រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ បានឃាត់ខ្លួន សន្តិសុខឯកជន២នាក់ កាលពីថ្ងៃទី៣០ កក្កដា ដោយជាប់ពាក់ព័ន្ធ ករណីចាប់បង្ខាំង និងបង្ខំរួមភេទ ជាមួយក្មេងស្រី អាយុ១១ឆ្នាំ ។

សន្តិសុខឯកជនទាំង២នាក់ ដែលឃាត់ខ្លួននេះ ម្នាក់ឈ្មោះ នង វិចិត្រ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ៤E4Z ផ្លូវលេខ២១៧ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ យាមនៅហាងលក់ស្រោមទូរស័ព្ទ ហេឡូហ្វ័រយូ និងម្នាក់ទៀតឈ្មោះ ឆយ ប៊ុនធឿន ហៅចូច ភេទប្រុស អាយុ៣៦ឆ្នាំ យាមនៅហាងលក់ស្រោមទូរស័ព្ទដៃជាមួយគ្នា ។

ទាក់ទិននឹងការឃាត់ខ្លួន សន្តិសុខឯកជន ទាំង២នាក់ ខាងលើនេះ ត្រូវបានសមត្ថកិច្ចនគរបាល ឱ្យដឹងថា កាលពីថ្ងៃទី៣ កក្កដា កន្លងមក មានស្ត្រីម្នាក់ រស់នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បាននាំកូនស្រីអាយុ១១ឆ្នាំ ថាមកលេងកូន ធ្វើការរោងចក្រ នៅរាជធានីភ្នំពេញ និងស្នាក់នៅ ម្តុំស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ប៉ុន្តែម្តាយ និងកូនជិះរថយន្តតាក់ស៊ី មកដល់ចំណតរថយន្ត ផ្សារសូរិយា ស្រាប់តែត្រូវវង្វេងគ្នា ពេលនោះម្តាយរកកូនមិនឃើញ ក៏ជិះម៉ូតូឌុប ទៅផ្ទះកូន ដែលធ្វើការនៅ រោងចក្រ។

ចំណែកកូនស្រីអាយុ១១ឆ្នាំ ត្រូវបានសន្តិសុខឯកជន យាមកន្លែងលក់ស្រោមទូរស័ព្ទ ម្តុំផ្សារសូរិយាម៉ល (ឈ្មោះ នង វិចិត្រ) ប្រទះឃើញ ក៏នាំទៅផ្ទះរបស់ខ្លួន ទាំងយប់ ក្នុងគោលបំណង ជួយស្រាវជ្រាវរកឪពុកម្តាយ ។ សមត្ថកិច្ចបន្តថា ឈ្មោះ នង វិចិត្រ បានយកនាង ទៅលាក់ទុក ក្នុងបន្ទប់ឡៅតឿ ផ្ទះជាន់ទី៤ បាន១យប់ ក្មេងស្រីនោះ ក៏លូនចេញតាមប្រហោងបង្អួច ហើយសម្រូតចុះក្រោម រត់ចេញពីផ្ទះ របស់សន្តិសុខនោះ ។

ពេលរំដោះខ្លួនចេញ ពីក្រញាំបិសាចភ្លាម នាងបានរកម៉ូតូឌុប ឱ្យជូនទៅផ្សារទឹកថ្លា ជាផ្ទះរបស់បង ដែលពេលនោះ នាងនៅចំណាំបានខ្លះ ព្រោះធ្លាប់មកលេង ជាមួយម្តាយម្តងហើយ ។ ពេលបានជួបម្តាយហើយ ក្មេងស្រីអាយុ១១ឆ្នាំ បានរៀបរាប់ ដំណើររឿងដូចខាងលើ និងបានបញ្ជាក់បន្ថែមថា ពេញ១យប់ស្នាក់នៅ ផ្ទះពូសន្តិសុខនោះ គាត់បានដេកជាមួយនាង និងបានបៀតបៀនកេរ្តិ៍ខ្មាស ។ ដោយសារការទ្រាំទ្រ និងការយាយី ពីសំណាក់ពូសន្តិសុខនោះមិនបាន នាងក៏សម្រេចចិត្ត លូនតាមប្រឡោះបង្អួច ឡៅតឿរត់គេចខ្លួន ។

ពេលឮកូនស្រីរៀបរាប់ប្រាប់ដូច្នេះ ស្ត្រីជាម្តាយ ក៏ដឹកដៃកូន នាំទៅប្តឹងអង្គការ ក្រៅរដ្ឋាភិបាលមួយ ឱ្យជួយវែកមុខជនកំហូចនោះ ។ ក្រោយពីពាក្យបណ្តឹង បានដាក់ជូនហើយ អង្គការនេះ បានយកសំណុំរឿង ទៅសហការជាមួយ សមត្ថកិច្ចនគរបាល ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ ភ្លាមៗដែរ ។

បន្ទាប់មកការិយាល័យជំនាញមួយនេះ បានធ្វើរបាយការណ៍ ជូនទៅស្ថាប័នអយ្យការ សុំបើកការសើុបអង្កេតបឋម ដើម្បីស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យ តាមពាក្យបណ្តឹង ។

មកដល់ថ្ងៃទី៣០ កក្កដា សមត្ថកិច្ចបានទៅនាំខ្លួន សន្តិសុខ២នាក់នោះ មកសាកសួរ ហើយលទ្ធផល គឺពួកគេសារភាពថា ពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់ របស់ក្មេងស្រីអាយុ១១ឆ្នាំ នោះមែន ដែលនេះគឺជាចម្លើយរបស់ឈ្មោះ នង វិចិត្រ ។ ដោយឡែកឈ្មោះ ឆយ ប៊ុនធឿន បានបដិសេធ តែបាននិយាយថា បានដឹងរឿងនេះដែរ ។ បន្ទាប់ពីមានចម្លើយគ្រប់គ្រាន់ សមត្ថកិច្ចបាននាំក្មេងស្រី ទៅឱ្យធ្វើត្រាប់ ពេលនាងលូនចេញតាម បង្អួចដើម្បីបញ្ជាក់ពីការពិត ក្នុងការដាក់បន្ទុកលើជនសង្ស័យ ។

សន្តិសុខ២នាក់នោះ រងនូវបណ្តឹងចោទប្រកាន់ ៣ចំណុច គឺ ១-បង្ខាំង ២-រួមភេទជាមួយអនីតិជន ក្រោមអាយុ១៥ឆ្នាំ និង ៣-នាំអនីតិជន ចេញដោយមិនស្របច្បាប់ និងបានបញ្ជូន ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ តាមនីតិវិធី ៕

សន្តិសុខឯកជន២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន

ក្មេងស្រីរងគ្រោះ បង្ហាញកន្លែងដែលនាងលូនរត់ចេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]