ខេត្តកំពង់ធំ ៖ លោកវរសេនីយ៏ត្រី ញ៉ែម ឈុនលី អធិការនគរបាល ក្រុងស្ទឹងសែន បានឲ្យដឹងថា ដោយទទួលបទបញ្ជា ពីលោកឧត្តមសេនីយ៏ត្រី ជូ សំអាន ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៏ឯក កែ ខាន់ណារ៉ា ស្នងការរង ទទួលបន្ទុកព្រហ្មទណ្ឌ កម្លាំងនៃអធិការដ្ឋា នគរបាលក្រុងស្ទឹងសែន បានឃាត់ខ្លួន ជនសង្ស័យ ដែលជាមុខសញ្ញាចោរលួច និងប្លន់ម៉ូតូប្រជាពលរដ្ឋម្នាក់ កាលពីរសៀលថ្ងៃទី០១ សីហា នៅចំណុចមុខសណ្ឋាគារ សំបូរព្រៃគុប ជិតគល់ស្ពានកំពង់ធំ និងដកហូតបាន កាំភ្លើងខ្លី១ដើម ម៉ាកK54 ដែលមានគ្រាប់ ចំនួន៨គ្រាប់ និងបង់កាំភ្លើង១ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឱ្យដឹងថា ខ្លួនឈ្មោះ ព្រំ សំអុល ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិទឹកម្លាង ឃុំសណ្តាន់ ស្រុកសណ្តាន់ ធ្លាប់ជាប់គុក១ដង ពីបទលួចម៉ូតូប្រជាពលរដ្ឋ ។ លុះចេញពីគុកមកវិញ នៅចុងខែមិថុនា ឆ្នាំ២០១៤ រូបខ្លួនក៏បានលួចយក កាំភ្លើងខ្លីម៉ាក K54 ខាងលើនេះ ពីឈ្មោះ វុធ ជាអ្នករកស៊ី នៅខេត្តកំពង់ចាម ក្រោយមករូបគេ ក៏បានយកកាំភ្លើងខ្លី ដែលលួចបាននោះ ទៅធ្វើសកម្មភាព ភ្ជង់ប្លន់យកម៉ូតូ ម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ពីបុរសមិនស្គាល់ឈ្មោះម្នាក់ នៅចំណុចភូមិបឹង តំបន់ក្បាលជ្រូក ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ យកមកជិះមិនទាន់បានប៉ុន្មានថ្ងៃផង ម៉ូតូនោះក៏ត្រូវគេ លួចបន្តទៀតបាត់ទៅ ។

មុនពេលឃាត់ខ្លួន រូបគេបានមករង់ចាំជិះរថយន្ត នៅចំណុចគល់ស្ពាន កំពង់ធំ ក្នុងគោលបំណង ធ្វើដំណើរទៅកាន់ តំបន់៩៩ ក្នុងភូមិសាស្ត្រ ស្រុកសណ្តាន់វិញ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។

លោកវរសេនីយ៏ឯក កែ ខាន់ណារ៉ា ស្នងការងទទួលបន្ទុក ព្រហ្មទណ្ឌ បានឲ្យដឹងដែរថា បន្ទាប់ពីបានទទួលពាក្យបណ្តឹង ពីខាងជនរងគ្រោះ លោកឧត្តមសេនីយ៏ត្រី ជូ សំអាន ស្នងការនគរបាល ខេត្តកំពង់ធំ បានដាក់បទបញ្ជា ឲ្យតាមដានស្រាវជ្រាវ រកមុខសញ្ញា ចាប់ជនសង្ស័យ យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ឲ្យខាងតែបាន រហូតមកដល់ ថ្ងៃទី០២ ខែសីហា ឆ្នាំ ២០១៤ ជនសង្ស័យឈ្មោះ ព្រំ សំអុល ត្រូវសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕

ជនសង្ស័យចោរលួចសមត្ថកិច្ចឃាត់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]