សៀមរាប៖ ដើមត្នោត ជាអត្តសញ្ញាណជាតិ និងជាដួងព្រលឹងជាតិខ្មែរ ដែលសង្គមខ្មែរ គ្រប់ៗជំនាន់ រួមទាំង អន្តរជាតិ ពិសេសភ្ញៀវ អន្តរជាតិ ដែលបានមកទស្ស នៅប្រទេសខ្មែរ គេប្រាកដជាបានដឹង យល់ និងឃើញដើមត្នោត នៅស្ទើរគ្រប់ច្រកល្ហក ក្នុងទឹកដីសុវណ្ណភូមិ ពិសេស នៅតាមតំបន់ទំនាប កណ្ដាលនៃប្រទេស ។ ប្រហែលដោយ ហេតុនេះហើយ ទើបបានជាការ កាត់ដើមត្នោត ពីរដើមនៅខាងមុខ ប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤នេះ ធ្វើឲ្យមានប្រតិកម្ម យ៉ាងច្រើនពីបណ្ដាញសង្គម ហ្វេសប៊ុក រួមទាំងមានការចោទ ប្រកាន់យ៉ាងធ្ងន់ៗ ចំពោះ អាជ្ញាធរអប្សរាផងដែរ ។

បើតាមអ្នកលក់ដូរ នៅខាងមុខ បរិវេណប្រាសាទអង្គរវត្ត ក៏ដូចជា មគ្គុទ្ទេសក៏ទេសចរ មួយចំនួន បានប្រាប់អ្នកយកព័ត៌មានថា ដើមត្នោតពីរដើមនេះ ត្រូវបានគេកាត់កាល ពីវេលាប្រមាណជា ៩ និង ០០នាទីព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤នេះ ។ ពួកគាត់មាន ការងឿងឆ្ងល់ និងសោកស្តាយ យ៉ាងខ្លាំង ព្រមទាំងមិនយល់ពី គោលបំណង ថា ហេតុអ្វីបានជាគេ សម្រេចចិត្តកាត់ ដើមត្នោតនេះ ។

ពួកគាត់បន្តលើក ឡើងទៀតថា តើដើមត្នោត ចំនួនប៉ុន្មានដើមទៀត ដែលគេត្រូវកាត់ ឬគេត្រូវកាត់ដើមត្នោត នៅខាងក្នុង បរិវេណអង្គរវត្ត និងតាមប្រាសាទ នានាជាច្រើនទៀត នៅពេលខាងមុខនេះ ។ ព្រោះកាលពីមុនទៅ គេធ្លាប់កាត់ខ្លះៗហើយ ជាតម្រូវការ សម្រាប់ធ្វើ ចំណតរថយន្ដថ្មី និង/ឬ ផ្សារលក់ដូរនោះ នៅតំបន់ខាងមុខ ប្រាសាទអង្គរវត្ត នោះផងដែរ ។

កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះ ខាងមន្ទីរទេសចរណ៍ខេត្ត បានរៀបចំធ្វើសន្និបាត បូកសរុបលទ្ធផល ការងារទេសចរណ៍ ប្រចាំឆមាសទី១ នៅសាលប្រជុំសាលាខេត្តសៀមរាប ដែលស្ថិតក្នុង អធិបតីភាពរបស់ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួង ទេសចរណ៍ លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប និងក្នុងនោះក៏មាន វត្តមានរបស់ លោក សុខ សង្វា តំណាងឲ្យខាង អាជ្ញាធរអប្សរា ផងដែរ ។

ក្នុងអង្គសន្និបាតនោះ លុះដល់ពេលរសៀល ក៏មានវេទិការ សម្រាប់អ្នកចូលរួម នៅក្នុងនោះផងដែរ មានមគ្គុទ្ទេសក៍ទេសចរម្នាក់ លោកបានលើកឡើងថា សុំឲ្យអាជ្ញាធរអប្សរា កាត់ដើមត្នោតដែល ដុះអមសង្ខាងផ្លូវដើរ (រានហាល) ខាងក្នុងបរិវេណ ប្រាសាទអង្គវត្តចេញ ដែលដើមត្នោតទាំងនេះ ដុះក្នុងអាយុកាល ប្រមាណជាខ្ទង់ ២០-៣០ឆ្នាំ ព្រោះបើទុកដើមត្នោតទាំងនេះ នាំឲ្យបាំងទស្សនីយភាពអង្គរ ពិសេសនៅពេល ទស្សនាព្រះអាទិត្យរះ នាពេលព្រឹកព្រលឹម ។

នៅក្នុងអង្គសន្និបាទនោះ លោក សុខ សង្វា ដែលតំណាងឲ្យ អាជ្ញាធរអប្សរា បានឆ្លើយតប និងចំណុចនេះថា លោកនឹងយក សំណើនេះទៅពិភាក្សា រួមនិងជម្រុញឲ្យ មានការសិក្សាស្រាវជ្រាវ ជាមួយក្រុម អ្នកបច្ចេកទេស ពាក់ព័ន្ធរបស់ អាជ្ញាធរអប្សរា អំពីបញ្ហានេះ ។ ទោះជាយ៉ាងណា រហូតមកដល់វេលា ម៉ោងជាង ៥និង០០នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤នេះ មិនទាន់បានទទួលដំណឹង ឬក៏បានទាក់ទង ជាមួយមន្ត្រី ឬអគ្គនាយក អាជ្ញាធរអប្សរា សម្រាប់ការបកស្រាយទាក់ទង និងបញ្ហាកាត់ដើមត្នោត នេះនៅឡើយទេ បន្ទាប់ពីអ្នកសារព័ត៌មាន បានទទួលដំណឹងថា មានគេកាត់ដើមត្នោត នៅខាងមុខបរិវេណ ប្រាសាទអង្គរវត្ត រួចក៏បានទៅមើលជាក់ស្ដែង នៅកន្លែងនោះ ឃើញថា មានកាត់ដើមត្នោត ពិតប្រាកដមែន ។

សូមបញ្ជាក់ថា ដើមត្នោតទាំងពីរដើមនេះ ស្ថិតនៅចំកណ្ដាលទ្រូងផ្លូវ ទៅព្រលានយន្ដហោះ អន្តរជាតិសៀមរាប គឺស្ថិតនៅលើ សួនស្មៅពុះទ្រូងផ្លូវ ដែលមានចម្ងាយ ប្រមាណជា ១០០ម៉ែត្រ ពីរានហាលខាងមុខ (ខាងលិច) ច្រកចូលប្រាសាទ អង្គរវត្ត គឺដើមត្នោតនេះ នៅបរិវេណខាងក្រៅ បរិវេណប្រាសាទអង្គរវត្ត ។ វាដុះគល់ជាប់គ្នា និងមានកម្ពស់ ប្រមាណជាពី ៦-៧ម៉ែត្រ និងអាយុប្រមាណពី ២០-៣០ឆ្នាំ ហើយក៏មិនទាន់ដឹងប្រាកដថា តើដើមត្នោតនេះ មានគេដាំ ឬក៏ដុះបែបធម្មជាតិ នោះទេ ព្រោះដើមត្នោតនេះ ពេលដែលយើងធ្វើដំណើរពីផ្លូវខាងលិច រានហាលប្រាសាទ អង្គរវត្ត យើងឃើញ ដើមត្នោតពីរដើមនេះ នៅរត់ខ្សែស្របតាម បណ្ដោយរានហាល ទៅចំកំពូលកណ្ដាល នៃប្រាង្គប្រាសាទអង្គរវត្ត ។

ចំណែកការ ពិតជាក់ស្ដែង និងរាល់ឯកសារសម្រាប់សិក្សា ក៏ដូចជា ឯកសារប្រវត្តិសាស្ត្រ រួមនឹងសៀវភៅសិក្សានានា បានលើកឡើង ចំពោះ អត្ថប្រយោជន៍ និងផលប្រយោជន៍ ព្រមទាំងភាពពាក់ព័ន្ធនានា ថា ដើមត្នោត ជាអត្តសញ្ញាណជាតិ និងជាដួងព្រលឹងជាតិខ្មែរ។ ដើមត្នោតជារុក្ខជាតិ មួយប្រភេទ ដែលមានដុះយ៉ាង ច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា ។ វាមានដើមធំ ត្រង់ ខ្ពស់ ដែលមានកម្ពស់ អាចរហូតដល់ជាង ១០-២០ម៉ែត្រ ហើយស្លឹករបស់វាស្ថិត នៅកំពូលដើម មានរាងដូចជាផ្លិតធំៗ រឹងនិងមានផ្លែជា ច្រើនក្នុងធ្លាយរបស់វា ។

ហើយរុក្ខជាតិ ប្រភេទនេះ បានផ្ដល់សារៈប្រយោជន៍ជាច្រើន និងសំខាន់សម្រាប់ជីវភាព រស់នៅ របស់មនុស្ស ដូចជា យកទៅកែច្នៃ សម្រាប់ធ្វើជាសម្ភារៈ និងឧបករណ៍ ប្រើប្រាស់ផ្សេងៗ រួមនឹងចំណីអាហារ បានទៀតផង ។ ក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋខ្មែរ គេបានទាញយកប្រយោជន៍ ជាច្រើនពីដើមត្នោត ដូចជា ៖ ការធ្វើជាទឹកត្នោតផ្អែម ទឹកត្នោតជូរ រម្ងាស់ធ្វើស្កត្នោត ផ្លែត្នោតខ្ចី គេអាចបរិភោគសាច់របស់វា ដោយមានរសជាតិផ្អែមពិសារ និងអាចយកទៅធ្វើ ជាបង្អែមផ្សេងៗបានទៀតផង ។ ពិសេស ដើមត្នោត អាចធ្វើសំណង់ បានយ៉ាងរឹងមាំ និងយូរអង្វែង ផងដែរ ។ មិនតែប៉ុណ្ណោះផ្លែត្នោតខ្ចី គេអាចយកទៅធ្វើ ជាមុខម្ហូបជាច្រើន មុខទៀត ចំណែកឯផ្លែទុំ គេអាចយកវាទៅធ្វើជានំ យ៉ាងឈ្ងុយឆ្ងាញ់បានផងដែរ ។

ចំពោះស្លឹកត្នោតវិញ គេអាចយកទៅត្បាញ ធ្វើជាសម្ភារៈមួយចំនួនមានដូចជា មួក កន្ដ្រក កន្ទេល ប្រក់ដំបូលផ្ទះ ថែមទាំងអាចយកទៅធ្វើជា វត្ថុអនុស្សាវរីយ៍ បានយ៉ាងស្រស់ស្អាត ជាច្រើនប្រភេទ និងយកទៅវេចខ្ចប់ធ្វើនំផងដែរ ។ ក្នុងនោះ ក៏មានឯកសារមួយចំនួន បានបញ្ជាក់ថា ឬស និងផ្កាត្នោត អាចធ្វើជាឱថសបានផងដែរ និយាយជារួម ដើមត្នោត មានគុណប្រយោជន៍ យ៉ាងខ្លាំង ចាប់តាំងពី ឬស ដើម ធាង ស្លឹក ផ្កា ផ្លែ ។

ត្រឡប់មកនិយាយ អំពីដើមត្នោតនៅតំបន់អង្គរវិញ មានមតិជាច្រើន ពិសេស មគ្គុទ្ទេសក៍ទេសចរ ក៏ដូចជា ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក បានសុំអំពាវនាវ និងស្នើរសុំដល់អាជ្ញាធរ អប្សរា និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបណ្ដា អង្គការដែលពាក់ព័ន្ធ ពិសេសដូចជា អង្គការ យូណេស្កូ អង្គការបេតិកភណ្ឌ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ ជាច្រើនទៀត មេត្តាពិចារណា និងសិក្សា ស្រាវជ្រាវ ឲ្យបានស៊ីជម្រៅបំផុត មុននឹងកាត់ ឬ ផ្លាស់ប្ដូរទីតាំងដើមត្នោត ពិសេសដើមត្នោត ដែលស្ថិតនៅក្នុង បរិវេណប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទមួយចំនួនទៀត ហើយបើក្នុងករណី ចាំបាច់បំផុត ក្នុងការកាត់ដើមត្នោត គួរមានជាសេចក្ដី ជូនដំណឹងឲ្យមាន ២-៣ខែមុន ដើម្បីជៀសវាង មានការភ្ញាក់ផ្អើល និងប្រតិកម្ម ឬ ការចោទប្រកាន់ណាមួយនោះ ចំពោះ អាជ្ញាធរអប្សរា និងស្ថាប័ន ពាក់ព័ន្ធនានា ។ បើមិនចាំបាច់ ឬ បើអាចជៀសវាងបាន រាល់ដើមត្នោត និងដើមឈើ នៅក្នុងតំបន់អង្គរ ពិសេសក្នុង បរិវេណប្រាសាទនានា ដែលវានឹងមិនបាន បង្កនូវមហន្តរាយ ណាមួយដល់ប្រាសាទ ដល់មនុស្ស និងសត្វទេនោះ គួរតែកុំកាប់ឲ្យសោះ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]