អង់គ្លេស៖ វាពិតជារឿងគួរឲ្យភ្ញាក់ផ្អើល និងគួរឲ្យសរសើរ ដែល ក្មេងប្រុសសិស្ស បឋមសិក្សាមួយក្រុម នៅអង់គ្លេស បានជីករកឃើញ គ្រឿងអលង្ការ ធ្វើពីមាសក្នុង សម័យបុរាណ ដែលមានអាយុកាល ជាង ៤,០០០ ឆ្នាំមកហើយនោះ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងសិស្ស សាលាបឋមសិក្សា មួយក្រុមនេះ មកពី សាលា Alston ក្នុងទីក្រុង Cumbria ហើយ ពួកគេបាន ចូលរួមក្នុង កម្មវិធីសិក្សា ជីក កកាយរកវត្ថុ បុរាណក្នុងតំបន់ Kirkhaugh ។ ខណៈពេល ពួកគេ កំពុងតែ កកាយនៅ ក្នុង តំបន់ ប្រវត្តិសាស្រ្ត នេះ ក៏បានប្រទះឃើញវត្ថុ ម្យ៉ាងមានពន្លឺពណ៌មាស ចាំងភ្លែតៗពីក្នុងដី ។ បន្ទាប់មក ពួកគេក៏ទៅជីកយក គ្រឿង អលង្ការ នេះចេញ មក ពីដី ដោយពួកគេគិតថា គ្រាន់តែជា លោហៈ ប៉ុន្តែ ក្រោយពីបានប្រគល់ឲ្យ លោកគ្រូឈ្មោះ Paul Frodsham ដែល ដឹកនាំ និង បានរៀបចំកម្មវិធី ជីក កកាយ វត្ថុបុរាណ នេះ ទើបដឹង ថាជា មាស ដែលធ្វើឲ្យពួកគេ មានអារម្មណ៍ រីករាយ យ៉ាងខ្លាំង ។

យ៉ាងណាមិញ បើតាមការពន្យល់ពី អ្នកជំនាញ បុរាណវិទូ បានឲ្យដឹងថា គ្រឿងអលង្ការ មាសដែល ក្មេងប្រុសសិស្សសាលាទាំងនេះ ជីក បាននេះ ត្រូវបានគេដឹងថា វាជា ដង្កៀបគាបសក់ សម័យបុរាណដែលអាច មានអាយុកាលតាំង ពី ២,៣០០ឆ្នាំ មុនគ្រឹស្ករាជ ឯណោះ ។ ម្យ៉ាងទៀត ដង្កៀបមាស នេះ មានប្រវែង ៣៣ មីលីម៉ែត្រ អាចធ្វើឡើងក្នុង យុគសម័យលោហៈ ហើយវា អាចត្រូវបាន ប្រើប្រាស់ ដោយមនុស្ស សម័យ នោះដែលបាន ធ្វើដំណើរមក កាន់ចក្រភពអង់គ្លេស ដើម្បីស្វែងរក មាសនិងលោហៈ ។

គួរបញ្ជាក់ដែរថា បន្ទាប់ពីការធ្វើ ពិសោធន៍ ដោយអ្នកជំនាញ រួចរាល់ ហើយនោះ គេដឹងថា ដង្កៀបមាសនេះ អាចនឹងត្រូវដាក់រក្សាក្នុង សារមន្ទីរ បុរាណមួយ ក្នុងក្រុង Newcastle ជាមួយនឹង ដង្កៀបបុរាណ មួយផ្សេង ទៀតដែលរកឃើញ តាំងពីឆ្នាំ ១៩៣៥ មកម្ល៉េះ ៕ 


រូបភាពៈ គ្រឿងអលង្ការធ្វើពីមាសអាយុកាល ៤,០០០ឆ្នាំ 

ប្រភព៖ ប៊ីប៊ីស៊ី

ដោយ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]