ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ បានរងរបួសលើកញ្ចឹង.ក យ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារ ដឹកមកសង្គ្រោះបន្ទាន់ នៅមន្ទីរខេត្ត បន្ទាប់ពីត្រូវបុរស ជាជនដៃដល់ម្នាក់ទៀត លបកាប់មួយពូថៅ ចំក្រោមកញ្ចឹងក ទាំងមិនដឹងខ្លួន ខណៈជនរងគ្រោះ កំពុងអង្គុយស៊ីផឹក មុខផ្ទះអ្នកជិតខាង។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង៦ និង៣០នាទីល្ងាច ថៃ្ងទី០១ សីហា ២០១៤ នៅក្នុងភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានសន្និដ្ឋាន ជាជំហានដំបូងថា អាចជារឿងគំនុំព្រំដី។

ស្ត្រីជាប្រពន្ធជនរងគ្រោះ ឈ្មោះ អួន ស្រីទុំ អាយុ៣៦ឆ្នាំ ឱ្យដឹងថា ប្តីរបស់គាត់មានឈ្មោះ ប៊ុន ឡឹង អាយុ៤២ឆ្នាំ ។ មុនពេលកើតហេតុ ប្តីរបស់គាត់ បានទៅអង្គុយផឹក លើគ្រែមុខផ្ទះលោក យាយ យឿន ដែលរស់នៅក្បែរគ្នា ស្រាប់តែពេលនោះ ត្រូវបានឈ្មោះ ញ៉ែម ឌុល ជាអ្នកជិតខាង ក្នុងភូមិជាមួយគ្នា យកពូថៅលួចកាប់ ចំក្រោមកញ្ចឹង.ក លិចយ៉ាងជ្រៅ បណ្តាលឱ្យប្តីគាត់រងរបួសធ្ងន់ តែគាត់មិនដឹងថា ជនល្មើស និងប្តីគាត់ មានគំនុំអ្វីឡើយ។ ភ្លាមៗនោះដែរ គាត់ និងអ្នកភូមិបានទូរស័ព្ទ ហៅសមត្ថកិច្ច ឱ្យចុះមកអន្តរាគមន៍ ចាប់ជនល្មើស ប៉ុន្តែពេលសមត្ថកិច្ចមកដល់ ជនល្មើសបានរត់គេចខ្លួន បាត់ពីមូលដ្ឋានទៅហើយ។ ក្រោយពេលកើតហេតុ ក្រុមគ្រួសារ បានបញ្ជូនជនរងគ្រោះ មកសង្រ្គោះនៅ មន្ទីពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។

លោក សូរិន្ទី រ៉ាវុឌ្ឃី ប្រធានមន្ទីរពេទ្យខេត្តឱ្យដឹងថា ក្រោយពិនិត្យមើលស្ថានភាពរបួស របស់ជនរងគ្រោះ ពិតជាធ្ងន់ធ្ងរ តែគ្រូពេទ្យខេត្ត អាចជួយសង្គ្រោះបាន ប៉ុន្តែអ្នករបួស ត្រូវសំរាកព្យាបាល ក្នុងមន្ទីរពេទ្យយូរថៃ្ងទៀត ទើបធូរស្រាល ព្រោះថារបួស នៅលើកញ្ជឹងក គាត់ធ្ងន់ធ្ងរ បើគេកាប់ចំកញ្ចឹងកវិញ ពិតជាស្លាប់បាត់ទៅហើយ។

ក្នុងករណីបង្ករបួសស្នាម ដោយចេតនាខាងលើនេះ លោកនាយគរបាល រដ្ឋបាលប៉ុស្តិ៍ទឹកហូត ឱ្យដឹងនៅព្រឹកថ្ងៃទី០២ សីហា ថា ករណីខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ មិនទាន់ដឹងពីមូលហេតុ ច្បាស់លាស់ ពីហេតុការណ៍ ដែលនាំឱ្យមានរឿង ខាងលើនេះនៅឡើយ ព្រោះក្រុមគ្រួសារ និងជនរងគ្រោះ កំពុងព្យាបាលរបួស ក្នុងមន្ទីរពេទ្យ មិនទាន់បានផ្តល់ ព័ត៌មាន ។

ប៉ុន្តែកាលពី៥ឆ្នាំមុន ជនរងគ្រោះ និងជនដៃដល់ ដែលមានផ្ទះជាប់របងគ្នា ធ្លាប់មានទំនាស់ ជេរប្រមាថគ្នា ក្នុងពេលស៊ីផឹក ដៀមដាមគ្នា រឿងអ្នកមានអ្នកក្រ ហើយបានប្តឹងគ្នា ឡើងមកប៉ុស្តិ៍នគរបាល ដោះស្រាយគ្នាម្តងរួចមក ដោយសាររឿងព្រំដីជាប់គ្នា ។ ពេលនេះសមត្ថកិច្ច កំពុងស្ទុះស្ទារស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជន ដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ៕

ជនរងគ្រោះគ្រូពេទ្យ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]