ព្រះសីហនុ ៖ អស់រយៈពេល ២ ទៅ៣ថ្ងៃកន្លងទៅនេះ គេសង្កេតឃើញថា មានភ្លៀងធ្លាក់ជាប់ៗគ្នា ទាំងយប់ទាំងថ្ងៃ នៅតាមតំបន់មួយចំនួន តាមបណ្ដោយផ្លូវជាតិលេខ ៤ ជាពិសេស នៅក្នុងភូមិសាស្រ្ត ខេត្តព្រះសីហនុ ដែលបានធ្វើឲ្យទឹកឡើង ហូរកាត់តាមកំណាត់ផ្លូវមួយចំនួន នៅតាមផ្លូវជាតិលេខ ៤។

បើយោងតាមអ្នកតំណាងក្រុមហ៊ុន អេហ្សិត អ៊ិនវេសមេន បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ទឹកភ្លៀងបានធ្វើឲ្យមានការជន់លិចហូរ មកលើតួផ្លូវជាតិលេខ៤ ត្រង់ភូមិសាស្រ្ត ស្ពាន ស្ទឹងឆាយត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៣ មានកម្ពស់ ០.២ ម៉ែត្រ ប្រវែង១៥០ ម៉ែត្រ ហើយបានស្រក ទៅវិញអស់ នាពេលរសៀលថ្ងៃដដែល និងនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ត្រង់ភូមិសាស្រ្ត ស្ពានអូរគរគីត្រង់ចន្លោះគីឡូម៉ែត្រលេខ ១០៦-១០៧ ទឹកបានឡើងលិចហូរកាត់ផ្លូវកម្ពស់ ០.២ ម៉ែត្រ និងប្រវែងប្រមាណ ៤០ម៉ែត្រ កាលពីម៉ោង ៥ និង៣០ ពេលព្រឹក និងស្រកអស់វិញនៅម៉ោង ៧ និង៣០នាទីព្រឹកដដែល ។ រីឯនៅភូមិសាស្រ្តស្ពានស្ទឹងសំរោង ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ មានកម្ពស់ ទឹក០.២៥ ម៉ែត្រ និងប្រវែង ៧០ម៉ែត្រហើយមកដល់វេលាម៉ោង ៥ រសៀលនេះ ទឹកបាន ស្រកនៅសល់កម្ពស់ ០.១ ម៉ែត្រ និងប្រវែង ៣០ ម៉ែត្រ។ សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ រថយន្តគ្រប់ប្រភេទ អាចធ្វើចរាចរណ៍លើដងផ្លូវជាតិលេខ ៤ បានជាធម្មតា ។

ក្រុមហ៊ុន អេហ្សិត អ៊ិនវេសមេន សូមជម្រាបជូនដំណឹងដល់ម្ចាស់យានយន្ត គ្រប់ប្រភេទ ជាពិសេស ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៤ មេត្តាជ្រាបជាដំណឹង និងសូមធ្វើ ដំណើរដោយប្រុងប្រយ័ត្ន នៅតាមតំបន់មានទឹកជន់លិច ។ ហើយក្រុមហ៊ុន អេហ្សិត អ៊ិនវេសមេន នឹង បន្តជូនព័ត៌មានបន្ថែមទៀត នៅស្ថានភាពទឹក នៅតាមតំបន់នានា តាមបណ្ដោយផ្លូវជាតិលេខ ៤៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]