អូស្ត្រាលី៖ រូបភាពពី បង្ហាញឈុតឆាកប្រយុទ្ធ រវាងក្រពើយក្ស ដែលមាន បណ្តោយខ្លួន រហូតដល់ ៥ម៉ែត្រកន្លះ ជាមួយត្រីឆ្លាម មួយ ក្បាល កាលពីពេល ប៉ុន្មានថ្ងៃមុននេះ បានក្លាយជាប្រធានបទ ក្តៅសំរាប់ សារព័ត៌មាន នានា យកមកចុះផ្សាយ។


ឈុតឆាកប្រយុទ្ធគា្នរវាងក្រពើយក្សឈ្មោះ Brutus ជាមួយត្រីឆ្លាមកាលពីថ្ងៃអង្គារកន្លងទៅ

ទោះជាយ៉ាងណាក៏ដោយ ក្រពើដែលមានវ័យ ៨០ឆ្នាំខាងលើមិនមែនទើបតែទាក់ទាញ ចំណាប់ អារម្មណ៍ របស់ សារព័ត៌មាន ពីសកម្មភាព របស់វា នាពេលថ្មីៗ នេះទេ គឺវាធ្លាប់បានធ្វើឲ្យ សារព័ត៌មាន ផ្អើល ម្តងរួចមកហើយ កាលពីឆ្នាំ ២០១១ ដែលកាលនោះ នៅទន្លេ Adelaide ក្រពើឈ្មោះ Brutus នេះបាន ស្ទុះលោត ចេញ ពីទឹក មកត្របាក់ ចំណីដែលអ្នកទេសចរ តាមកាណូត បានដាក់ឲ្យវាស៊ី  ហើយរូបភាព របស់វាត្រូវ បានគេថត ជាប់ និងចែកចាយ ពេញពិភពលោក។

មូលហេតុចំបងដែលនាំឲ្យអ្នកអភិរក្សសត្វ និងភ្ញៀវទេសចរ អាចចំណាំភិនភាគ វាបានក៏ព្រោះដោយសារ តែ ទំហំខ្លួនដ៏ធំរបស់វា និង លក្ខណៈ ពិសេស មួយទៀតគឺ ក្រពើឈ្មោះ Brutus នេះ កំបុតជើងមុខ ខាង ស្តាំ ដែលគេជឿថា ដោយសារតែវាប្រយុទ្ធគា្ន ជាមួយ ត្រីឆ្លាម។


រូបភាព ក្រពើយក្សឈ្មោះ Brutus លោតត្របាក់ចំណីរបស់ភ្ញៀវទេសចរកាលពីឆ្នាំ ២០១១

លោក Harry Bowman ដែលជាអ្នកបើកបរ កាណូតទេសចរណ៍ ប្រចាំទន្លេ Adelaide បាននិយាយថា ភាគច្រើននៃ ភ្ញៀវទេសចរដែល មក ជិះកាណូតរបស់គាត់ តែងតែចង់ឃើញក្រពើ Brutus នេះ បើទោះ វាកម្រនឹងបង្ហាញខ្លួន ឲ្យឃើញក៏ពិតមែនតែភ្ញៀវតែងតែសួររក និងចង់ដឹងពីវា។ វាជាសត្វដ៏ល្បី ឈ្មោះ មួយក្បាល។

នៅពេលណា ដែលវាបង្ហាញខ្លួនម្តងៗធ្វើឲ្យ អ្នកទេសចរ មានការភ្ញាក់ផ្អើល លាយឡំនឹងភាពភ័យ ខ្លាច ផងដែរ ក៏ព្រោះតែទំហំខ្លួន ដ៏ធំ ជាង ៥ម៉ែត្ររបស់វា ។ ពួកភ្ញៀវទេសចរ បានលាន់មាត់ថា ការឃើញ ក្រពើនេះ ហាក់បីដូចជាធ្វើ ឲ្យពួកគេបានឃើញសត្វ ដាយណូស័រ ដូច្នោះដែរ។


ក្រពើយក្ស Brutus ដែលមានប្រវែង៥ម៉ែត្រកន្លះ និងសព្វថ្ងៃវាមានអាយុ ៨០ ឆ្នាំទៅហើយ

ចាប់តាំងពីវា ត្រូវកំបុតជើងមុខ ខាងស្តាំដោយសារត្រីឆ្លាមខាំ ម្តងមក ក្រពើយក្ស Brutus នេះហាក់ ដូចជាក្លាយ ខ្លួនជាសត្រូវស្លាប់រស់ ជាមួយនឹងត្រីឆ្លាម ជាក់ស្តែងដូចការ ខាំស៊ីត្រីឆ្លាមរបស់វា កាលពី ថ្ងៃអង្គារមុន នេះជាឧទាហរណ៍ស្រាប់។

ភ្ញៀវទេសចរម្នាក់ ដែលមកពីទីក្រុង Sydney ឈ្មោះ Andrew Paice ដែលជាអ្នកឃើញ និងថតបាន ការ ប្រយុទ្ធគ្នារបស់ Brutus ជាមួយ ត្រីឆ្លាមនោះ បានឲ្យដឹងថា នៅពេលគាត់ឃើញត្រីឆ្លាមនៅក្នុងមាត់ របស់ ក្រពើ Brutus នោះគឺត្រីឆ្លាម នៅមានជីវិត នៅឡើយ ដោយសារ តែវានៅកម្រើក ប្រឹងរើ ចេញពី មាត់ ក្រពើ។

លោកបានបន្តថា តាំងពីក្មេងមកគឺគាត់មិនដែលគិតថាក្រពើ ចេះប្រយុទ្ធគ្នាជាមួយត្រីឆ្លាម នោះទេ។ ទាំង រូបគាត់ ទាំងអ្នកផ្សេងទៀត ដែល ឃើញ ហេតុការណ៍នោះ សុទ្ធតែស្រឡាំងកាំង ទាំងអស់គ្នា។

បុរសដែលជាអ្នកថត រូបខាងលើនេះបាន បង្ហាញចំណាប់អារម្មណ៍ថា គាត់មានមោទនភាព ខ្លាំងណាស់ ដែល បានថត វាដោយផ្ទាល់ដៃ ហើយពេលនេះរូបថតរបស់គាត់កំពុងតែចែកចាយបន្តនៅពាសពេញ ពិភពលោក៕ 



ប្រភព៖ បរទេស

ដោយ៖ Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]