បរទេស ៖ ការលើក ម្រាមដៃជាសញ្ញាអក្សរ V នៅពេលថតរូបភាព បានក្លាយ ជាការ ពេញនិយមរបស់ ប្រជាជន ភាគច្រើននៅ ទ្វីបអាស៊ី ជាពិសេស ស្រទាប់ យុវវ័យនៅក្នុងប្រទេស ជប៉ុន ចិន កូរ៉េខាងត្បូង ជាដើម ។ ក្នុងនោះដែរ យុវវ័យ កម្ពុជា ជាច្រើន ក៏មានការ និយមធ្វើជា សញ្ញាអក្សរ V នៅពេលថតរូប ម្តងៗ ផងដែរ។ ប៉ុន្តែ អ្នកធ្លាប់ ឆ្ងល់ថាតើ ហេតុអ្វីបានជា ការលើកម្រាមដៃជា សញ្ញា អក្សរ V ក្លាយជា ការពេញ និយមនៅ ពេលថត រូបភាពបែបនេះ របស់ប្រជាជន នៅអាស៊ីនោះ ដែរឬ ទេ ?

ការលើកម្រាមដៃជាសញ្ញា V  ជាភាសាកាយវិការ មួយបែប ដែលវា អាចមាន ន័យច្រើន នៅតាម តំបន់ផ្សេងៗ ។ ប៉ុន្តែ សញ្ញា V ត្រូវបាន គេដឹងថា តំណាងឲ្យ ពាក្យជោគជ័យ (Victory) ដែលត្រូវបាន ប្រើប្រាស់ ដោយទ័ពទាហាន កំឡុងសង្រ្គាមលោកលើកទី២។ បន្ទាប់មក តាំងពីឆ្នាំ ១៩៦០មក សញ្ញា V នេះត្រូវបាន គេប្រើតំណាងឲ្យ សញ្ញា នៃសន្តិភាព ប៉ុន្តែរហូតមកដល់ កំឡុងឆ្នាំ ១៩៨០ ទើបសញ្ញា អក្សរ V បានក្លាយ ជាការ ពេញនិយម ដោយយុវវ័យ អាស៊ី នៅពេលដែល ថតរូបម្តងៗ (នេះបើតាមការពន្យល់ ក្នុងវេបសាយ វីគីភីឌា)

ចំពោះ ការលើកម្រាមដៃ សញ្ញា V នៅពេលថតរូប បាន ក្លាយជាការពេញ និយមនៅអាស៊ីនោះ បើតាមប្រភពព័ត៌មាន ថាម បានលើកឡើងថា គឺមាន មនុស្សជា ច្រើនបាននិយាយថាវា មានប្រភពដើម ផ្តើមចេញពីប្រទេសជប៉ុន ដំបូងបង្អស់ ។ មូលហេតុនេះគឺ ដោយសារតែ កីឡាការនី ជិះ ស្គីទឹកកក ជនជាតិអាមេរិក ម្នាក់ឈ្មោះ Janet Lynn ដែលនាង បានដួលពេល សំដែង កំឡុងពេល ប្រកួតអូឡាំពិកនៅជប៉ុនឆ្នាំ ១៩៧២ ដែលធ្វើឲ្យ នាងមិនអាច ដណ្តើមបានមេដាយមាសនៅពេលនោះ ឡើយ ។ប៉ុន្តែនាងនៅពេលនោះ មិនបាន បញ្ចេញអារម្មណ៍ មិន សប្បាយទេ បែរជាញញឹម ធម្មតាទៅវិញ ដែលបានធ្វើឲ្យ ប្រជាជនជប៉ុនជាច្រើន បានក្លាយជាអ្នកគាំទ្រ របស់នាង ចាប់ពីពេលនោះ។

បន្ទាប់មកនាងក៏ត្រូវបានល្បីល្បាញតាមបណ្តាញ ផ្សព្វផ្សាយ ជប៉ុន ហើយនៅឆ្នាំបន្ទាប់ពី កីឡាអូឡាំពិក នាងក៏បានអញ្ជើញមក ធ្វើដំណើរ ទស្សនកិច្ច មកកាន់ប្រទេសជប៉ុន។ ក្នុងដំណើរមកកាន់ប្រទេសជប៉ុន នាងតែង លើកដៃជា សញ្ញា អក្សរ V នៅពេលថតរូបនិង ជួប អ្នកគាំទ្រនាង។ ក្រោយមកការលើកដៃជា សញ្ញា V ពេលថតរូបភាព នេះ បានពេញ និយមពាសពេញប្រទេសជប៉ុន ចាប់ពីតាំងពីពេល នោះមក ។

ប៉ុន្តែតាមប្រភពដដែល ក៏បានការលើកឡើង បន្ថែមទៀតថាការថតរូប ដោយប្រើដៃ សញ្ញាអក្សរ V នេះ បានពេញនិយមនៅអាស៊ី នៅពេល ដែល អ្នក ចម្រៀង ជប៉ុនល្បីល្បាញ ម្នាក់ឈ្មោះ Jun Inoue បានលើក ម្រាមដៃជាអក្សរ V នៅពេលថតផ្សាយពាណិជ្ជកម្មឲ្យ ផលិតផល បច្ចេកវិទ្យា Konica របស់ជប៉ុន   ។ ម្យ៉ាងវិញ បើតាមសំដី លោកសាស្រ្តាចារ្យម្នាក់នៅសាកលវិទ្យាល័យ តូក្យូ គាត់ក៏បញ្ជាក់ដែរថា គាត់ឃើញ មានការពន្យល់ជាច្រើនថា ប្រភពដើមនៃ ការអនុវត្ត ការលើកដៃជាអក្សរ V នេះ គឺទាក់ទងនឹង តារាចម្រៀង  Jun Inoue នេះដែរ ។ គាត់ក៏បានបន្ថែមទៀតថា  ការនិយម អនុវត្តន៍ តគ្នានេះ អាចបណ្តាលមកពី ការផ្សាយតាម ប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេសនោះ គឺតាមរយៈ ទូរទស្សន៍ ដែលធ្វើឲ្យ មានចាប់អារម្មណ៍ច្រើន ហើយ មនុស្សក៏យកទៅ ចំលងតាម និង អនុវត្តន៍ ដូចគ្នាៗ ពេលអ្នកពួកគេ ថតរូប ម្តងៗនោះ ។

យ៉ាងណាមិញ កំឡុងឆ្នាំ ១៩៨០ ការលើកម្រាមដៃសញ្ញា V ពេលថតរូប ក៏ចាប់ផ្តើមមានភាព ល្បីល្បាញឡើងទៀត ដោយសារ ការពេញនិយម ចម្រៀងប៉ុប របស់ប្រទេស ជប៉ុន នាបណ្តាល ប្រទេសអាស៊ី នៅទសវត្សនោះគឺល្បីល្បាញ ណាស់ ដែលជាហេតុ បាននាំធ្វើឲ្យ សញ្ញា V នេះ បានពេញនិយមនិង រីកសាយដល់ ប្រទេស ចិន កូរ៉េខាងត្បូង តៃវ៉ាន់ និងហុងកុងផងដែរ ។

រហូតមកដល់បច្ចុប្បន្ន នេះក៏មានឃើញយុវវ័យអាស៊ីជាច្រើន និង តារាចម្រៀងល្បីៗ ក៏បាននៅតែបន្តថតរូបខ្លួនឯង ជាមួយការលើកម្រាមដៃ ជា រាង អក្សរ V និង ព្រមទាំង មាន អ្នកខ្លះថតរូបបែបនេះ បង្ហោះក្នុងបណ្តាញអ៊ីនធើណេត ផងដែរ។

ក្នុងនោះដែរ បើតាមប្រភពព័ត៌មានលើកឡើងថា ប្រជាជនអាស៊ីខ្លះ ដែលបានធ្វើសញ្ញាV នេះ គឺពួកគេបាននិយាយថា ពួកគេលើកដៃបែបនេះ ដោយមិនដឹង មូលហេតុ អ្វីបាន ជាគេចូលចិត្តធ្វើ បែបនេះនោះទេ ។ខណៈដែល អ្នកខ្លះនិយាយ ថា ពួកគេបានធ្វើត្រាប់ តាម តារាល្បីៗដែល គេចូលចិត្ត។ ចំនែកឯ មនុស្សមួយ ចំនួនទៀត ប្រាប់ថា វាជាទម្លាប់ ដែលធ្វើឲ្យកាត់ បន្ថយ អារម្មណ៍មិនស្រួល ក្នុងខ្លួនឬ ឆ្គង នៅពេល ថត រូបជាដើម។ ចំនែកឯ ក្មេងស្រីសិស្ស សាលាកូរ៉េ ម្នាក់និយាយថា នាងត្រូវធ្វើអ្វីម្យ៉ាង ជាមួយដៃនាងនៅពេលថតរូប ខណៈដែល ក្មេងស្រីអាយុ ៤ឆ្នាំ នៅ ហុងកុង ម្នាក់និយាយថា នាងសប្បាយចិត្ត នៅ ពេលបានលើកដៃសញ្ញា V បែបនេះ ៕ 



រូបភាពៈ ការពេញនិយមលើកម្រាមដៃ ជាសញ្ញា V របស់តារាល្បីៗកូរ៉េ


រូបភាពៈ ការថតរូបដោយលើកដៃជាសញ្ញា V របស់និស្សិតកម្ពុជាមួយក្រុម

ប្រភព៖ Time | Wikipedia

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]