ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរ ដោយគ្មាន ចេតនា របស់បុរសជាប្ដី ពេលកំពុងបើក រថយន្ដដឹកដី បានកិនម៉ូតូ ដែលប្រពន្ធបើក ឌុបកូន បណ្ដាលឱ្យកូនរបស់ខ្លួន ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯស្ដ្រីជាប្រពន្ធរង របួសធ្ងន់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរ ពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះ ។

គ្រោះថ្នាក់ចរាចរ ដែលបុរសជាប្ដីបើក រថយន្ដកិនម៉ូតូរបស់ប្រពន្ធ ដោយគ្មានចេតនា ខាងលើនេះ បាន បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង ៤០នាទីរសៀលថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវ ៣០ម៉ែត្រ ភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ ។

បុរសជាប្ដី ឈ្មោះសាំ រិទ្ធ អាយុ២៣ឆ្នាំ មុខរបរបើករថយន្ដដឹកដី មានស្រុកកំណើត នៅខេត្ដកំពង់ស្ពឺ បាននិយាយទាំងទឹកភ្នែក ទាំងដៃជាប់ខ្នោះថា ប្រពន្ធរបស់ខ្លួន ឈ្មោះ ម៉េត សុខុម អាយុ២៣ឆ្នាំ មុខរបរ កម្មការិនី កាត់ដេរនៅរោងចក្រ និងមានកូនប្រុសម្នាក់ អាយុទើប ១ខួប ៨ខែ ឈ្មោះរិទ្ធី ។

លោកសាំ រិទ្ធ បានរៀបរាប់ថា កាលពី ប៉ុន្មានថ្ងៃមុន ប្រពន្ធរបស់លោកខឹង ដោយសារ តែមានមនុស្សស្រី បានទូរស័ព្ទ មកលោក ប៉ុន្ដែប្រពន្ធលើក ក៏កើតជម្លោះ ដោយសារតែនាងប្រច័ណ្ឌ ។

ក្រោយឈ្លោះគ្នា ប្រពន្ធរបស់ខ្លួនបាន ចាកចេញពីផ្ទះនៅភ្នំពេញ ទៅរស់នៅជាមួយឪពុកម្ដាយ ឯក្បែរ ភ្នំបាសិទ្ធ ប៉ុន្ដែពេលទៅរស់នៅនោះ ត្រូវម្ដាយស្ដី បន្ទោស ហើយឱ្យត្រឡប់មករស់នៅជាមួយប្ដីវិញ ។

បុរសជាប្ដីរូបនេះ បានបន្ដទៀតថា លុះពេលម្ដាយស្ដីបន្ទោសយ៉ាងដូច្នេះ រូបនាង បានបើកម៉ូតូម៉ាកសេ ១២៥ ស៊េរីឆ្នាំ២០១៤ ឌុបកូនប្រុស មករកប្ដីវិញ លុះពេលបានជួបប្ដី កំពុងបើករថយន្ដ ឆ្ពោះទៅរណ្ដៅដី នៅកែង ធម្មត្រ័យ ប្រពន្ធរបស់លោកសុំឱ្យឈប់និយាយគ្នាសិន ។ ពេលនោះលោកសាំ រិទ្ធ បានប្រាប់ទៅ ប្រពន្ធថា ចាំជួបគ្នានៅកន្លែងរណ្ដៅដី ពីព្រោះខ្លាចថៅកែស្ដីឱ្យ ។ ប៉ុន្ដែប្រពន្ធរបស់លោក មិនព្រមក៏បើក ម៉ូតូឌុប កូនតាមក្រោយរថយន្ដរបស់ប្ដី លុះពេលធ្វើដំណើរបានជាងកន្លះគីឡូ ប្រពន្ធរបស់ខ្លួន បានបើក ម៉ូតូវ៉ា រថយន្ដនៅខាងឆ្វេងដៃ ស្រាប់តែពេលទៅដល់មុខរថយន្ដ ចូលមក កណ្ដាលផ្លូវ ទំនងជាធ្លាក់ ជង្ហុក ភ្លាមៗនោះ លោកបានកាច់ចង្កូតមកស្ដាំដៃ ស្ទើរធ្លាក់ប្រឡាយ ប៉ុន្ដែអនិច្ចាផុតកង់មុខ នៅកង់ក្រោយ កិននិងអូសម៉ូតូ បណ្ដាលឱ្យកូនប្រុស អាយុជិត២ខួប ខ្ទេចជើងទាំងសង ខាងស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ រីឯស្ដ្រីជាប្រពន្ធរងរបួសធ្ងន់ ត្រូវបាន រថយន្តសង្គ្រោះ បន្ទាន់ របស់អង្គភាព ៧១១ នៃកងពលតូចលេខ៧០ ជួយដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យ លោកសង្ឃ ។

បច្ចុប្បន្នបុរសជាប្ដីរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីយកទៅសួរនាំ ។

យ៉ាងណាក៏ដោយ ចំពោះហេតុការណ៍ នេះ ប្រជាពលរដ្ឋ បានលើកឡើងថា សមត្ថកិច្ច អាចពិចារណា ក្នុងផ្លូវណាមួយ ដោយ មិនដាក់ទោសទណ្ឌបុរសជាប្ដី ពីព្រោះវាជា រឿងអចេតនា ហើយបើចាប់ប្ដី បញ្ជូនពន្ធនាគារទៀតនោះ កាន់តែជួបទុក្ខធ្ងន់ធ្ងរ ពីព្រោះកូនក៏ស្លាប់ ប្រពន្ធរបួសធ្ងន់ ហើយខ្លួនឯងត្រូវ ជាប់គុកទៀត។










វីដេអូ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]