រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណា ចក្រកម្ពុជា បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុង សិក្ខាសាលា ផ្សព្វផ្សាយ យុទ្ធសាស្ត្រ ជាតិស្តីពីសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភ ២០១៤-២០១៨ រៀបចំដោយក្រុម ប្រឹក្សា ស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទនៅវិមានសន្តិភាពថា ប្រឡងបាក់ឌុបឆ្នាំនេះ លទ្ធផល អាចជាប់ ត្រឹមកម្រិតជុំវិញ៣០% តែបុ៉ណ្ណោះ ។ ដូច្នេះតម្រូវឱ្យមាន ការប្រឡងលើកទី២ កាលបរិច្ឆេទ ប្រឡងលើកទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ តុលា ២០១៤ ។

ពាក់ព័ន្ធនឹងលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ ដែលមាន កម្រិតទាប សម្តេចតេជោ នាយករដ្ឋមន្ត្រីមាន ប្រសាសន៍ថា កំណែទម្រង់វិស័យអប់រំ ត្រូវបានចាប់យក ព្រោះកាល ពីឆ្នាំកន្លងទៅ លទ្ធផលនៃការ ប្រឡងអត្រាឡើង រហូតដល់៨០% ។ បុ៉ន្តែអត្រា ដែលមានកម្រិតជុំវិញ ៣០% នេះ គឺកំណែទម្រង់ វិស័យអប់រំមួយ ត្រូវបានអនុវត្តហើយ គឺជាផែនការហ្មឺងម៉ាត់ ប្រយុទ្ធប្រឆាំង នឹងភាពមិនប្រក្រតីនៃការ ប្រឡងកន្លងទៅ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងឱ្យមាន កំណែទម្រង់ ពេលវេលាមួយទៀត គឺថ្ងៃចូល បវេសនកាលសិក្សាដែរ ។

កាលពីរៀងរាល់ឆ្នាំកន្លងមក ថ្ងៃបវេសនកាលនៃឆ្នាំសិក្សា គឺតែងតែកំណត់ យកថ្ងៃទី១ តុលា ជារៀង រាល់ឆ្នាំ។ ដោយមើលឃើញថា សាលារៀនភាគច្រើន នៅថ្ងៃទី១ តុលា តែងតែជួបប្រទះ នូវការលិចទឹក មើលឃើញពីការលំបាក របស់សិស្សានុសិស្ស ដែលដល់ថ្ងៃ១ តុលា ជាថ្ងៃបវេសនកាល សាលារៀន លិចទឹក សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចឱ្យប្តូរ កាលបរិច្ឆេទថ្ងៃបើក បវេសនកាលសិក្សា ដែលពីមុន នៅដើមខែតុលា ឱ្យទៅដល់ចុងខែតុលា ឬចូលក្នុងខែវិច្ឆិកាវិញ ។
ពាក់ព័ន្ធនឹងវិស្សមកាល សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ឱ្យរំកិល កាលបរិច្ឆេទ វិស្សមកាល ដែរ បុ៉ន្តែពេល វេលាដែលលោកគ្រូ អ្នកគ្រូបង្រៀន សិស្សានុសិស្ស គឺនៅរក្សាដដែល ។ ចំពោះថ្ងៃដល់វិស្សមកាល ពីមុននៅខែមិថុនា ឥឡូវត្រូវរុញទៅខែកក្កដា ដើម្បីធានាថា នៅពេលបើក បវេសនកាល សិស្សានុសិស្សមិនទទួល រងនូវហានិភ័យ ឬបាត់បង់ជីវិត ឬគ្រោះថ្នាក់ ដោយប្រការ ណាមួយទេ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សាជាមួយ លោកឧបនាយក រដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីរៀបចំកាលបរិច្ឆេទ ថ្ងៃបើកបវេសន កាលថ្មីដាក់ បញ្ចូលទៅក្នុងប្រតិទិន ។ បុ៉ន្តែមុននឹងចុះទៅ ក្នុងប្រតិទិន សម្តេចមាន ប្រសាសន៍ សូមឱ្យពិភាក្សាគ្នាសម្រេច ហើយត្រូវយកមកជូនសម្តេច ពិនិត្យសិន ដើម្បីចៀសវាងកុំឱ្យ ត្រូវចំថ្ងៃមានកម្មវិធីបុណ្យជាតិ ត្រូវរកពេលវេលា ដែលសមស្រប បំផុតដើម្បីចុះនៅក្នុងប្រតិទិន ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]