ភ្នំពេញ៖ បើតាមសេចក្ដីរាយការណ៍ ពីស្ថានីយ៍ទូរទស្សន៍ ហង្សមាស បានបញ្ជាក់បន្ថែម ឲ្យដឹងថា លោកយោធា ផ្កាយ២ ដែលជាប្រធានក្រុមហ៊ុន GST Express Bus ដោយសារតែ ប្រច័ណ្ឌប្រពន្ធ លេងហ្វេសប៊ុក និងនាង បានទាក់ទង ជាមួយនឹង និស្សិតជប៉ុន ហើយសុំខ្លួនលែងលះនោះ ទើបបណ្ដាលឲ្យ បុរសជា ប្ដីនេះ សម្លាប់ចោលទាំង នាងនិងកូន ស្រីអាយុ ៦ឆ្នាំតែម្ដង។

សូមទស្សនាវីដេអូដើម្បី ជ្រាបច្បាស់ ពីព័ត៌មានលំអិត៖

រូបភាព នារីរងគ្រោះ និងប្ដីជាមន្ដ្រីយោធា



គួរបញ្ជាក់ថា ឃាតកម្មព្រៃផ្សៃមួយ ដែលឃាតករសម្លាប់ស្ត្រីម្នាក់ និងកូនតូចម្នាក់ ហើយបានយកសព ទាំងម្តាយ ទាំងកូន ទៅប្លុងចោល នៅជ្រោះពេជ្រនិល កាលពីដើមឆ្នាំ២០១៤ កន្លងទៅ ទោះបីពេលនោះ ពុំមានព័ត៌មានធ្លាយចេញ សម្រាប់អ្នកសារព័ត៌មានក៏ដោយ ប៉ុន្តែពេលនេះ ត្រូវនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បើកវាំងននខ្មៅ ហើយនិងចាប់ខ្លួន ជនដៃដល់បានម្នាក់ផងដែរ។

ការវែកមុខក្នុងសំណុំរឿងនេះ ជនសង្ស័យជាឃាតករ ឈ្មោះ ជា សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ ជាកូនប្រសាតែម្តង ។ ប្រភពព័ត៌មាន ទាក់ទិននឹងការចាប់ខ្លួន ជនសង្ស័យខាងលើនេះ មិនត្រូវបានសមត្ថកិច្ច ធ្វើអត្ថាធិប្បាយទេ ប៉ុន្តែទោះជាយ៉ាងណា ព័ត៌មាននេះ ត្រូវគេដឹងថា កាលពីថ្ងៃទី៨ សីហា នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ជា សំណាង ជាកូនប្រសា លោកឧត្តមសេនីយ៍ទោ គឹម ម៉ាវិន្ថា អាយុ៥៧ឆ្នាំ មន្ត្រីយោធាបម្រើការងារ នៅក្រសួងការពារជាតិ និង មានងារជាឧកញ៉ា និងជាអគ្គនាយក ក្រុមហ៊ុនមួយផង ។

សមត្ថកិច្ចបានចាប់ខ្លួន ឈ្មោះ ជា សំណាង នាវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១១ សីហា ត្រូវបានបញ្ជូន ទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីប្រគល់ជូន តំណាងអយ្យការ ធ្វើការចោទប្រកាន់ជាផ្លូវការ ។ នៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេដឹងថា អង្គហេតុ ដែលឈានដល់ការ ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនឹងឃាតកម្ម ខាងលើនេះ គឺបានកើតឡើង កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២១ មីនា ២០១៤ ខណៈអ្នកដំណើរ តាមដងផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ បានប្រទះឃើញ សពត្រូវឃាតករ សម្លាប់ច្រកថង់ប្លាស្ទិក យកទៅបោះចោល នៅចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានចម្ងាយ ប្រមាណ៦០ម៉ែត្រ ខាងលិចអាស្រម លោកយាយម៉ៅ ពេជ្រនិល ។

បន្ទាប់ពីអ្នកដំណើរ បានឃើញថង់ប្លាស្ទិក ដែលគេសន្និដ្ឋានថា មានសពនៅក្នុងនោះ ក៏ទៅរាយការណ៍ ដល់សមត្ថកិច្ច កងរាជអាវុធហត្ថ ដែលឈរជើងនៅទីនោះ ក៏ដូចជាជូនព័ត៌មាន ដល់សមត្ថកិច្ចមូលដ្ឋាន បានដឹងភ្លាមៗដែរ ។

ព័ត៌មាននោះ បានដឹងដល់សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ និងបង្កើតគណៈកម្មការ ធ្វើកោសល្យវិច័យ លើថង់ប្លាស្ទិក ដែលបានច្រកសព ទើបបានដឹងថា ក្នុងនោះមានជនរងគ្រោះ២នាក់ ម្នាក់ចាស់ ម្នាក់ក្មេង ត្រូវគេសម្លាប់ ។ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះ ត្រូវគេសម្លាប់ យកទៅប្លុងចោល ប្រហែល៩ថ្ងៃ ទៅ១០ថ្ងៃ ហើយ។ ទោះជាបែបណា ព័ត៌មាននេះ ត្រូវដឹងដល់សាច់ញាតិ និងក្រុមគ្រួសារ ជនរងគ្រោះភ្លាមដែរ នឹងត្រូវបានស្គាល់ អត្តសញ្ញាណជនរងគ្រោះ ១-ឈ្មោះ វ៉ា ដារី ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះលេខ២០ ផ្លូវលេខ២៦៧ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ២-ឈ្មោះ គឹម ថាវិច្ចដា ភេទស្រី អាយុ៦ឆ្នាំ ជាកូនរបស់ឈ្មោះ វ៉ា ដារី ។

អ្នកស្រី វ៉ា ដារី ដែលត្រូវសម្លាប់ ជាភរិយារបស់ លោកឧត្តមសេនីយ៍ទោ គឹម ម៉ាវិន្ថា ។ ប្រភពបន្តថា ប្តីប្រពន្ធ២នាក់នេះ បានគ្នាតាំងពីឆ្នាំ២០០៨ តែមិនបានរៀបការ ត្រឹមត្រូវទេ គ្រាន់តែបានចុះ អេតាស៊ីវិល និងបានកូនស្រីម្នាក់ ។ លោកឧត្តមសេនីយ៍ទោ គឹម ម៉ាវិន្ថា ជាអគ្គនាយកក្រុមហ៊ុន ជីអេសធី ដឹកអ្នកដំណើរ ដែលមានទីតាំង ក្បែរផ្សារសូរិយា ។ លោកឧត្តមសេនីយ៍ ល្បីមានភរិយាច្រើន ហើយអ្នកខ្លះថា រាប់មិនអស់ ប៉ុន្តែនេះជាប្រភព មិនផ្លូវការប៉ុណ្ណោះ។

ប្រភពព័ត៌មាននិយាយថា ចុងក្រោយនេះ ប្តីប្រពន្ធមានទំនាស់គ្នា ប្តីចាប់ទូរស័ព្ទបានថា ប្រពន្ធមានទំនាក់ទំនងស្នេហា ជាមួយមនុស្សផ្សេង ដែលប្តីក៏ធ្លាប់ ណែនាំឱ្យឈប់ដែរ តែប្រពន្ធមិនព្រមបញ្ឈប់ ទំនាក់ទំនង ថែមទាំងសុំប្តី លែងលះ ទៅយកប្រុសថ្មី នោះទៀត ។ ទំនាស់ក្នុងគ្រួសារនេះ បានអូសបន្លាយ និងរ៉ាំរ៉ៃជាច្រើនខែ។

លុះដល់ដើមឆ្នាំ២០១៤នេះ ស្ត្រីជាប្រពន្ធ និងកូន ត្រូវឃាតករសម្លាប់ យកសពទៅប្លុងចោល នៅជ្រោះភ្នំពេជ្រនិល ។ ក្រោមបទបញ្ជា យ៉ាងម៉ឺងម៉ាត់ ពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទើបលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានជំរុញការងារ ស្រាវជ្រាវលើបទល្មើសនេះ ឈានទៅដល់ការវែកមុខ ឃាតករ ដោយឃាត់ខ្លួនបានម្នាក់ ដែលជាជនដៃដល់ ។

ប្រភពព័ត៌មានបន្តថា ជនសង្ស័យបានសារភាពថា ខ្លួនមិនមែនជាជនដៃដល់ សម្លាប់ភរិយា របស់ឪពុកក្មេកនោះទេ ។ យប់ថ្ងៃនោះ ខ្លួនត្រូវបានឪពុកក្មេក (គឹម ម៉ាវិន្ថា) ប្រើឱ្យសែងធុងទឹកកកធំមួយ ពីបន្ទប់ដេករបស់គាត់ ដាក់ចូលរថយន្ត ឡិចស៊ីស៤៧០ ដឹកទៅចោល នៅជើងភ្នំពេជ្រនិល ដែលក្នុងនោះ មានកូនបង្កើតម្នាក់ របស់ឪពុកក្មេក ចូលរួមដែរ និងមានសន្តិសុខម្នាក់ទៀត ជួយលើកដាក់ធុងទឹកកក ចូលរថយន្ត។

ជនសង្ស័យសារភាពថា ពេលដឹកធុងទឹកកកនោះទៅ ខ្លួនមិនបានដឹងថា ក្នុងនោះមានសពទេ ។ ពេលទៅដល់ភ្នំពេជ្រនិល កូនបង្កើតឪពុកក្មេក បានចាក់សពនោះចេញ ទើបខ្លួនបានដឹងពិតប្រាកដថា ក្នុងនោះមានសពមនុស្ស ហើយមិនដឹងថា សពអ្នកណាផង ។ ពេលចាក់សពចោលហើយ ក៏បើករថយន្ត ត្រឡប់មកភ្នំពេញវិញ ដល់ពាក់កណ្ដាលផ្លូវ ក៏ឈប់រថយន្ត បោះចោលធុងទឹកកកទៅ ។ ជនសង្ស័យជាកូនប្រសា បានសារភាពថា ក្រោយពីកើតមាន ឃាតកម្មនេះ លោកឪពុកក្មេក និងកូនបង្កើតគេចខ្លួនបាត់ ។ ចំណែកខ្លួនក៏គេចដែរ តែត្រូវសមត្ថកិច្ចចាប់បាន ។

ឃាតកម្មឃោរឃៅព្រៃផ្សៃនេះ ចាប់ខ្លួនបានតែកូនប្រសាម្នាក់ប៉ុណ្ណោះ ។ ចំណែកជនដៃដល់ជាប្ដី និងជាកូនប្រុសម្នាក់ទៀត មិនដឹងកូនប្រពន្ធ មួយណាទេ សង្ស័យដូរដីបាត់ទៅហើយ ៕

ទិដ្ឋភាពនៅកន្លែងកើតហេតុ

សមត្ថកិច្ចចម្រុះកំពុងឆែកឆេរទីតំាងធ្វើសកម្មភាពសម្លាប់ម្តាយ-កូននៅក្រុមហ៊ុន GST Express Bus

មនុស្សជាចោមរោមមើលកន្លែងកើតហេតុ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]