ភ្នំពេញ៖ បុរសកម្មករ សំណង់ម្នាក់ ត្រូវបានគេរាយការណ៍ថា បានខ្យល់គ ស្លាប់នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤នេះ ខណៈជនរងគ្រោះ និងប្រពន្ធ មកពីស្រុកកំណើត មកលេងបងស្រី នៅកន្លែងកើតហេតុ ហើយគ្រោះអកុសល នេះតែម្តង។

ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ នៅវេលាម៉ោង៧ព្រឹក ស្ថិតក្នុងភូមិ តាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ សេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ចុះទៅពិនិត្យសព រួចហើយ ប្រគល់ទៅឲ្យ ក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ តាមប្រពៃណី។

បើតាមស្ត្រីជាប្រពន្ធ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ង ភ័ក្រ ឬ យ៉ង ណាត អាយុ ៣៦ ឆ្នាំ មានស្រុកកំណើត នៅភូមិ ព្រៃពោន ឃុំព្រៃពោន ស្រុកកំពុងត្របែក ខេត្តព្រៃវែង ជាកម្មករសំណង់ ។

នាង សៅ ស្រីអូន ដែលត្រូវជា ប្រពន្ធជនរងគ្រោះ បាននិយាយថា នៅល្ងាចមុនថ្ងៃ កើតហេតុ នាងបានមក លេងបងស្រីនៅ កន្លែងធ្វើការរបស់បងស្រី នៅភូមិកើតហេតុ ដោយបានទូរស័ព្ទប្រាប់ប្តី (ជនរងគ្រោះ) ថានាងឡើងមកភ្នំពេញ ពេលនោះជនរង គ្រោះដែលធ្វើការ នៅកន្លែងផ្សេង ក៏បានប្រាប់ប្រពន្ធវិញ អីចឹងចាំល្ងាចគេមកជួប ដើម្បីលេងប្រលែង នឹងកូនស្រីផងដែរ ។

ប្រពន្ធជនរងគ្រោះ បានបន្តទាំងទឹកភ្នែកថា លុះពេលប្តីមក ក៏មានការជួបជុំបងប្អូន ហើយមានការហូបចុក ផឹកស្រាខ្លះៗ លុះ ដល់យប់ជ្រៅ ចូលដេក ប្តីបានត្អូញត្អែរថា ចុកទ្រូង និងមានក្អួតចង្អោរ ពេលនោះប្រពន្ធ បានកោសខ្យល់ឲ្យ ហើយក៏ដេកទៅ ។ ដល់ព្រឹកឡើង ប្តីងើបឡើង និងស្រស់ស្រូបបបរ ហើយប្រពន្ធក៏ បានឲ្យថ្នាំលេប ខណ:ផឹកថ្នាំបានបន្តិច ស្រាប់តែជនរងគ្រោះ មានអាការស្រឺុត ត្រដរខ្យល់ ដាច់ខ្យល់ស្លាប់តែម្តង ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]