ឥណ្ឌា៖ វាពិតជារឿង គួរឲ្យសង្វេគ សំរាប់ក្មេងប្រុសអាយុ ៨ឆ្នាំ ម្នាក់ ដែលបាន កើតក្នុង គ្រួសារដ៏ក្រីក្រ ហើយ នោះ បែរជា ត្រូវកើត មានជំងឺ ប្លែក ម្យ៉ាង បណ្តាលឲ្យ ដៃទាំង សងខាង រីកឡើងធំៗ ក្លាយជា ដៃយក្ស ខុសពីគេ ព្រមទាំងត្រូវ បាន មាក់ងាយ និង រើសអើងពី ក្មេងៗដទៃ ទៀត និងសាលារៀន ផងដែរ ។


ប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុស មានដៃយក្ស ម្នាក់នេះ ឈ្មោះ Kaleem រស់នៅ ក្នុងគ្រួសារ ក្រីក្រ មួយក្នុង ប្រទេស ឥណ្ឌា ដែល ឪពុកម្តាយ របស់ក្មេងប្រុស រកចំនូល បានតែ ២៥ ដុល្លារ អាមេរិក ក្នុងមួយខែ ប៉ុណ្ណោះ ។

លើសពីនេះទៀត ព្រេងវាសនារបស់ ក្មេងប្រុស Kaleem មានដៃយក្ស ពិតជាលំបាកវេទនា ដោយសារតែ Kaleem មិនអាចធ្វើកិច្ចការ អ្វីៗ ជាច្រើនបាន ដោយខ្លួនគេ នោះទេ ។ ម្យ៉ាងទៀត Kaleem បាននិយាយថា គេចង់ទៅរៀន ប៉ុន្តែ គ្រូបង្រៀន នៅសាលា និយាយថា ក្មេងៗនៅសាលា ខ្លាចដៃ របស់គេ ហើយ មិត្តភក្តិ ក្នុង សាលាជាច្រើន នាក់ តែងតែ សើច ចំអក និង ធ្វើបាប រូបគេ ដែលជាហេតុនាំឲ្យ ក្មេងប្រុសនេះ មិនអាចបន្ត ទៅរៀន នៅសាលា បាន ទៀតនោះទេ ។


រូបភាពៈ កុមារា Kaleem ដៃធំដូចដៃយក្ស

Kaleem បាននិយាយ បន្តថា គេពិបាកសូម្បីតែ ពេលត្រូវពាក់អាវ ជាដើម ហើយគេ ចង់ឲ្យគ្រូពេទ្យ វះកាត់ ដៃយក្សនេះ ឲ្យគេផងដែរ ។ ប៉ុន្តែវាជា បញ្ហាពិបាកមួយ សម្រាប់ គ្រួសារក្រីក្រ របស់គេ ដូច្នេះ ឪពុករបស់ Kaleem  វ័យ ៤៥ឆ្នាំ បានត្រឹមតែ នាំ Kaleem ទៅ ពិនិត្យនៅ ពេទ្យក្នុងតំបន់ ប៉ុណ្ណោះ។ តែ គ្រូពេទ្យបាន និយាយដោយ ទាល់គំនិតថា គាត់មិន ដែលបានប្រទះ ឃើញជំងឺដែលមាន ដៃធំៗ បែបនេះឡើយ សូម្បី ក្នុង ឯកសារ និង ព័ត៌មានអំពីជំងឺ ក្នុង បណ្តាញ អ៊ីនធើណេត ក៏គាត់មិនដែលជួបដែរ។

យ៉ាងណាមិញ ម្តាយរបស់ Kaleem វ័យ២៧ឆ្នាំ និយាយថា កូនរបស់គាត់ នៅពេលកើតមក មានដៃតូចធម្មតា ដូចក្មេងដទៃទៀតទេ ប៉ុន្តែ ក្រោយមក ម្រាមដៃ និងបាតដៃ កូនរបស់គាត់ ចេះតែរីកធំឡើងៗ ខុសពីគេ ដោយមិនដឹងពីមូលហេតុអ្វីនោះទេ ។


ទោះបីជាយ៉ាងណា ក្រោយពី បានពិនិត្យមើលរូបថត ព្រមទាំងវីដេអូពី សភាពរបស់ កុមារដៃយក្សនេះ រួចមក  ប្រធានមន្ទីរពេទ្យ កុមារ ម្នាក់ឈ្មោះ Krishan Chugh  បានឲ្យដឹងថា Kaleem អាចកើតជំងឺ ម្យ៉ាងហៅថា lymphangioma  ជាលក្ខខណ្ឌម្យ៉ាង ដែលធ្វើឲ្យ ប្រព័ន្ធ ជាលិកាប្រែប្រួល ធ្វើឲ្យរលោក ហើម ជាលទ្ធផល ធ្វើឲ្យ ផ្នែកផ្សេងនៃ រាងកាយ រីកឡើងធំខុស ធម្មតា ឬ ជាជំងឺ hamartoma ដែលជា ប្រភេទជំងឺ សាច់ដុះ ដែលបង្កើតឲ្យមាន ជាលិការីកធំលើរាងកាយ ។


ក្រោយពី បានដឹងថា មាន គ្រូពេទ្យស្គាល់ពីប្រភេទ ជំងឺនេះ ឪពុកម្តាយ Kaleem រីករាយ និងសង្ឃឹមថា កូនរបស់គាត់ អាចជាសះ ស្បើយ ហើយគាត់ នឹងខំរកលុយ ដើម្បីព្យាបាល កូន របស់ គាត់ឲ្យទាន់ បាន ផងដែរ ៕  


វីដេអូ ៖ កុមារា Kaleem គួរឲ្យអាណិត ដៃធំដូចដៃយក្ស 

ប្រភព៖ Mirror 

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]