ខេត្ដព្រះសីហនុ ៖ បុរសជាឪពុកអាយុ៨០ឆ្នាំ បានត្រូវកូនប្រុសបង្កើត ដែលមានសតិមិនប្រក្រតី វាយនឹងដំបងឈើជ្រុង ស្លាប់ភ្លាមៗ ចំណែកម្ដាយ អាយុ៧០ឆ្នាំ រងរបួសធ្ងន់ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៣០ កក្កដា នៅក្រុម៨ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ។

បុរសជាឪពុក ដែលត្រូវស្លាប់ ក្រោមកណ្ដាប់ដៃកូនប្រុស របស់ខ្លួនឈ្មោះ ណុប បុល ចំណែកកូនប្រុសដៃដល់ ឈ្មោះ ណុប ចំរើន អាយុ៣៤ឆ្នាំ មិនមានមុខរបរពិតប្រាកដ ម្ដងហៅម៉ូយឡើងរថយន្ដ ម្ដងស៊ីឈ្នួលគេ បានប្រើដំបង៤ជ្រុង ប្រវែងជិត១,៥០ម៉ែត្រ វាយឪពុកចំក និងក្បាល បណ្ដាលឱ្យស្លាប់នៅលើផ្ទះ ចំណែកម្ដាយ ត្រូវបានវាយឱ្យរបួសធ្ងន់ មុនពេលកូនប្រុសរូបនេះ សម្លាប់ឪពុក ។

តាមស្ដ្រីជាម្ដាយ បានប្រាប់កោះសន្ដិភាព ទាំងហើមមុខពោរថា សព្វថ្ងៃគាត់មានកូន២នាក់ នៅជាមួយ គឺកូនប្រុសជាជនដៃដល់ គ្មានប្រពន្ធទេ និងកូនស្រី មានគ្រួសារហើយ ។ កូនប្រុសនេះ ជាកូនត្រឹមត្រូវណាស់ ដើររកស៊ីយកលុយ មកចិញ្ចឹមពួកគាត់ មើលថែពួកគាត់ ច្របាច់ដៃជើង ឱ្យគាត់ស្ទើររាល់យប់ ។

នៅមុនពេលកើតេហតុ កូនប្រុសបានដេកជាមួយឪពុក ខាងក្រោមផ្ទះ តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែឡើងទៅលើផ្ទះ ហើយវាយគាត់ យ៉ាងដំណំ រួចគាត់ក៏ចុះមកក្រោមផ្ទះ ។ ក្រោយមក ឪពុកក៏ឡើងទៅលើផ្ទះ លុះបានមួយសន្ទុះ ក៏ឮសូរចៅស្រែកយំ គាត់ក៏ឡើងទៅមើល ឃើញឪពុកស្លាប់ ដោយសារត្រូវកូនប្រុស វាយនឹងដំបងឈើជ្រុង ប៉ុន្ដែកូនប្រុសគាត់ ក៏មិនទៅណាដែរ ហើយមួយសន្ទុះក្រោយមក ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

ចំពោះបញ្ហានេះ ស្ដ្រីជាម្ដាយ បានឱ្យដឹងបន្ថែមថា កូនគាត់មិនដែលមានការថ្នាំងថ្នាក់ ជាមួយគាត់ជាម្ដាយ ឬឪពុកទេ តែបញ្ហានេះ អាចបណ្ដាលមកពី ជំងឺសរសៃប្រសាទរើឡើងវិញ ព្រោះកន្លងមក មានពេលខ្លះ៤-៥ថ្ងៃ រោគសរសៃប្រសាទ រើឡើងធ្វើទុក្ខ យ៉ាងខ្លាំង ។

ទោះបីជាបែបណា ជននេះត្រូវបានបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីចាត់ការតាមនីតិវិធី ពីបទមនុស្សឃាតដោយចេតនា ៕

កូនប្រុសមានសតិមិនប្រក្រតី វាយសម្លាប់ឪពុកអាយុ80ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]