ប្រេស៊ីល៖ សត្វខ្លាដំបង មួយក្បាល បានចាប់ហែក ដៃក្មេងប្រុស អាយុ ១១ឆ្នាំ ម្នាក់ ជាចំណែកៗ ក្រោយពេលដែល ក្មេងប្រុសនេះ បានតោងចូលទៅជិតទ្រុងខ្លា ក្នុងទីតាំងដែលគេហាមឃាត់ និង បានលូកដៃចូលទៅ អង្អែល សត្វខ្លានោះ។

ក្មេងប្រុសរងគ្រោះ ជាមួយ ឪពុក និង ប្អូនប្រុស អាយុ ៣ឆ្នាំ ម្នាក់ទៀត របស់គេ បានចូលមក ទស្សនាកំសាន្ត នៅក្នុងសួនសត្វកើតហេតុ ខណៈសាក្សី នៅទីនោះដែរ បានឃើញ និង ប្រាប់ប្រភពព័ត៌មានថា ក្មេងប្រុសនោះ បានឲ្យចំណី និង សាច់ ដល់សត្វខ្លាស៊ី និង ឆ្លៀតពេលនោះ បានអង្អែលវា ទើបជាហេតុនាំឲ្យ កើតមានការវាយប្រហារ យ៉ាងរន្ធត់ដូចនេះ។

ក្នុងនោះដែរ មានសាក្សីជាច្រើន បានប្រាប់ឲ្យដឹងថា ក្មេងប្រុសនេះ បានព្យាយាម លូកដៃចូលក្នុងទ្រុង បោះសាច់ឲ្យសត្វខ្លា។ ហើយក្រោយពេល សត្វខ្លា ចាប់សង្គ្រប់ដៃបាន ខាំហែកយ៉ាងញីញក់ រួច ពួកគេលឺសម្រែក របស់ក្មេងប្រុសរងគ្រោះ យំ និង និយាយថា៖ “ខ្ញុំជិតស្លាប់ហើយមើលទៅ ខ្ញុំកម្រើកដៃអត់រួចទេ ស្ពឹកអស់ហើយ”។

ចំណែកបុរសជាឪពុក ដែលបានធ្វេសប្រហែស បណ្តែតបណ្តោយ កូនខ្លួនឯង ឲ្យចំណីខ្លានោះ កាលបានលឺសម្រែកកូន និង ដឹងថាមានរឿងអ្វីកើតឡើង ហើយនោះ បានទូរស័ព្ទហៅរថយន្តសង្គ្រោះ បន្ទាន់ភ្លាមៗ។ ក្មេងប្រុសរងគ្រោះ ត្រូវបានបញ្ជូនទៅ សង្គ្រោះជីវិត និង កំពុងស្ថិតក្រោមការ យកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ ដើម្បីជួយសង្គ្រោះ ក្មេងប្រុសនេះ ផងដែរ។ ចំពោះមុខរបួស របស់ក្មេងប្រុសរងគ្រោះ មានសភាពធ្ងន់ធ្ងរ ខ្លាំងណាស់ ខណៈសាច់ដៃម្ខាង បានដាច់រហែក ខ្ទេចខ្ទី យ៉ាងសាហាវបំផុត។

សូមមាតាបិតាគ្រប់រូប មេត្តាប្រុងប្រយ័ត្ន ចំពោះកូនៗរបស់ខ្លួន នៅពេលទៅកំសាន្ត នៅសួនសត្វ ដើម្បីជៀសវាង កើតមានគ្រោះថ្នាក់ ដូចជា ក្នុងករណីនេះ៕


ប្រភព៖ Dailymail | វីដេអូ៖ Liveleak

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]