ការនិង យុទ្ធសាស្ដ្រក្នុងការ ដឹកនាំនោះឡើយ ដូច្នេះប្រជាពលរដ្ឋ មានជំនឿថា ស្នងការនគរបាល រាជធានីភ្នំពេញ និងពិនិត្យមើល ការដឹកនាំការងារ របស់នាយនគរបាល ប៉ុស្ដិ៍បឹងសាឡាង នេះផង ចៀសវាងការព្រួយបារម្ភ កាន់តែខ្លាំងពីសំណាក់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយសារតែបទល្មើស និងបទឧក្រិដ្ឋ បានកើតឡើងជាបន្ដបន្ទាប់ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]