អាមេរិក៖ ម្តាយ និងកូនប្រុស ដែលកើតមកសុទ្ធតែគ្មានដៃ ត្រូវប្រើប្រាស់ជើង ទាំង២របស់ពួកគេ ក្នុងការរស់នៅ ប្រចាំថ្ងៃ ដូចជាដុះធ្មេញ ញ៉ាំបាយ ស្លៀកពាក់ និងជាពិសេស គឺរឿងការងារផ្ទះ ដែលជា រឿងមួយ ពិបាកមែនទែន ប៉ុន្តែពួកគេ មិនដែលបោះបង់ ឬក៏អស់សង្ឃឹមនោះទេ ហើយនៅតែប្រើជីវិត រស់នៅដូចអ្នកដទៃ ទៀតដែរ។

លោកស្រី Linda Bannon អាយុ៣៥ឆ្នាំ ដែលកើតមក គ្មានដៃទាំងសងខាង គឺបណ្តាលមកពី ជំងឺដំណរពូជ ដ៏កម្រមួយ ដែលធ្វើឲ្យប៉ះពាល់ ដល់ការលូតលាស់ របស់ឆ្អឹងតាំង ពីនៅក្នុងផ្ទៃមកម៉្លេះ។ លោកស្រី Linda បានធំដឹងក្តី នៅក្នុងរដ្ឋ Chicago ជាមួយនឹង ឪពុកម្តាយ និងប្អូនៗ៤នាក់ទៀត ហើយឪពុកម្តាយរបស់គាត់ មិនបានដឹងខ្លួន ថាកូនរបស់គាត់ អាចនឹងកើតមាន ជំងឺដ៏កម្រនេះទេ រហូតដល់លោកស្រី Linda បានកើតមក ទើបពួកគាត់ដឹង។ ប៉ុន្តែលោកស្រី Linda មិនបានអស់សង្ឃឹម និងបណ្តោយឲ្យ ភាពពិការធ្វើឲ្យ ជីវិតរស់នៅ របស់គាត់ខុស ប្រក្រតីនោះទេ គឺគាត់បានប្រើប្រាស់ នូវជើងទាំងគូ ដើម្បីជំនួសឲ្យដៃ ក្នុងការធ្វើការងារ ប្រចាំថ្ងៃ។

ជាមួយគ្នានេះដែរ លោកស្រី Linda មានកូនប្រុសម្នាក់ឈ្មោះ Timmy អាយុ៩ឆ្នាំ ដែលកើតមកមាន ស្ថានភាពជំងឺដូចគ្នា នឹងលោកស្រីដែរ ប៉ុន្តែក្មេងប្រុសនេះ មិនបានធ្វើឲ្យ ភាពពិការនេះ ប៉ះពាល់ដល់ជីវិត របស់គេនោះទេ។ Timmy អាចធ្វើអ្វីៗ ដូចដែលក្មេងប្រុស វ័យដូចគេ ធ្វើដូចជា ហែលទឹក តៃក្វាន់ដូ និងលេងហ្គេម ជាធម្មតា ដោយប្រើប្រាស់ ម្រាមជើងដើម្បីបញ្ជារ ឧបករណ៍ហ្គេមទាំងនោះ។ លោកស្រី Linda បាននិយាយថា “Timmy បានខកចិត្ត នឹងអ្វីដែលគេមិនអាច ធ្វើបានព្រោះតែ វាលឿនពេកសម្រាប់គេ ប៉ុន្តែគេគឺជា ក្មេងប្រុស ដែលមានគំនិត សុទិដ្ឋិនិយមបំផុត គេមិនបោះបង់ ឬក៏បាក់ទឹកចិត្តនោះទេ ខ្ញុំពិតជាមាន មោទនភាព ចំពោះគេណាស់”។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីរៀនចប់ លោកស្រី Linda បានក្លាយទៅជា គ្រូបង្រៀននៅបឋមសិក្សា ហើយបានជួបជាមួយ នឹងលោក Richard ដែលជាប្តីរបស់គាត់ កាលពីគាត់អាយុ២៤ឆ្នាំ នៅឯកន្លែងហាត់ប្រាណ ដោយលោក Richard មិនបានប្រកាន់ នឹងភាពពិការ របស់គាត់នោះទេ បន្ទាប់មកពួកគេទាំង២ ក៏បានរៀបការជាមួយគ្នា នៅក្នុងឆ្នាំ២០០៤។

យ៉ាងណាមិញ នៅពេលដែលលោកស្រី Linda មានផ្ទៃពោះ គ្រូពេទ្យក៏បាន ប្រាប់ដែរថា កូនរបស់ពួកគេ គឺអាចមានឱកាស ដល់ទៅ៥០% ក្នុងការឆ្លងនូវ ជំងឺដំណរពូជ ដ៏កម្រមួយនេះ ប៉ុន្តែពួកគេ នៅតែចង់ បង្កើតកូននេះ ព្រោះតែពួកគេចង់បាន នូវគ្រួសារមួយ ដែលពេញលេញ៕







រូបរបស់ Timmy ពេលទើបនឹងកើត

រូបរបស់លោកស្រី Linda កាលនៅពីក្មេង

រូបថតរៀបការរបស់ លោកស្រី Linda និងស្វាមី លោក Richard

ប្រភព៖ ដេលីមេល

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]