តៃវ៉ាន់៖ យ៉ាងហោចណាស់ មនុស្ស២៤នាក់ បានស្លាប់ បាត់បង់ជីវិត និង២៧០នាក់ ផ្សេងទៀតបាន រងរបួសដោយ សារតែការផ្ទុះ ឧស្ម័នក្រោមដី នៅក្នុងការរដ្ឋាន សំណង់មួយ ស្ថិតក្នុងទីក្រុង Kaohsiung ដែលជាទីក្រុងធំទី២ នៅកោះតៃវ៉ាន់ កាលពីយប់ រំលងអាធ្រាត្រ ថ្ងៃព្រហស្បតិ៍ បន្តដល់ថ្ងៃសុក្រទៀបភ្លឺ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមអ្នកសង្គ្រោះ ប្រមាណជាង ៣០០នាក់ ត្រូវបានគេបញ្ជូន ទៅកាន់កន្លែងកើតហេតុ ដើម្បីទៅជួយ ជនរងគ្រោះ ដែលជាប់នៅក្រោម ផ្ទាំងថ្មដែល បានផ្ទុះឡើង នៅក្នុងហេតុការណ៍ ផ្ទុះឧស្ម័នរបស់ ការរដ្ឋានសំណង់ មួយកន្លែង ស្ថិតនៅក្បែរផ្លូវ Kaixuan និងផ្លូវ Ersheng ស្រុក Qianzhen។ តាមសម្តីរបស់អ្នកស្រុក ដែលបានឃើញ ហេតុការណ៍នេះ បានឲ្យដឹងថា វាដូចជាការរញ្ជួយដី ខ្នាតតូចមួយ ដូច្នោះដែរ ដែលការផ្ទុះនេះ គឺមានកម្ទេចធូលី ហុយឡើងកម្ពស់ រាប់សិបម៉ែត្រ និងបានកាត់ផ្តាច់ ចរន្តអគ្គិសនី នៅក្នុងតំបន់នោះ ទាំងអស់តែម្តង។

ជាមួយគ្នានេះដែរ ក៏មានការផ្ទុះ ដែលមានភ្លើងដល់ ទៅ៥ដងឯណោះ បានកើតឡើង ក្នុងហេតុការណ៍ ផ្ទុះឧស្ម័ននៅតំបន់ ដែលមានប្រជាជន ណែនណាន់ តាន់តាប់នេះ។ ផ្លូវជាច្រើនខ្សែ បានផ្ទុះរបើកឡើង ដែលបានបន្សល់ទុក ជាប្រឡាយ យ៉ាងជ្រៅ និង វែង ហើយរថយន្ត ដែលបានធ្វើដំណើរ តាមផ្លូវទាំងនេះ ត្រូវបានក្រឡាប់។ ចំណែកឯមនុស្ស ក៏ត្រូវបានផ្ទាំងថ្មទាំងនោះ គ្របពីលើផងដែរ។ ហើយនេះគឺជា ការផ្ទុះឧស្ម័នក្រោមដី ដ៏ធ្ងន់ធ្ងរបំផុត នៅតំបន់នេះ ក្នុងរយៈពេល ១៨ឆ្នាំមកនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកពន្លត់អគ្គីភ័យ ត្រូវបានគេហៅទៅ កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ និងស៊ើបអង្កេត មូលហេតុនៃការ លេចធ្លាយឧស្ម័ននេះ នៅមុនពេលផ្ទុះ ជាច្រើនម៉ោងដែរ ប៉ុន្តែនៅតែ មិនអាចទប់ស្កាត់ គ្រោះថ្នាក់នេះបាន ហើយអ្នកពន្លត់ អគ្គីភ័យ៤នាក់ ក៏បានស្លាប់ នៅក្នុងហេតុការណ៍ ផ្ទុះឧស្ម័ននេះផងដែរ។ ខ្សែបំពុងឧស្ម័ន ដែលផ្ទុះនេះ គឺជារបស់ រដ្ឋាភិបាល ដែលគ្រប់គ្រងដោយ CPC Corp., ហើយនៅមុនពេលផ្ទុះ វាមិនបានបង្ហាញ សញ្ញាអាសន្ននោះទេ រហូតដល់ពេល បំពង់ឧស្ម័ននោះ លេចធ្លាយទើបគេបានដឹង ហើយមន្ត្រី CPC Corp., បានបដិសេធ មិនផ្តល់ព័ត៌មាន ជុំវិញរឿងនេះឡើយ។

យ៉ាងណាមិញ លោក Chang Jia-juch ជានាយកនៃ មជ្ឈមណ្ឌលប្រតិបត្តិការ សង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ បានឲ្យដឹងថា ឧស្ម័ន ដែលលេចចេញ មកនោះគឺជា ប្រភេទឧស្ម័នប្រូប៉ែន ដែលឧស្ម័ននេះ មិនមែនសម្រាប់ ប្រើប្រាស់ជា សាធារណៈនោះទេ ហើយវាបានផ្ទុះ នៅតាមបណ្តោយផ្លូវ ដែលមានប្រវែង ២ទៅ៣គីឡូម៉ែត្រ ឯណោះ៕















ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]