អូស្ត្រាលី៖ សត្វក្រពើក្បាលស មួយក្បាលដែល ត្រូវបានគេ ឲ្យឈ្មោះថា Michael Jackson នោះពេលនេះ បានសម្លាប់បុរសម្នាក់ កាលពីល្ងាច ថ្ងៃច័ន្ទ នេះនៅឯទន្លេ Adelaide ក្នុងប្រទេស អូស្ត្រាលី។

យោងតាមរបាយការណ៍ បានឲ្យដឹងថា បុរសវ័យ ៥៧ឆ្នាំម្នាក់ ត្រូវបានវាយប្រហារ និងសម្លាប់ដោយ ក្រពើមួយក្បាលនោះ នៅនឹងមុខ ប្រពន្ធរបស់គាត់ ខណៈពេលដែល ពួកគេកំពុង តែស្ទូចត្រី នៅឯទន្លេនោះ។

យ៉ាងណាមិញ ក្រោយមក ប៉ូលិសក៏បានរកឃើញ ក្រពើដែលមាន ប្រវែង៤.៥ម៉ែត្រ មួយក្បាលនេះ និងបាញ់សម្លាប់វា រីឯសាកសពរបស់ បុរសដែល ត្រូវបានក្រពើនេះសម្លាប់ ក៏បានរកឃើញ ក្នុងយប់នោះផងដែរ។

ទោះយ៉ាងណាក៏ដោយ ការបាញ់សម្លាប់ សត្វក្រពើមួយក្បាលនោះ ត្រូវបានមនុស្ស ជាច្រើនបង្ហាញពី អារម្មណ៍ខកចិត្ត និងធ្វើការ រិះគន់ យ៉ាងខ្លាំងផងដែរ។ លោក Rob Marchand ម្ចាស់ទូកកំសាន្ត ដឹកអ្នកដំណើរ តាមទន្លេមួយនេះ បាននិយាយថា “ភ្ញៀវទេសចរ ជាច្រើនដែលមក កំសាន្តនៅលើ ទន្លេនេះភាគច្រើន សុទ្ធតែចង់ឃើញ Michael Jackson ព្រោះថាវាមាន ភាពអស្ចារ្យ និងទាក់ទាញយ៉ាងខ្លាំង តែពេលនេះពួកគេ លែងបានឃើញ វាទៀតហើយ”។

គាត់បានបន្តទៀតថា “តាមពិតក្រពើ មួយក្បាលនោះ មិនសូវជាមាន ភាពកាចសាហាវ ប៉ុន្មានទេ តែដោយសារ តែពេលនេះជា អំឡុងពេលនៃ រដូវបង្កាត់ពូជ ទើបធ្វើឲ្យវា វាយប្រហារមក លើមនុស្សដូច្នេះ ហើយនេះគឺជា ធម្មជាតិរបស់វា ប៉ុណ្ណោះមិនគួរ ណាដាក់ការស្តី បន្ទោសទៅលើ វាដូច្នេះឡើយ”។



គួរបញ្ជាក់ផងដែរថា ប្រពន្ធរបស់ បុរសជា ជនរងគ្រោះ ពេលនេះកំពុង សម្រាកព្យាបាល នៅឯមន្ទីរពេទ្យ ដោយសារតែ ទទួលរងភាព តក់ស្លុតពេក ពេលដែលឃើញ ប្តីរបស់ខ្លួន ត្រូវសត្វក្រពើ វាយប្រហារនៅ នឹងមុខដូច្នេះ។ នេះគឺជាករណី ទី៣ហើយ សម្រាប់ប្រទេស អូស្ត្រាលី ដែលមានករណី ក្រពើវាយប្រហារ មកលើមនុស្ស៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]