ភ្នំពេញ៖ សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃព្រឹកថ្ងៃ  ទី ៣១ ខែ កក្កដា ២០១៤នេះ បានប្រកាសសាល ក្រមផ្តន្ទាទោស បុរសទេសចរ បរទេសជាប់ចោទ ចំនួន២ នាក់ ក្នុងនោះរួមមាន ជនជាតិហូឡង់ម្នាក់ និងជនជាតិ អាមេរិកកាំងម្នាក់ ដាក់ទោសពួកគេម្នាក់ៗ រយៈពេល១ឆ្នាំ និង បង្គាប់ឲ្យរួមគ្នា សងប្រាក់ ១៩៦៣ ដុល្លារអាមេរិក ទៅភាគីដើមចោទ ពីបទ"លួច" ជាប់ពាក់ព័ន្ធនឹងការ លួចបារីចំនួន ១៧០សុង ពីផ្សារទំនើបផារ៉ាហ្គន  ដែលមានទីតាំង ស្ថិតនៅក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីកំឡុង ខែ កុម្ភៈនិង មិនា ឆ្នាំ ២០១៤។

 លោកគឹម រ័ត្នណារិន ចៅក្រម នៃ សាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ បរទេសទាំង២នាក់ ខាងលើនេះ មានឈ្មោះ ទី១-ឈ្មោះ BECKER JOHAN  ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិហូឡង់ ជាភ្ញៀវទេសចរ ស្នាក់នៅផ្ទះលេខ២២៣E2 ផ្លូវលេខ១៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ និង ទី២-ឈ្មោះ JEFFREY ALAN ADAMS ហៅ JEFF ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិអាមេរិកកាំង ជាភ្ញៀវទេសចរ និង មានទីកន្លែងស្នាក់នៅ មិនពិតប្រកដ។ ពួកគេទាំង២នាក់ ត្រូវបានចោទប្រកាន់ពីបទ"លួច" និងត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់ កាលពីថ្ងៃ ទី ៧ ខែ មីនា ២០១៤  តាមពាក្យបណ្តឹង របស់ឈ្មោះ សៀ ចិន្ដា ភេទប្រុស អាយុ៤១ឆ្នាំ ជាបុគ្គលិកផ្សារផារ៉ាហ្គន (ជាជនរងគ្រោះ) ស្នាក់នៅផ្ទះលេខ១២E ផ្លូវលេខ២១៤ ភូមិ១០ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

យោងតាមពាក្យ បណ្តឹងរបស់ជនរងគ្រោះ បានប្តឹងសមត្ថកិច្ច នគរបាលថា៖ បុរសបរទេសត្រូវ ចោទទាំង២នាក់នេះ បានលួច បារីចំនួន ១៧០សុង  ក្នុងនោះរួមមាន៖ បារី៥៥៥ចំនួន ៤៩សុង, ម៉ាយសេវេ់ន ៦៥សុង, ម៉ាបូរ៉ូ៤១សុង, ដាវីដូស១២ សុង, អង្គរ២សុង, និង បារីកូរ៉េ១សុង ពីហាងរបស់គាត់ នៅផ្សារទំនើបផារ៉ាហ្គន  កាលចន្លោះ ថ្ងៃ ទី ២០ កុម្ភៈ ២០១៤ និង ថ្ងៃ ទី ២ ខែ មីនា ២០១៤។ នៅក្នុង សំណុំរឿងនេះ ភាគី ដើមបណ្តឹង ទាមទារថ្លៃខូចខាត ចំនួន ១៩៦៣ ដុល្លារអាមេរិក និង ថ្លៃជម្ងឺចិត្ត ៣០០០ ដុល្លារអាមេរិក៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]