ប្រេង គឺជាប្រភព ថាមពលចម្បងបង្អស់ សម្រាប់ដំណើរការ និងការអភិវឌ្ឍន៍ របស់បណ្តាប្រទេសនានា។ បើទោះបីជាមានការស្រាវជ្រាវ ប្រភពថាមពលផ្សេងៗ ដើម្បីជំនួសការប្រើប្រាស់ ប្រភពថាមពល នេះក៏ដោយ ក៏ប្រេងនៅតែក្តោបក្តាប់ទីផ្សារទាំងមូល នៅលើពិភពលោក។

[អត្ថបទទាំង ១០ ទាំងអស់ ដែលមានសារៈប្រយោជន៍]

ដូចគ្នានេះដែរ ក្រុមហ៊ុនពិគ្រោះថាមពល ដ៏ល្បីឈ្មោះរបស់ចក្រភពអង់គ្លេស Wood Mackenzie បានចេញរបាយការណ៍ បង្ហាញពីចំណាត់ថ្នាក់ ក្រុមហ៊ុនប្រេងទាំង ១០ ដែលផលិតប្រេង បានច្រើនជាងគេ ដូចខាងក្រោមនេះ៖

លេខ ១០៖ Kuwait Petroleum Corporation

Kuwait Petroleum Corporation គឺជាក្រុមហ៊ុនប្រេងជាតិ របស់ប្រទេសគុយវ៉េត បង្កើតឡើងនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៨០ ស្ថិតក្រោម ការគ្រប់គ្រង របស់រដ្ឋាភិបាល។ ក្នុងឆ្នាំ ២០១៣ បរិមាណប្រេង ចំនួន ៣.៤ លានបារ៉ែល ត្រូវបានផលិត ជារៀងរាល់ថ្ងៃ។



លេខ ៩៖ Chevron Corporation របស់សហរដ្ឋអាមេរិក

Chevron Corporation មានស្នាក់ការកណ្តាលនាទីក្រុង San Ramon រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ហើយចែកចាយបន្តទៅបណ្តាប្រទេស ប្រមាណជាង ១៨០ ប្រទេស ទូទាំងពិភពលោក។ ក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុនមួយនេះ ផលិតបានប្រេង ៣.៥ លានបារ៉ែល ក្នុងមួយថ្ងៃ។



លេខ ៨៖ Petroleos Mexicanos (Pemex)

Pemex គឺជាក្រុមហ៊ុនប្រេង របស់រដ្ឋាភិបាលម៉ិចស៊ិចកូ បង្កើតឡើងនៅឆ្នាំ ១៩៣៨ បច្ចុប្បន្នមានស្នាក់ការកណ្តាល នាទីក្រុង ម៉ិចស៊ិចកូ និងមានទ្រព្យសកម្មសរុប ប្រមាណជា ២៦.១ ពានលានដុល្លារសហរដ្ឋអាមេរិក។ ប្រេងចំនួន ៣.៦ លានបារ៉ែល ត្រូវបានផលិត ជារៀងរាល់ថ្ងៃ ក្នុងឆ្នាំ ២០១៣។



លេខ ៧៖ China National Petroleum Corporation (CNPC)

CNPC គឺជាក្រុមហ៊ុនផលិតប្រេង ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន បង្កើតឡើងនៅឆ្នាំ ១៩៨៨ និងជាក្រុមហ៊ុនប្រេង ធំជាងគេបង្អស់ ក្នុងប្រទេសចិន បច្ចុប្បន្នមានស្នាក់ការកណ្តាល នាទីក្រុងប៉េកាំង ប្រទេសចិន។ ក្រុមហ៊ុននេះ មានបុគ្គលិកសរុបចំនួន ប្រមាណជាជិត ២ លាននាក់ ដែលជាកត្តាដែលធ្វើអោយ ក្រុមហ៊ុនប្រេងមួយនេះ ផលិតប្រេងបាន ៣.៩ លានបារ៉ែល ក្នុងមួយថ្ងៃ កាលពីឆ្នាំ ២០១៣ កន្លងទៅ។



លេខ ៦៖ Royal Dutch Shell Plc

Shell គឺជាក្រុមហ៊ុនប្រេងឥន្ធនៈ ដែលបង្កើតឡើងនៅឆ្នាំ ១៩០៧ មានស្នាក់ការកណ្តាល នាប្រទេសហូឡង់។ នាឆ្នាំ ២០១៣ កន្លងទៅនេះ Shell មានសមត្ថភាពផលិតប្រេង បានប្រមាណជា ៤ លានបារ៉ែល ក្នុងមួយថ្ងៃ។



លេខ ៥៖ Rosneft Oil

Rosneft គឺជាក្រុមហ៊ុនប្រេង របស់រដ្ឋាភិបាលរុស្ស៊ី បង្កើតឡើងនៅឆ្នាំ ១៩៩៣ និងមានស្នាក់ការកណ្តាល នាទីក្រុង មូស្គូ ប្រទេសរុស្សី។ ក្រុមហ៊ុននេះ រកចំណូលបានប្រមាណជា ១០០ ពាន់លានដុល្លារសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៣ ខណៈមានប្រេងប្រមាណជា ៤.៦ លានបារ៉ែល ក្នុងមួយថ្ងៃ។



លេខ ៤៖ Exxon Mobil

ExxonMobil គឺជាក្រុមហ៊ុនប្រេងដ៏ធំមួយ របស់សហរដ្ឋអាមេរិក បង្កើតឡើងនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ១៩៩៩ ដោយការច្របាច់បញ្ចូលគ្នា នៃក្រុមហ៊ុនប្រេងពីរ គឺ Exxon នៃរដ្ឋ New Jersey និង Mobil នៃរដ្ឋ ញូវយ៉ក។ បច្ចុប្បន្ន ExxonMobil មានទីស្នាក់ការកណ្តាល ឯទីក្រុង Irving រដ្ឋ តិចសាស សហរដ្ឋអាមេរិក ខណៈសមត្ថភាពផលិតប្រេង កាលពីឆ្នាំ ២០១៣ កន្លងទៅនេះ គឺប្រមាណជា ៦.១ លានបារ៉ែល ក្នុងមួយថ្ងៃ។



លេខ ៣៖ ក្រុមហ៊ុនប្រេង របស់រដ្ឋាភិបាលអៀរ៉ង់

ក្រុមហ៊ុនប្រេងជាតិមួយនេះ ស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងប្រេងឥន្ទនៈអៀរ៉ង់ និងមានស្នាក់ការកណ្តាល នាទីក្រុង Tehran។ កាលពីឆ្នាំមុន ក្រុមហ៊ុនរដ្ឋមួយនេះ មានសមត្ថភាពផលិតប្រេង បាន ៦,១ លានបារ៉ែល ក្នុងមួយថ្ងៃ។



លេខ ២៖ Gazprom

Gazprom គឺជាក្រុមហ៊ុនកូនកាត់ ដោយភាគហ៊ុនពាក់កណ្តាល ត្រូវគ្រប់គ្រងដោយរដ្ឋាភិបាល រុស្សី ខណៈពាក់កណ្តាលទៀត បានបោះហ៊ុនលក់ ទៅអោយអតិថិជន។ បង្កើតឡើងនៅឆ្នាំ ១៩៨៩ Gazprom ផលិតបានប្រេង ៨.១ លានបារ៉ែល ក្នុងមួយថ្ងៃ កាលពីឆ្នាំ ២០១៣ កន្លងទៅនេះ។



លេខ ១៖ Saudi Aramco

Saudi Aramco គឺក្រុមហ៊ុនប្រេងរដ្ឋាភិបាល អារ៉ាប់ប៊ី សាអូឌីត ដែលមានតម្លៃថ្លៃជាងគេ (១០០០០ ពាន់លានដុល្លារសហរដ្ឋអាមេរិក) នៅលើពិភពលោក ដែលបង្កើតដំបូងបង្អស់ ចាប់តាំងពីឆ្នាំ ១៩៣៣។ កាលពីឆ្នាំ ២០១២ ក្រុមហ៊ុននេះ រកចំណូលបានប្រមាណជា ៣១១ ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈបរិមាណប្រេង ផលិតនៅឆ្នាំ ២០១៣ វិញ គឺដល់ទៅ ១២.៧ លានបារ៉ែល ឯណោះ ក្នុងមួយថ្ងៃ។

ប្រភព៖ សារព័ត៌មានចិន

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]