ខេត្តសៀមរាប ៖ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ក្រុមអាជីវករ លក់មាសនៅ ផ្សារលើធំថ្មីថា មានករណីចោរ លួចកាត់សោ ទូមាស កាលពីយប់ថ្ងៃទី៨ សីហា កន្លងទៅនេះ កម្លាំងកងរាជ អាវុធហត្ថខេត្ត ដែលដឹកនាំសម្រប សម្រួលដោយតំណាងអយ្យការ បានធ្វើការស្រាវ ជ្រាវរហូតឈានទៅ ដល់ការចាប់ខ្លួនជន សង្ស័យចំនួន២នាក់ ដែលធ្វើជាសន្តិសុខ និងជាកូនភ្លោះនឹងគ្នា ព្រមទាំងបានដកហូត គ្រឿងអលង្ការជាច្រើន មកវិញផងដែរ ជាវត្ថុតាង ។

ការឈានទៅឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់នេះ ធ្វើទ្បើងកាល ពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៨ សីហា ដឹកនាំផ្ទាល់ ដោយកញ្ញា ទីវ គឹមកល្យាណ ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្ត និងលោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ។ លោកវរសេនីយ៍ឯក ស្រី យូរ៉ា បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានថា តាមពាក្យបណ្តឹង របស់អាជីវករលក់មាសនៅ ផ្សារលើធំថ្មីឈ្មោះ នួន វីរៈ ហៅតូ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានឱ្យដឹងថា គាត់បានបាត់គ្រឿងអលង្ការ ប្រភេទចិញ្ចៀនប្លាទីនដាំ ត្បូងចម្រុះចំនួន៤៨០វង់ ដោយចោរបានកាត់ សោទូលួចយកអស់ ។

ទោះបីជាបែបនេះក្តី ក្រោយពេលវែកមុខចោរឃើញហើយ ក៏បានរឹបអូស មកវិញ បានចំនួន ៤៥១វង់ គិតជាទឹកប្រាក់ ប្រមាណ៣ម៉ឺនដុល្លារ ។ លោកមេបញ្ជាការរងកង រាជអាវុធហត្ថខេត្តនិយាយថា បន្ទាប់ពីធ្វើការ ស្រាវជ្រាវក៏សង្ស័យយ៉ាងច្បាស់លាស់ថា ជន២នាក់ជាបងប្អូនបង្កើត ដែលបម្រើការងារជា សន្តិសុខនៅផ្សារលើធំថ្មី ជាអ្នករួមគំនិតគ្នាក្នុងម៉ោងពួក គេយាមវេលាយប់ បានយកកន្ទ្រៃយក្សកាត់ ដែកទៅកាត់សោទូមាសរួច ប្រមូលយកគ្រឿងអលង្ការ ទៅលាក់ទុកនៅផ្ទះរបស់ខ្លួន ក្នុងស្រុកជីក្រែង ។

លោកវរសេនីយ៍ឯកបន្តទៀតថា ជន២នាក់ដែលឃាត់ខ្លួននោះ ម្នាក់ឈ្មោះ ពេជ្រ វ៉ាន់ឌី អាយុ២៧ឆ្នាំ ជាសន្តិសុខ ស្នាក់នៅភូមិ បន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប និងម្នាក់ទៀតឈ្មោះ ពេជ្រ វ៉ាន់ឌីន អាយុ២៧ឆ្នាំ ជាកូនភ្លោះនឹងគ្នារស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ។ លោកបន្ថែមទៀតថា បន្ទាប់ពីជនទាំង២នាក់ បានសារភាពថា ខ្លួនបានកាត់សោទូមាស យកពិតប្រាកដមែន កម្លាំងរបស់លោក បាននាំជនទាំង២នាក់ ទៅយកវត្ថុតាង ដែលខ្លួនបានលក់ នៅផ្សារលើ ចំនួន៤កន្លែង និងផ្សារដើមក្រទ្បាញ់ ចំនួន២កន្លែង ព្រមទាំងឈានទៅប្រមូល យកគ្រឿងអលង្ការ មួយចំនួនធំទៀត ដែលពួកគេផ្ញើទុក នៅផ្ទះរបស់ប្អូននៅ ឯស្រុកជីជ្រែង ។

បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានប្រគល់គ្រឿង អលង្ការប្រភេទចិញ្ចៀន ប្លាទីនដាំត្បូង ចម្រុះចំនួន ៤៥១វង់ ជូនដល់ម្ចាស់ ដើមវិញហើយ ។ រីឯជនសង្ស័យកូនភ្លោះទាំង ២នាក់នោះ ត្រូវបានសមត្ថកិច្ចកសាង សំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៩ សីហា៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]