ចិន ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អ្នកធ្វើការសាងសង់ផ្លូវ មួយក្រុម បានរកឃើញ នូវសាកសពបុរាណ (Mummy) ស្ថិត នៅក្នុងរជ្ជកាល រាជវង្សមីង បន្សល់ទុកមកទល់ពេលសព្វថ្ងៃនេះ មានរយៈពេល ជាង ៧០០ ឆ្នាំមកហើយ។

កម្មករសាងសង់ផ្លូវ មួយក្រុម មានតួនាទី ក្នុងការពង្រីកផ្លូវមួយខ្សែ  ក្នុងទីក្រុង Taizhou ខេត្ត Jiangsu ប្រទេសចិន បានជីកប៉ះចំមឈូស បុរាណ និងរកឃើញ សាកសព ខ្មោច Mummy នៅខាង ក្នុងនោះ ដែលបន្សល់ទុក តាំងពីរជ្ជកាល រាជវង្សមីង មកម្ល៉េះ ខណៈពេល ពួកគេកំពុង ធ្វើការជីកដី។ នៅពេលដែល ការជីក ឈានដល់ជម្រៅ ១.៨ ម៉ែត្រ ស្រាប់តែពួកគេ ជីកប៉ះនឹងវត្ថុម្យ៉ាង ដែលគ្មាននរណាម្នាក់ នឹកស្មានដល់ថា នឹងអាចរកឃើញ បានយ៉ាងដូច្នេះ នោះឡើយ។

អ្នកបុរាណវិទូ បានសន្និដ្ឋានថា មឈូសនេះ មានអាយុកាលជាង ៧០០ ឆ្នាំ មកហើយ។ ពួកគេបាន ធ្វើការបើកគម្របមឈូសចេញ និង រកឃើញថា មានសាកសព Mummy ក្នុងនោះកំពុងដេកស្តូកស្តឹង ដែលមានបំពាក់ឲ្យនូវសំលៀកបំពាក់ ធ្វើអំពីក្រណាត់សូត្រ និង ក្រណាត់សរសៃរុក្ខជាតិម្យ៉ាង រួមជាមួយនឹង វត្ថុរាវម្យ៉ាង ដែលមានពណ៌ត្នោត ផងដែរ។


អ្វីដែលធ្វើឲ្យពួកគេ មានការភ្ញាក់ផ្អើលខ្លាំងនោះ គឺសាកសព និងសំលៀកបំពាក់ នៅមានរូបរាងល្អ មិនទាន់ខូចទ្រង់ទ្រាយដើម ខណៈដែល ស្ថិតនៅក្រោមដី អស់រយៈកាល ជាង ៧០០ ឆ្នាំ មកហើយក៏ពិតមែន។ ពួកគេថែមទាំងបាន សន្និដ្ឋានថា សាកសពខ្មោច Mummy នេះ គឺស្ថិត នៅក្នុងត្រកូលជាន់ខ្ពស់មួយ ក្នុងរជ្ជកាល រាជវង្សមីង។

សាកសពខ្មោច Mummyនេះ ត្រូវបានលម្អទៅដោយ គ្រឿងអលង្ការ នាសម័យនោះ។ មិនតែប៉ុណ្ណោះ សាកសព ត្រូវគេ រុំដោយ ក្រណាត់ដ៏កម្រ ដែលនេះ អាចបញ្ជាក់បានថា កាលពីនៅរស់ នាងស្ថិតនៅក្នុងត្រកូលអភិជន ដ៏ខ្ពស់ខ្ពស់មួយ។ ក្នុងនោះដែរ សាកសពនេះ នៅតែមានចិញ្ចើម មិនរលុបឡើយ ដែលបង្ហាញថា ការទុកសាកសព របស់ខ្មោចMummyនេះ ពិតជាមានលក្ខណៈ អស្ចារ្យ ខ្លាំងណាស់។

គួរបញ្ជាក់ផងដែរ នៅពេលនេះ សាកសពខ្មោចMummy ដ៏កម្រនេះ ត្រូវបានគេ យកទៅរក្សាទុក ក្នុងសារមន្ទីរ ដើម្បីឆ្លើយតប នឹងចម្ងល់ជាច្រើន នារជ្ជកាល រាជវង្សមីងនោះ ខណៈដែល អ្នកបុរាណវិទូ កំពុងតែ ធ្វើការស្រាវជ្រាវ មឈូសពីរទៀត ដែលបានកប់នៅក្បែរ សាកសព ខ្មោច Mummyនេះផងដែរ៕











ប្រភព ៖ Stormp 

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]