ភ្នំពេញ៖ លោក គឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ ជាតិកម្ពុជា បានឲ្យដឹងនៅ ថ្ងៃទី១៩ ខែសីហា នេះតាមរយៈ Facebook របស់លោកថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែឆ្នាំនេះ នឹងត្រូវប្រារព្ធ ធ្វើឡើងវិញ ចំថ្ងៃទី៥-៦-៧ ខែវិច្ឆកា ។

លោក គឹម គុណវឌ្ឍ បានសរសេរថា «ជូនដំណឹងពី ចម្ងាយបន្តិចហើយ : " ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ឆ្នាំ ២០១៤ ប្រព្រឹត្តទៅរយ:ពេល ៣ ថ្ងៃ គឺត្រូវនឹងថ្ងៃទី ៥ ទី៦ និងទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង" ។ គ្រប់ខេត្ត រាជធានី ត្រូវធ្វើការហ្វឹកហាត់ និងជ្រើសរើសទូក"ង" ទូក"ចែវ" ណាមានចំណុះចាប់ពី ១៨ ខ្ទង់ឡើងទៅ និងមានល្បឿនលឿន និងមានលក្ខណ: សមស្រប ។ រាជធានី និងខេត្ត ត្រូវចាត់ចំណាត់ថ្នាក់ តាមលំដាប់លំដោយ ប្រភេទទូកលឿន មធ្យម និងទូកគូពិសេស ដើម្បីងាយស្រួល គណ:មេប្រយោគ ផ្គូរផ្គងទូកនីមួយៗ សូមជ្រាប ។ ខ្ញុំជឿជាក់ថា ទូករបស់វត្ត ទូករបស់ខេត្ត រាជធានី និងទូករបស់អង្គភាព ពិតជាត្រៀមរៀបចំ ពីពេលនេះទៅហើយ ។ រីឯប្រទីបគឺមាន ៩ គឺប្រទីប ព្រះបរមរាជវាំង, ព្រឹទ្ធសភា ,រដ្ឋសភា ,រាជរដ្ឋាភិបាល ,ក្រសួងការពារជាតិ ,ក្រសួងមហាផ្ទៃ ,ក្រសួងទេសចរណ៏ និងប្រទីបសាលា រាជធានីភ្នំពេញ» ។

គួរជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខានបានប្រារព្ធ អស់រយៈពេល ៣ឆ្នាំមកហើយ ដោយឆ្នាំ២០១១ ត្រូវកាន់ទុក្ខដល់ អ្នកស្លាប់ជាង ៣០០នាក់ ក្នុងហេតុការណ៍រត់ជាន់គ្នា នៅកោះពេជ្រ និងឆ្នាំ២០១២-២០១៣ ត្រូវលុបចោល ដោយសារបញ្ហា គ្រោះធម្មជាតិទឹកជំនន់ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]